ជាតិ
​ជប៉ុន ផ្តល់ជំនួយជាង១លានដុល្លារ ដើម្បីលើកកម្ពស់សុខភាពសហគមន៍ និងកសាងសមត្ថភាពយុវជនកម្ពុជា
09, Mar 2022 , 6:29 pm        
រូបភាព
Front ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយនាស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រូបភាពស្ថានទូតជប៉ុនប្រចាំកម្ពុជា
Front ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្ដល់ជំនួយនាស្ថានទូតជប៉ុនប្រចាំកម្ពុជា។ រូបភាពស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បន្តផ្ដល់ជំនួយឥតសំណងជាង១លានដុល្លារអាម៉េរិកទៀត សម្រាប់ការលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ នៅខេត្តព្រះវិហារ និងការកសាងសមត្ថភាពយុវជននៅខេត្តប៉ៃលិន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចេញផ្សាយថ្ងៃទី៩ មីនានេះ។



រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងចំនួន ១ ០៩៣ ៨១៨ ដុល្លារអាម៉េរិក ដល់អង្គភាពចំនួនពីរ សម្រាប់លើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ និងកសាងសមត្ថភាពយុវជន។ ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៩ មីនា រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការកុមារឥតព្រំដែន (KnK) និងតំណាងអង្គការ World Vision Japan (WVJ)។
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាចំនួន ៤៤៥ ៩៩៤ដុល្លារ បានផ្ដល់ឱ្យអង្គការកុមារឥតព្រំដែន លើគម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ សម្រាប់ឆ្នាំទី៣។ ចំណែកថវិកាចំនួន ៦៤៧ ៨២៤ដុល្លារទៀត ផ្ដល់ឱ្យអង្គការ World Vision Japan លើគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ សម្រាប់ឆ្នាំទី៣។
  


គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន ដែលអនុវត្តដោយអង្គការ KnK ជាគម្រោងគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាក ដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ គម្រោងនេះ នឹងផ្តល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដើម្បីឱ្យពួកគេទទួលបានជំនាញ និងមូលដ្ឋានគ្រឹះមួយសម្រាប់ជីវិតនាពេលអនាគត។
 
ដោយឡែកគម្រោងការរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាតនិងអនាម័យ ក្នុងខេត្តព្រះវិហារ ត្រូវបានអនុវត្តដោយអង្គការ World Vision Japan។ ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និងWASH  (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ក្នុងខេត្តព្រះវិហារ។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល តាមរយៈគម្រោងនេះ នឹងរួមចំណែកកែលម្អស្ថានភាពទាំងមូល នៃការអនុវត្តការផ្តល់អាហារ និងការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងជួយកុមារ ឱ្យមានការលូតលាស់ប្រកបដោយសុខភាពល្អ និងភាពរឹងមាំជាងមុន។
 
 
សូមបញ្ជាក់ថា កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤៨លានដុល្លារអាម៉េរិក ដល់គម្រោងចំនួន១៤៥  ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ 
 
 
 

Tag:
 ជប៉ុន
  ជំនួយ
  អប់រំ
  សុខភាព
  អនាម័យ
  យុវជន
  ប៉ៃលិន
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com