ជាតិ
សហភាពសហគមន៍កសិកម្ម នឹងក្លាយជាទីប្រមូលផ្តុំកសិផល និងផ្សារបោះដុំដ៏ធំនៅត្បូងឃ្មុំ
06, Mar 2022 , 11:19 pm        
រូបភាព
រូបភាពសមាជិកសហភាពសហគមន៍កសិកម្ម
រូបភាពសមាជិកសហភាពសហគមន៍កសិកម្ម
ភ្នំពេញ៖ «សហភាពសហគមន៍កសិកម្ម» គឺជាសហភាពដែលកើតចេញពីការរួបរួមគ្នានៃ សហគមន៍កសិកម្មធំៗចំនួន ៨ នៅខេត្តត្បូងឃ្មុំ។ លោក សេង សម្បត្តិ ប្រធានសហភាពសហគមន៍កសិកម្មថ្មីនេះ បានគូសបញ្ជាក់ថា សហភាពនេះ នឹងក្លាយជាទីកន្លែងប្រមូលផ្ដុំកសិផល ដើម្បីឈានដល់ការចែកចាយ ឬបោះដុំដ៏ធំមួយក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាផ្ដល់ភាពងាយស្រួលក្នុងការចុះកិច្ចសន្យាទិញ-លក់កសិផលរួមគ្នា របស់ប្រជាកសិករក្នុងខេត្តនេះ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានសាទរចំពោះការបង្កើតសហភាពសហគមន៍កសិកម្មនេះ និងថាកំណើតនៃសហភាពនេះ បញ្ជាក់ពីការគិតគូរវែងឆ្ងាយរបស់សហគមន៍កសិកម្មដែលជាសមាជិក ស្របនឹងបរិបទសាកលភាវូបនីយ កម្ម។

 
កាលពីថ្ងៃទី៣ មីនា  សហគមន៍កសិកម្មចំនួន ៨ នៅខេត្តត្បូងឃ្មុំ បានរួមគ្នាបង្កើតជាសហភាពសហគមន៍កសិកម្មមួយ ដើម្បីប្រមូលផ្តុំកម្លាំងផលិតកម្ម មធ្យោបាយផលិតកម្ម និងពង្រីកសមត្ថភាពនៅក្នុងផលិតកម្មកសិកម្ម កសិឧស្សាហកម្ម កសិពាណិជ្ជកម្ម រួមទាំងសេវាកម្មពាក់ព័ន្ធនឹងវិស័យកសិកម្ម។ 
 
ក្នុងពិធីបើកមហាសន្និបាតកំណើតដំបូងរបស់សហភាពសហគមន៍កសិកម្មលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ «ការស្ម័គ្ររួបរួមគ្នាចងក្រងបង្កើតជាសហភាពសហគមន៍កសិកម្ម សឱ្យឃើញពីទស្សនវិស័យវែងឆ្ងាយ នៃពាណិជ្ជូបនីយកម្មកសិកម្មក្នុងបរិបទសាកលភាវូបនីយកម្ម ឈរលើគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្ត ស្មារតី និងឆន្ទៈច្បាស់លាស់»។ 


លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ខេត្តត្បូងឃ្មុំ។
 
ប្រធានមន្ទីរកសិកម្មរូបនេះ បន្តថា សហគមន៍កសិកម្មចំនួន ២ ឡើងទៅ ក៏អាចបង្កើតបានសហភាពសហគមន៍កសិកម្មមួយផងដែរ។ ទន្ទឹមនឹងការបង្កើតសហភាពសហគមន៍កសិកម្មនេះ លោក ហេង ពិសិដ្ឋ យល់ថា វិសាលភាពការងារនឹងមានកាន់តែធំ ដោយការសម្រេចចិត្តទាមទារការគិតគូរហ្មត់ចត់ ដែលឆ្លើយតបទៅនឹងគោលបំណងសមាជិក និងតម្រូវការពិតប្រាកដរបស់សហភាព។ 
 
