ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន មើលឃើញដូចគ្នា៖ ទំនាក់ទំនងប្រទេសទាំងពីរ ឈានដល់កម្រិតល្អបំផុត
21, Mar 2022 , 10:00 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ជល់កែវគ្នា ក្នុងពិធីជប់លៀង នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកនាយករដ្ឋមន្រ្តី ហ្វូមីអូ គីស៊ីដា ជល់កែវគ្នា ក្នុងពិធីជប់លៀង នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក គីស៊ីដា ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្តីជប៉ុន បានប្រើពាក្យដូចគ្នាថា ទំនាក់ទំនងកម្ពុជា-ជប៉ុននាពេលបច្ចុប្បន្ន មានភាពល្អបំផុត។ គេ បានឮប្រសាសន៍របស់លោកទាំង២ ក្នុងសន្និសីទកាសែតរួមគ្នា នៅវិមានសន្តិភាព នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាបិទទ្វារ។



«យើង មានសេចក្តីសោមនស្សរីករាយ ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំង២ និងទទួលស្គាល់ថា ទំនាក់ទំនងនេះ ស្ថិតក្នុងកម្រិតល្អបំផុត ដែលពុំធ្លាប់មានកន្លងមក»។ នេះជាប្រសាសន៍របស់នាយករដ្ឋមន្រ្តីកម្ពុជា។

«ខ្ញុំ សង្កេតឃើញថា ទំនាក់ទំនងរវាងជប៉ុនិងកម្ពុជា ស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិសាស្រ្តរបស់យើង»។ ចំណែកពាក្យនេះ គឺជាពាក្យរបស់នាយករដ្ឋមន្រ្តីជប៉ុន ដែលត្រូវបានអ្នកបកប្រែ បកប្រែមកជាភាសាខ្មែរ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា សម្តេច និង លោកនាយករដ្ឋមន្រ្តី ជប៉ុន បានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យដល់កម្រិតមួយថ្មីទៀត។ ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបន្តផ្តល់ជំនួយជាច្រើន ដើម្បីគាំទ្រដល់ការអភិវឌ្ឃសេដ្ឋកិច្ច-សង្គម ហេដ្ឋារចនាសម្ព័ន្ធធំៗ និង ធនធានមនុស្សកម្ពុជា។ មេដឹកនាំកម្ពុជា ថែមទាំងអរគុណភាគីជប៉ុន ដែលបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងជំនួយផ្សេងទៀត សម្រាប់ប្រឆាំងជំងឺរាតត្បាតនេះ។

លោកនាយករដ្ឋមន្រ្តីជប៉ុន អះអាងថា រយៈពេល៣០ឆ្នាំមកនេះ ដោយគិតពីជំនាន់អ៊ុនតាក់មក ជប៉ុន តែងមានគំនិតជួយកម្ពុជា ក្នុងគ្រាលំបាក ហើយគំនិតនេះ បានផុសចេញជាសកម្មភាពជាក់ស្តែងពិតមែន។ ប្រមុខរដ្ឋាភិបាលជប៉ុន ថ្លែងថា លោក បានពិភាក្សាយ៉ាងស៊ីជម្រៅជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការរីកចម្រើននៃទំនាក់ទំនងប្រទេសទាំង២។

ក្រោយបំពេញទស្សនកិច្ចនៅឥណ្ឌារួច ថ្នាក់ដឹកនាំជប៉ុន បានធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយមកដល់កម្ពុជា នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ ទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុន នឹងប្រព្រឹត្តទៅដល់ថ្ងៃទី២១ ខែមីនា។

បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាបិទទ្វារ នាយករដ្ឋមន្រ្តីកម្ពុជា-ជប៉ុន បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់២ គឺ ទី១ គម្រោងទទួលបានថាមពលកើតឡើងវិញនៅតំបន់ជនបទ ដែលមានទំហំទឹកប្រាក់១,៧ លានដុល្លារ ទី២ គម្រោងពង្រឹងតម្លាភាព និងគណនេយ្យភាពនៅរដ្ឋបាលមូលដ្ឋាន ដែលមានទំហំទឹកប្រាក់២,៦ លានដុល្លា។ បញ្ចប់ពិធីចុះហត្ថលេខាហើយ មេដឹកនាំប្រទេសទាំង២ បានធ្វើសន្និសីទកាសែតរួមគ្នា ហើយកម្មវិធីចុងក្រោយ មេដឹកនាំកម្ពុជា បានរៀបចំពិធីជប់លៀងជូនមេដឹកនាំជប៉ុន និងទទួលទានអាហារជាមួយគ្នា។

មន្រ្តីកម្ពុជា និងមន្រ្តីជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមកម្រាស់១០ទំព័រ ដែលបង្ហាញពីលទ្ធផលលម្អិតនៃកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំង២។ យោងតាមសេចក្តីថ្លែងការណ៍រួម វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល វិស័យសន្តិសុខ វិស័យឌីជីថល បញ្ហាលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស និង ទំនាក់ទំនងការទូត ជាដើម សុទ្ធតែស្ថិតក្នុងកិច្ចពិភាក្សារបស់ប្រមុខរដ្ឋាភិបាលទាំង២។ បញ្ហាអន្តរជាតិ ពិសេសការឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន និងជម្លោះស៊ីវិលនៅមីយ៉ាន់ម៉ា ក៏ស្ថិតក្នុងការជជែកគ្នារបស់មេដឹកនាំកម្ពុជា-ជប៉ុនដែរ៕

Tag:
 ទំនាក់ទំនងកម្ពុជា-ជប៉ុន
  ហ៊ុន សែន
  Fumio Kishida
© រក្សាសិទ្ធិដោយ thmeythmey.com