ជាតិ
ពលរដ្ឋ១២គ្រួសារនៅខេត្តកំពង់ធំ ទទួលបានក្របីមេចំនួន២៥ក្បាល ពីគម្រោងធនាគារក្របី
05, Mar 2022 , 9:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានប្រគល់ក្របីមេជំហានទី២ ចំនួន២៥ក្បាល ដល់សហគមន៍ចំនួន១២គ្រួសារ ក្នុងភូមិចំនួន៣ ពីគម្រោងធនាគារក្របី ក្រោមការសម្របសម្រួលដោយអង្គការ WCS។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា គម្រោងធនាគារក្របី បង្កើតក្នុងបំណងរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍ នៅតាមតំបន់ការពារធម្មជាតិឱ្យមានភាពប្រសើរ។


 
គម្រោងធនាគារក្របីនេះ គ្រប់គ្រងដោយនាយកដ្ឋានអភរិក្សដីសើមទឹកសាប នៃក្រសួងបរិស្ថាន និងគាំទ្របច្ចេកទេស និងអនុវត្តដោយក្រុមការងារទីវាលរបស់អង្គការ WCS ក្រោមការគាំទ្ររបស់គម្រោង«ស្តារមុខងារស្ថានប្រព័ន្ធធម្មជាតិឡើងវិញ» (CEPF-Buffalo)។ អង្គការ WCS បានឱ្យដឹងថា ការផ្តល់ពូជមេក្របីទាំងអស់នេះជាការផ្តួចផ្តើម និងគាំទ្រថវិកាដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន។ 
 
កម្មវិធីប្រគល់ក្របីមេ ដល់ប្រជាសហគមន៍តាមមូលដ្ឋាននេះ ធ្វើឡើងចំនួនពីរលើក ដោយលើកទី១ ធ្វើឡើងនៅដើមឆ្នាំ២០២១ មានមេក្របីចំនួន២៥ ត្រូវបានផ្ដល់ដល់សមាជិកសហគមន៍ចំនួន១៣គ្រួសារ។  ចំណែកឯលើកទី២ ក៏មានមេក្របីចំនួន២៥ក្បាលដែរ សម្រាប់សមាជិកគ្រួសារចំនួន១២ ក្នុងភូមិកំពង់វាំង ភូមិព្រៃខ្លា និងភូមិឈូក ស្ថិតក្នុងភូមិឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។


រូបភាព ដោយអង្គការ WCS
 
«សម្រាប់គម្រោងនេះ គ្រួសារនីមួយៗទទួលបានក្របីចំនួន២ និងមានភ្ជាប់ជាមួយកិច្ចសន្យាត្រូវទទួលចិញ្ចឹមរយៈពេល១០ឆ្នាំ មុនពេលបង្វែរទៅឱ្យគ្រួសារផ្សេងទៀត ចិញ្ចឹមបន្ដ»។ នេះជាការបញ្ជាក់របស់អង្គការWCS។ 
 
អង្គការនេះ បានបង្ហាញថា សត្វក្របី បានកំពុងដើតួនាទីយ៉ាងសំខាន់ជំនួសសត្វចតុប្បាទព្រៃដែលបានបាត់វត្តមានពីព្រៃធម្មជាតិ ដូចជា ដំរី ខ្ទីង ក្របីព្រៃជាដើម។ ដោយវត្តមានសត្វក្របី នាពេលបច្ចុប្បន្នតួនាទីរបស់វា កំពុងរក្សា និងស្តារមុខងាស្ថានប្រព័ន្ធនៅតាមទីជម្រកក្នុងតំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាទីជម្រកសមស្រប រក្សាប្រភពទឹក និងប្រភពចំណីអាហារសម្រាប់ប្រភេទសត្វជិតផុតពូជបំផុតមួយចំនួន។ 
 
«ក្របីធ្វើសកម្មភាពដេកននៀល ជញ្ជ្រំ និងការស៊ីស្រៅតាមថ្លុកឬត្រពាំង ជាផ្នែកមួយជួយរក្សាចំណី សម្រាប់សត្វផ្សេងទៀត ដូចជាត្រយងយក្ស ត្រយងចង្កំកស សត្វខ្សឹប និងប្រភេទសត្វព្រៃសំខាន់ៗផ្សេងទៀត ដែលរស់នៅតាមព្រៃធម្មជាតិ»។ នេះជាការបញ្ជាក់ពីសារៈសំខាន់ ដែលកើតចេញពីគម្រោងធនាគារក្របី៕  
 

Tag:
 ក្រសួងបរិស្ថាន
  សហគមន៍
  ក្របី
  អង្គការWCS
© រក្សាសិទ្ធិដោយ thmeythmey.com