ជាតិ
សង្គមជាតិ
ករណីស្រ្តីថៃម្នាក់ ដែលគេប្រុងវះកាត់យកសរីរាង្គនៅព្រះសីហនុ គឺជារឿងប្រឌិត
21, Mar 2022 , 11:59 am        
រូបភាព
នគរបាលថៃ និងនគរបាលកម្ពុជា ធ្វើសន្និសីទកាសែតរួមគ្នា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ អំពីករណីស្រ្តីជនជាតិថៃ ដែលប្រឌិតថា ឧក្រិដ្ឋជន ប្រុងវះកាត់យកសរីរាង្គរបស់នាង នៅខេត្តព្រះសីហនុ។ រូបពី thaipbsworld
នគរបាលថៃ និងនគរបាលកម្ពុជា ធ្វើសន្និសីទកាសែតរួមគ្នា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ អំពីករណីស្រ្តីជនជាតិថៃ ដែលប្រឌិតថា ឧក្រិដ្ឋជន ប្រុងវះកាត់យកសរីរាង្គរបស់នាង នៅខេត្តព្រះសីហនុ។ រូបពី thaipbsworld
ស្រ្តីថៃរូបនោះ ត្រូវកាត់ទោសឲ្យជាប់ទោស៦ខែ ពីបទប្រឌិតរឿងនេះឡើង។



គ្មានឡើយចំពោះករណីស្រ្តីម្នាក់ ដែលត្រូវក្រុមឧក្រិដ្ឋជន ចាប់ខ្លួន ហើយបម្រុងនឹងវះកាត់យកសរីរាង្គរបស់នាងទៅធ្វើអាជីវកម្ម។ នាង បានសារភាពដល់សមត្ថកិច្ចថា ករណីនេះ គឺនាងប្រឌិតឡើយ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ នគរបាលកម្ពុជា និងនគរបាលថៃ បានធ្វើសន្និសីទកាសែត នៅប្រទេសថៃ ដើម្បីបញ្ជាក់ពីលទ្ធផលនៃការស្រាវជ្រាវរួមគ្នា លើករណីស្រ្តីថៃរូបនោះ។ 

សារព័ត៌មាន២របស់ថៃ គឺ Thai Examiner និង Thai PBS World បានស្រង់សម្តីរបស់នគរបាលប្រទេសទាំង២ ក្នុងសន្និសីទកាសែត ទៅចុះផ្សាយថា ស្រ្តីថៃរូបនោះ បានចូលកម្ពុជាដោយខុសច្បាប់ ដូច្នេះនាងបារម្ភខ្លាច សមត្ថកិច្ចកម្ពុជា មានចំណាត់ការផ្លូវច្បាប់លើនាង ដែលធ្វើឲ្យនាង មិនអាចវិលត្រឡប់ទៅប្រទេសកំណើតវិញបានឆាប់។ បើតាមសារព័ត៌មានថៃទាំង២ នេះ គឺជាមូលហេតុ ដែលនាង ប្រឌិតរឿងឡើង ដើម្បីនាងអាចរួចផុតពីចំណាត់ការផ្លូវច្បាប់ពីសមត្ថកិច្ចកម្ពុជា ហើយអាចទៅកាន់ប្រទេសថៃវិញបានលឿន។ សារព័ត៌មានថៃ១ទៀតឈ្មោះ Thaiger បានសរសេរថា ស្រ្តីថៃ ដែលប្រឌិតរឿងនេះ ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែ។ 
 
លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅតែមានការសោកស្តាយ និងពិបាកនឹងទទួលយកចំពោះការប្រឌិតរឿងអកុសលបែបនេះ បើទោះជាស្រ្តីថៃរូបនោះ បានសារភាពពីការពិតហើយក៏ដោយ។ លោក ប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ថា៖«វា ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសីលធម៌សង្គមយើង»។  
 
ករណីស្រ្តីថៃខាងលើ បានផ្ទុះឡើង តាមរយៈការផ្សាយរបស់សារព័ត៌មាន Thai Examiner និង Thai PBS World នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ពេលទៅដល់ប្រទេសថៃវិញ នាង បានប្រាប់សមត្ថកិច្ចថា នាង ត្រូវបានគេលួងលោមឲ្យទៅធ្វើការនៅក្រុមហ៊ុនចិន ក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ នាង បន្ថែមថា ក្រោយមក នាង ក៏ត្រូវក្រុមជនងងឹតជនជនជាតិចិន ប្រើឧបករណ៍ឆក់ឲ្យសន្លប់ និងបានបូមឈាមនាង ហើយប្រតិបត្តិការបន្ត គឺពួកគេ ប្រុងវះកាត់យកសរីរាង្គរបស់នាង។ តែប្រតិបត្តិការណ៍វះកាត់យកសរីរាង្គរបស់នាង ត្រូវបរាជ័យ ដោយសារសមត្ថកិច្ចកម្ពុជា ចុះទៅដល់កន្លែងនោះ។ 
 
យ៉ាងណាក៏ដោយ លោក ជួន ណារិន បកស្រាយជាមួយសារព័ត៌មានថ្មីៗថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ថា ពេលចុះទៅដល់ក្រុមហ៊ុន ដែលស្រ្តីថៃរូបនោះ និងជនជាតិថៃដទៃទៀត បម្រើការងារ សមត្ថកិច្ចពុំបានឃើញមានការបង្ខាំង ការជម្រិត ឬការប្រើហិង្សាអ្វីឡើយ។
 
ករណីរបស់ស្រ្តីជនជាតិថៃវ័យ២៥ឆ្នាំខាងលើ គឺស្រដៀងនឹងករណីបុរសចិនវ័យ៣១ឆ្នាំ។ បុរសចិនវ័យ៣១ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២២ បានអះអាងថា គាត់ ត្រូវគេចាប់បូមឈាមស្ទើរអស់ពីខ្លួន ក្នុងខេត្តព្រះសីហនុ។ ក្រោយមក គាត់ សារភាពប្រាប់សមត្ថកិច្ចកម្ពុជាថា គាត់ បានប្រឌិតរឿងនេះឡើង។  
 
ដូចស្រ្តីជនជាតិថៃដែរ បុរសចិនរូបនោះ ចូលកម្ពុជាដោយខុសច្បាប់។ ដើម្បីគេចពីចំណាត់ការបស់សមត្ថកិច្ចកម្ពុជា គាត់ ក៏ប្រឌិតរឿងឡើងថា គាត់ គឺជាជនរងគ្រោះ ក្នុងការចាប់បូមឈាមស្ទើរអស់ពីខ្លួន។ បច្ចុប្បន្ន គាត់ និងមនុស្ស៣នាក់ទៀត (ស្រ្តីម្នាក់) កំពុងជាប់ឃុំ ដោយសារការប្រឌិតរឿងនេះ។ មនុស្សទាំង៣នាក់នោះ បានចូលរួមប្រឌិតរឿងនេះជាមួយគាត់៕      
 
 

Tag:
 ករណីវះកាត់យកសរីរាង្គ
  ប្រឌិត
  ស្រ្តីថៃ
© រក្សាសិទ្ធិដោយ thmeythmey.com