ជាតិ
អគ្គិភ័យនៅវត្តត្រើយព្រែក ខេត្តកំពង់ចាម បានរលត់ទាំងស្រុងដោយពុំមានមនុស្សរងរបួស
06, Mar 2022 , 5:12 pm        
រូបភាព
 រូបផ្តល់ឱ្យ
រូបផ្តល់ឱ្យ
ភ្នំពេញ៖ អគ្គិភ័យនៅក្នុងវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក ស្ថិតក្នុងភូមិអន្លង់សាឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង ដោយពុំមានមនុស្សរងរបួសឡើយ។


 
លោក យ៉ន ឌីន នាយការិយាល័យ នគរបាលបង្ការពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានប្រាប់សារព័ត៌មានថ្មីៗថា ភ្លើងបានឆេះក្នុងបន្ទប់ដាក់សម្ភារចាស់ៗ ដែលមានទីតាំងនៅក្រោម កាំជណ្ដើរព្រះវិហារផ្នែកខាងមុខ។ លោកបន្ថែមថា អគ្គិភ័យនេះ មិនបណ្ដាលឱ្យខូចខាតសម្ភារធ្ងន់ធ្ងរឡើយ។ ទោះជាយ៉ាងណា មូលហេតុនៃការឆេះ លោកថាក្រុមការងាររបស់លោក នៅមិនទាន់អាចកំណត់បានឡើយ។
 
លោក យ៉ន ឌីន ពន្យល់បន្ថែម៖«ឆេះបន្ទប់ដាក់សម្ភារចាស់ៗ មានទ្វារបង្អួចជាដើម។ ខូចខាតកាំជណ្ដើរព្រះវិហារខ្លះ ទៅមុខអាចប្រេះស្រាំ ព្រោះត្រូវកំដៅខ្លាំង»។
 
សូមបញ្ជាក់ថា អគ្គិភ័យនៅក្នុងវត្តសន្ធររង្សី ហៅវត្តត្រើយព្រែក បានចាប់ផ្ដើមឆេះនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។ អគ្គិភ័យនេះ ត្រូវបានពន្លត់ឱ្យរលត់មួយរយភាគរយ នៅម៉ោង២ និង៣០នាទីរសៀលថ្ងៃដដែល ដោយពុំមានមនុស្សរងរបួសឡើយ។ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត៕ 
 

 រូបផ្តល់ឱ្យ

 

Tag:
 អគ្គិភ័យ
  ភ្លើងឆេះវត្ត
  វត្ត
© រក្សាសិទ្ធិដោយ thmeythmey.com