ជាតិ
ហូល ផាមួង របស់សហគមន៍ស្រ្តីនៅបាត់ដំបង កាន់តែខ្សត់អ្នកគាំទ្រអំឡុងកូវីដ-១៩
06, Mar 2022 , 5:19 pm        
រូបភាព
ដោយ៖ ញ៉ែម ចាន់

បាត់ដំបង៖ សហគមន៍ស្រ្តីនៃអង្គការកុមារឥតព្រំដែន ផលិតហូល ផាមួង កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទ។ ប៉ុន្តែអំឡុងពេលកូវីដ-១៩ ជាង២ឆ្នាំមកនេះ ធ្វើឱ្យផលិតផលរបស់ក្រុមស្ត្រីក្នុងសហគមន៍ មិនសូវមានទីផ្សារឡើយ។ សហគមន៍នេះ ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។


 
សូមទស្សនាវីដេអូបទសម្ភាសរវាង លោក ញ៉ែម ចាន់ និងកញ្ញា ហ៊ី វណ្ណារី ដូចខាងក្រោម៖ 
 

 
កញ្ញា ហ៊ី វណ្ណារី ប្រធានក្រុមអ្នកសម្របសម្រួលស្រ្តីផលិត ហូល ផាមួង កាបូប និងវត្ថុអនុស្សាវរីយ៍ បានប្រាប់សារព័ត៌មានថ្មីៗ២៥ប្រចាំខេត្តបាត់ដំបងថា បច្ចុប្បន្ននេះមានស្រ្តី ១២នាក់ កំពុងផលិតសម្ភារៈទាំងនេះ។ ស្រ្តី ៦នាក់ ជាអ្នកត្បាញ និង ៦នាក់ទៀត ជាជាងដេរ។ កញ្ញាបន្តថា ការផលិតហូល ផាមួង នីមួយៗ ត្រូវឆ្លងកាត់តំណាក់កាលជាច្រើន ដូចជាស្ងោរ និងជ្រលក់ជាមួយល័ក្ដខ្មែរច្រើនដង។ ក្រោយមក គេយកវា មកត្បាញម្តងមួយសរសៃៗ ទម្រាំបានហូលមួយប្រើពេលច្រើនថ្ងៃ ។  ក្រៅពីនេះ កញ្ញា វណ្ណារី ថាក្រុមស្រ្តីក៏ផលិត កាបូប កន្សែង និងសម្ភារៈវត្ថុអនុស្សាវរីយ៍ជាច្រើន។


កញ្ញា ហ៊ី វណ្ណារី ប្រធានក្រុមសម្របសម្រួលសហគមន៍។ រូបថត៖ ញ៉ែម ច័ន្ទ
 
ចំពោះទីផ្សារ កញ្ញា វណ្ណារី អះអាងថា អតិថិជនបរទេសគាំទ្រច្រើនមុនពេលកូវីដ-១៩។ ប៉ុន្តែរយៈពេល២ឆ្នាំនេះ សហគមន៍ លក់សម្ភារៈរបស់ខ្លួនបានតិចជាងមុន។ កញ្ញាតែងតែយកផលិតផលទាំងនេះតាំងពិព័រណ៍ ដែលរៀបចំដោយ មន្ទីរពាណិជ្ជកម្មខេត្ត ។ ហូលផាមួង មួយមានតម្លៃ ៧៥ដុល្លារ។ កន្សែង មានតម្លៃ ៣ដុល្លារ។  បើទោះបី ហូលផាមួង មានតម្លៃរាងខ្ពស់បន្តិច ប៉ុន្តែកញ្ញា វណ្ណារី សូមឱ្យពលរដ្ឋខ្មែរ គាំទ្រសម្ភារៈធ្វើដោយដៃ របស់ក្រុមស្រ្តីសហគមន៍៕


ហូល ផាមួង ត្រូវបានតាំងលក់នៅសហគមន៍។ រូបថត៖ ញ៉ែម ច័ន្ទ


ស្រ្តីម្នាក់ កំពុងត្បាញហូល ផាមួង ក្នុងសហគមន៍។ រូបថត៖ ញ៉ែម ច័ន្ទ


 

Tag:
 ហូល
  ផាមួង
© រក្សាសិទ្ធិដោយ thmeythmey.com