ជាតិ
សង្គមជាតិ
អ្នកជំនាញថា ធនធានជលផលបឹងទន្លេសាបមិនទាន់ដល់ចំណុចអាសន្នទេ
06, Mar 2022 , 12:59 pm        
រូបភាព
សៀមរាប៖ ការថមថយនៃធនធានត្រីនៅក្នុងបឹងទន្លេសាប បង្កជាក្ដីបារម្ភជាខ្លាំងសម្រាប់ប្រជានេសាទ ដែលកំពុងពឹងអាស្រ័យលើបឹងដ៏ធំមួយនេះ។ យ៉ាងណា អ្នកជំនាញមើលឃើញថា ការបាត់បង់ធនធានត្រីទាំងនោះ មិនទាន់ដល់ចំណុចអាសន្នទេ ហើយធនធានជលផលទាំងនោះ នៅអាចស្ដារ ឬអភិរក្សឡើងវិញ។

 
ជីវវិទូមច្ឆជាតិ និងអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ លោកបណ្ឌិត ហ្សេប ហូហ្គេន បានឱ្យដឹងថា ទោះបីផលត្រីបឹងទន្លេសាបមានការថយចុះក៏ដោយ តែនៅមិនទាន់ដល់អាក្រក់ទេ។ ចំណុចអាក្រក់ដែលអ្នកជំនាញត្រីរូបនេះចង់សំដៅ គឺមិនទាន់មានត្រីណា ដែលរងការផុតពូជពីបឹងទន្លេសាបនៅឡើយ។
 
បណ្ឌិតផ្នែកជីវវិទូមច្ឆជាតិរូបនេះ ពន្យល់ថា៖«នេះជាបញ្ហាប្រឈមដែលយើងកំពុងមាន ហើយការថយនេះ មកពីការបាត់បង់ព្រៃលិចទឹក ការនេសាទហួសកម្រិត ការសង់ទំនប់វារីអគ្គិសនី ដែលប៉ះពាល់លំហូរទឹក តែយើងក៏មានចំណុចល្អដែរ គឺក្នុងបឹងទន្លេសាបយើង មានតំបន់អភិរក្ស សហគមន៍នេសាទ មានមជ្ឈមណ្ឌលជីវចម្រុះដែលទទួលស្គាល់ដោយយូណេស្គូ តំបន់ដីសើម វាក្លាយជាប្រព័ន្ធសម្រាប់ការអភិរក្ស ហើយតំបន់ទាំងនេះ ជាតំបន់ដែលមានប្រព័ន្ធជីវចម្រុះធំជាងគេលើពិភពលោក។ ទោះបីថយចុះធនធានជលផល តែមកដល់ពេលនេះ មិនទាន់ [ត្រី] ដាច់ពូជនៅឡើយ វាកម្រ តែមិនទាន់ដាច់ពូជ យើងនៅតែមានឱកាសអភិរក្សឡើងវិញ»។
 


លោក ហ្សេប ហូហ្គេន ថ្លែងបែបនេះ ក្នុងពិធីលែងត្រីជិតផុតពូជ៣ប្រភេទ នៅតំបន់ចុងឃ្នៀស បឹងទន្លេសាប នាព្រឹកថ្ងៃទី៤ មីនា ដែលត្រូវទាំងនោះមានជាង១ពាន់ក្បាល រួមមានត្រីគល់រាំង ត្រីរាជ និងត្រីប្រាធំ។ លោកបន្ថែមថា ត្រីលែងនេះបានមកពីធម្មជាតិទាំងអស់ ដែលគម្រោងយកពីស្រះចិញ្ចឹមនៅក្នុងខេត្តព្រៃវែង។
 
គម្រោងលែងនេះ ក៏មានការបំពាក់ស្លាកសញ្ញាតាមដាន លើខ្លួនត្រីទាំងនោះផងដែរ។ លោក ហ្សេប ហូហ្គេន ពន្យល់ថា ការដាក់សញ្ញាទាំងនោះក្នុងបំណង សិក្សាស្រាវជ្រាវ ថាតើក្រោយពីលែងហើយ ត្រីទាំងនោះ នឹងចរាចរទៅទីណាខ្លះ វាត្រូវគេចាប់បានប៉ុន្មាន និងនៅសល់ប៉ុន្មាន។ល។
 
គម្រោងដែលជាកិច្ចសហការ រវាងរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ធ្លាប់បានលែងត្រីនៅទន្លេសាបម្ដងរួចហើយ កាលពីឆ្នាំ២០២០ នៅម្ដុំមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលកាលណោះ ក្រុមអ្នកស្រាវជ្រាវបានទទួលព័ត៌មានពីត្រីទាំងនោះ តាមសហគមន៍នេសាទវិញ បានប្រមាណ ៣០ភាគរយប៉ុណ្ណោះ។


 
លោក ពុំ សុថា ប្រតិភូទទួលបន្ទុករដ្ឋបាលជលផល បានអរគុណដល់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលជានិច្ចកាលតែងគាំទ្រ និងឧបត្ថម្ភ លើវិស័យជលផលកម្ពុជា។ មន្រ្តីរូបនេះ ក៏មើលឃើញពីភាពថមថយនៃធនធានត្រីក្នុងបឹងទន្លេសាបផងដែរ។ លោក ពុំ សុថាបញ្ជាក់ដូច្នេះ ៖«កន្លងមក ទឹកត្រឹមនេះ ជិះទូក ត្រីលោតចូលទូកហើយ តែពេលនេះគ្មានទេ។ ចឹងនេះជាការចាប់អារម្មណ៍របស់យើង ដែលជាមន្រ្តីជលផល ក៏ដូចជាខាងបរិស្ថាន ពាក់ព័ន្ធទាំងអស់ រួមគ្នាថែរក្សា»។ 
 
តាមការបញ្ជាក់ពីមេជលផល ការធ្លាក់ចុះធនធានត្រីបឹងទន្លេសាប ដោយសារការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកម្ពស់ទឹកទាប និងការប្រើប្រាស់ទឹកនៅទន្លេមេគង្គ មិនស្របជាដើម។
 
ការលែងត្រីនៅពេលនេះ លោក ពុំ សុថា មានសុទិដ្ឋិនិយមថា វានឹងជួយបង្កើនធនធានត្រី នៅក្នុងបឹងទន្លេសាបឡើងវិញ ពិសេសប្រភេទត្រីជិតផុតពូជមួយចំនួន ដូចជាត្រីរាជ និងត្រីគល់រាំងជាដើម។ យ៉ាងណាក៏ដោយ ប្រធានជលផលរូបនេះ សុំឱ្យមានការចូលរួមទាំងអស់គ្នា ធ្វើយ៉ាងណាអភិរក្សធនធានជលផលក្នុងបឹងទន្លេសាប ដែលបឹងធំជាងគេនៅអាស៊ីអាគ្នេយ៍នេះឱ្យបានគង់វង្ស និងសម្បូរធនធានជលផលឡើងវិញ នាពេលអនាគត៕



Tag:
 បឹងទន្លេសាប
  ជលផល
  គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com