កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski ឈប់ធ្វើទូតសុច្ឆន្ទៈឱ្យ Huawei ព្រោះពាក់ព័ន្ធរុស្ស៊ី
09, Mar 2022 , 2:43 pm        
រូបភាព
Robert Lewandowski ខ្សែប្រយុទ្ធ Bayern Munich ផ្តាច់ទំនាក់ទំនងជាមួយ Huawei ក្នុងនាមជាទូតសុច្ឆន្ទៈ ក្រោយមានរបាយការណ៍ថាក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះជួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឈ្លានពានអ៊ុយក្រែន។


យោងតាមការផ្សាយរបស់កាសែត Daily Mail មានរបាយការណ៍មួយក្នុងប្រទេសចិនផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei កំពុងជួយលោកពូទីន ក្នុងការធ្វើឱ្យបណ្តាញអ៊ីនធឺណិតរបស់រុស្ស៊ីមានស្ថិរភាពឡើងវិញ ក្រោយរងការវាយប្រហារពីក្រុម Hacker ជុំវិញពិភពលោក។
 
របាយការណ៍ដែលបានបង្ហោះលើគេហទំព័រព័ត៌មានរបស់ចិនដែលក្រោយមកត្រូវបានលុបចោលវិញនោះ សរសេរទៀតថាក្រុមហ៊ុន Huawei នឹងប្រើប្រាស់មជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួនដើម្បីបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសចំនួន ៥០,០០០ នាក់នៅក្នុងប្រទេសរុស្ស៊ីថែមទៀត អំឡុងពេលវាយប្រហារលើអ៊ុយក្រែន។
 
ជុំវិញករណីនេះ ក្រុមហ៊ុន Huawei មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពីសំណាក់អ្នកសារព័ត៌មានឡើយ។
 
ព្របពេលលេចលឺព័ត៌មាននេះ Lewandowski ប្រធានក្រុមជម្រើសជាតិប៉ូឡូញ បានសម្រេចចិត្តលាឈប់ពីតួនាទីរបស់ខ្លួនជាទូតសុឆន្ទៈរបស់ Huawei ប្រចាំតំបន់ទាំងក្នុងប្រទេសប៉ូឡូញ អឺរ៉ុបកណ្តាល អឺរ៉ុបខាងកើត និងប្រទេសតំបន់ Scandinavia តែម្តង។
 
«ក្រុមហ៊ុន Huawei CBG Polska ប្រចាំប្រទេសប៉ូឡូញ សោកស្តាយចំពោះការបញ្ចប់ភាពជាដៃគូជាមួយ Robert Lewandowski។ យើងសូមកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែងរបស់យើង ហើយសូមជូនពរឱ្យគាត់ទទួលបានជោគជ័យនាពេលអនាគត»។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន Huawei CBG Polska។
 
លោក Tomasz Zawislak ភ្នាក់ងាររបស់ខ្សែប្រយុទ្ធឆ្នើម Bayern Munich វ័យ៣៣ឆ្នាំ បានប្រាប់ពីការបញ្ចប់កិច្ចព្រមព្រៀងឧបត្ថម្ភរវាង Lewandowski និងក្រុមហ៊ុន Huawei ដោយមានពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ក្រោមប្រតិបត្តិការរបស់រុស្ស៊ី។
 
«វាជាការពិត។ ថ្ងៃនេះ យើងបានសម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការទីផ្សាររវាង Robert Lewandowski និងHuawei ។ ដូច្នេះ ការអនុវត្តសេវាកម្មផ្សព្វផ្សាយទាំងអស់ត្រូវបានផ្អាកដោយផ្នែកៗចាប់ពីពេលនេះ។ នេះបើតាមការអះអាងរបស់លោក Zawislak៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  Robert Lewandowski
© រក្សាសិទ្ធិដោយ thmeythmey.com