កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pochettino ៖ Mbappe នឹងបង្ហាញខ្លួនហើយផ្តល់មេរៀនដល់ Real Madrid
09, Mar 2022 , 4:42 pm        
រូបភាព
លោក Mauricio Pochettino និយាយថា ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe និងជាពីរបួសពេញលេញដើម្បីចូលរួមប្រកួតតទល់ក្រុម Real Madrid ក្នុងជំនួបជើងទីពីរវគ្គ១៦ក្រុម នៃពានរង្វាន់ UEFA Champions League នាយប់ឈានចូលថ្ងៃទី១០ ខែមីនា។


កាលពីថ្ងៃទី៨ ខែមិនាក្លិបបាល់ទាត់ Paris Saint Germain បានប្រកាសថា ខ្សែប្រយុទ្ធ Kylian Mbappe រងរបួសជើងខាងស្តាំអំឡុងពេលហ្វឹកហាត់នាថ្ងៃទី៧ខែមីនា។ វត្តមានរបស់ Mbappe ក្នុងជំនួបជើងទីពីរ UEFA Champions League ទល់ក្រុម Real Madrid ហាក់នៅសង្ស័យនៅឡើយ។
 
កាលជំនួបជើងទីមួយខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ បានជួយស្វែងបាល់១គ្រាប់ឱ្យ PSG នៅនាទីចុងម៉ោងទី៨០។ បើទោះជា PSG បានប្រកាសថា Mbappe បានរងរបួស ក៏ឈ្មោះរបស់កីឡាករបារាំងរូបនេះនៅតែមានក្នុងបញ្ជីក្រុមទៅប្រកួតនៅកីឡដ្ឋាន Santiago Bernabeu ដដែល។
 
«អំឡុងពេលហ្វឹកហាត់ ពេលទាត់បាល់ គេមានអារម្មណ៍ថាឈឺចាប់ ប៉ុន្តែក្រោយបានសម្រាកព្យាបាលមកគេក៏បានធូរស្បើយ។ ខ្ញុំគិតថា Kylian និងមិនមានបញ្ហាសម្រាប់ទម្រង់លេងរបស់គេឡើយ គេនៅក្មេងដូច្នេះគេចង់ប្រកួតសម្រាប់ក្លិប PSG។»លោក Pochettino និយាយបែបនេះក្នុងសន្និសីទមុនការប្រកួត។
 
PSG និង Real Madrid ធ្លាប់មានប្រវត្តិជួបគ្នា ៧លើករួចមកហើយដោយក្រុមអធិរាជសបានយកឈ្នះ៣ លើក ស្មើ២ និងចាញ់២។ ក្នុងជំនួបជើងទីពីរនេះ Real Madrid កំពុងជួបបញ្ហាបាត់កីឡាករសំខាន់ៗមួយចំនួនដូចជា Casemiro និង Ferland Mendy ខណៈក្រុម PSG គឺមានតែខ្សែប្រយុទ្ធ Kylian Mbappe ម្នាក់ប៉ុណ្ណោះដែលនៅមិនច្បាស់។
 
ចំណែកការប្រកួតមួយគូទៀត ក្រុមមេឃខៀវ Manchester City នឹងត្រូវបើកកីឡដ្ឋាន Etihad Stadium ស្វាគមន៍ក្រុម Sporting CP យប់ឈានចូលថ្ងៃទី១០ខែមីនា វេលាម៉ោង ៣ យប់រំលងអាធ្រាត្រ(ម៉ោងនៅកម្ពុជា)៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com