លោក សេង សម្បត្តិ ប្រធានសហភាពសហគមន៍កសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការបង្កើតជាសហភាពនេះ នឹងផ្ដល់ភាពងាយស្រួលក្នុងការចុះកិច្ចសន្យាលើផលិតផលកសិផលអ្វីមួយរួមគ្នា ជាពិសេសប្រមូលផ្ដុំកសិផល ដើម្បីឈានដល់ការចែកចាយ ឬបោះដុំដ៏ធំមួយក្នុងខេត្តត្បូងឃ្មុំ។ លោក បន្តថា៖ «កន្លងទៅសហគមន៍ទាំងនោះ បានជួបបញ្ហាទីផ្សារ ដោយសហគមន៍នីមួយៗមានកសិផលរៀងៗខ្លួននៅតិចតួចនៅឡើយ ដែលពិបាករកទីផ្សារធំ បានត្រឹមបោះឱ្យឈ្មួញកណ្ដាល។ ដូច្នេះសហភាពសហគមន៍កសិកម្ម នឹងប្រមូលផ្ដុំកសិផលទាំងនោះ យកទៅលក់ក្នុងសហភាព។ 


លោក សេង សម្បត្តិ ប្រធាន​សហភាពសហគមន៍កសិកម្ម។ រូបភាពផ្ដល់ដោយ សេង សម្បត្តិ
 
ក្រោយបង្កើតជាសហភាពសហគមន៍កសិកម្ម លោក សេង សម្បត្តិ រំពឹងថា លោកនឹងជួយលើការគ្រប់គ្រងសហគមន៍ និងទីផ្សារ ពិសេសធ្វើយ៉ាងណាឱ្យកសិផលរបស់កសិករក្នុងខេត្តត្បូងឃ្មុំ អាចនាំចេញទៅគ្រប់ខេត្តក្រុង និងក្រៅប្រទេស។ ប្រធានសហភាពសហគមន៍កសិកម្មរូបនេះ បន្តថា បច្ចុប្បន្នការគ្រប់គ្រងនៅតាមសហគមន៍នីមួយៗ នៅមានភាពទន់ខ្សោយនៅឡើយ ទាំងការធ្វើផែនការជាដើម។ 
 
ជាមួយគ្នានេះ លោក ហេង ពិសិដ្ឋ ក៏បានសំណូមពរដល់សហគមន៍កសិកម្មទាំង៨ ដែលស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពនាពេលនេះ ត្រូវពង្រឹងសហគមន៍របស់ខ្លួន ជាពិសេសត្រូវរៀបវចំមហាសន្និបាតប្រចាំឆ្នាំដើម្បីបង្ហាញឱ្យឃើញពីតម្លាភាពសម្រាប់សមាជិក និងផ្តល់ឱកាសឱ្យសមាជិកជួយផ្តល់យោបល់។
 
សូមបញ្ជាក់ថា សហគមន៍ទាំង៨ ដែលរួមគ្នាបង្កើតជាសហភាពសហគមន៍កសិកម្ម រួមមាន សហគមន៍កសិកម្មសាមគ្គីកក់, រំដួលដូនតី, ពញាក្រែករុងរឿង, ពពេលមានជ័យ, កសិកម្មសាមគ្គីមានជ័យ, ក្ដីសង្ឃឹមកសិករ, តំបែររុងរឿង និងសហគមន៍ជ័យនិគមមានជ័យ។ សហគមន៍ទាំងនោះ មានផលិតផលកសិកម្ម ដែលជាប្រភេទសរីរាង្គ និងសុវត្ថិភាព៕ 


រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ


រូបភាពពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

 

Tag:
 កសិកម្ម
  ត្បូងឃ្មុំ
 ហេង ពិសិដ្ឋ
 សេង សម្បត្តិ
© រក្សាសិទ្ធិដោយ thmeythmey.com