កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាការិនីអ៊ុយក្រែន Yastremska នឹងបរិច្ចាគប្រាក់បានពីការប្រកួតLyon Open ជួយប្រទេសកំណើត
07, Mar 2022 , 3:59 pm        
រូបភាព
កីឡាការិនីវាយកូនបាល់អ៊ុយក្រែន Dayana Yastremska និយាយថា នឹងបរិច្ចាគប្រាក់រង្វាន់ដែលបានពីការប្រកួតកម្មវិធី Lyon Open វគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី៧ ខែមីនា ជួយដល់ប្រទេសកំណើតដែលកំពុងរងគ្រោះដោយសារតែសង្រ្គាម។


កីឡាការិនី Yastremska ជាជនភៀសខ្លួនពីសង្គ្រាមក្នុងប្រទេស ដោយនាងបានភៀសខ្លួនជាមួយប្អូនស្រីបង្កើតបន្ទាប់ពីមានការវាយប្រហារពីសំណាក់រុស្ស៊ីបានប៉ុន្មានថ្ងៃ។ កីឡាការិនីវ័យ២១ឆ្នាំ អះអាងថា នាងបានគេងនៅក្នុងកន្លែងចតរថយន្តក្រោមដីរយៈពេល២ថ្ងៃ មុនពេលពួកគេរត់ភៀសខ្លួន។
 
ក្នុងវគ្គផ្តាច់ព្រ័ត្រ Lyon Open វិញ កីឡាការិនីសញ្ជាតិអ៊ុយក្រែនបានប្រកួតចាញ់កីឡាការិនីចិន Zhang Shuai ក្នុងលទ្ធផល២ទល់១សិត ដោយពិន្ទុ ៣-៦ ៦-៣ និង ៦-៤។
 
«ប្រាក់រង្វាន់ដែលខ្ញុំទទួលបាននៅការប្រកួតនេះ ខ្ញុំនឹងបរិច្ចាគជូនទៅកាន់មូលនិធិរបស់ជនជាតិអ៊ុយក្រែនក្នុងការជួយដល់ប្រទេសអ៊ុយក្រែនទាំងមូល។ បើសិនប្រជាជនអ៊ុយក្រែនកំពុងមើលមកខ្ញុំ ខ្ញុំចង់និយាយថា អ្នកទាំងអស់គ្នាពិតជាខ្លាំងក្លា អ្នកទាំងអស់គ្នាមានស្មារតីអស្ចារ្យ ហើយខ្ញុំបានប្រយុទ្ធដើម្បីអ៊ុយក្រែន។» Yastremska បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
កាលពីថ្ងៃទី២៤ខែកុម្ភៈ រុស្ស៊ីបានបើកការវាយប្រហារចូលក្នុងប្រទេសអ៊ុយក្រែនសំដៅទៅកាន់ទីក្រុងកៀវ។ ការឈ្លានពាននេះ ត្រូវបានរុស្ស៊ីបានហៅថា ជាប្រតិបត្តិការពិសេស។
 
សហព័ន្ធកីឡាបាល់ទាត់ធំៗ ព្រមទាំងស្ថាប័នកីឡាអន្តរជាតិបានហាមឃាត់ក្រុមជម្រើសជាតិរុស្ស៊ី អត្តពលិក និងក្លិបរុស្ស៊ីត្រូវពីការប្រកួតអន្តរជាតិនានា៕
 

Tag:
 Dayana Yastremska
  Tennis
  Ukraine
© រក្សាសិទ្ធិដោយ thmeythmey.com