ជាតិ
សង្គមជាតិ
បុគ្គលិក៣០០នាក់សុខចិត្តលាឈប់ បើក្រុមហ៊ុនណាហ្គាវើលដ៍ ឲ្យបុគ្គលិក២០០នាក់ដែលត្រូវបញ្ឈប់ចូលធ្វើការវិញ
22, Mar 2022 , 2:29 pm        
រូបភាព
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដើម្បីតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ។ រូបដោយសហការី
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នា កាលពីចុងខែធ្នូ ឆ្នាំ២០២២ ដើម្បីតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ។ រូបដោយសហការី
ដោយប្រើមធ្យោបាយប្រមូលផ្តុំគ្នាតវ៉ាឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលយកបុគ្គលិក ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ មិនបានជោគជ័យ បុគ្គលិកដែលចូលរួមតវ៉ានោះ បានប្រើមធ្យោបាយថ្មី១ទៀត គឺស្ម័គ្រចិត្តសុំឈប់ពីការងារ ហើយសុំឲ្យក្រុមហ៊ុនទទួលយកបុគ្គលិក ដែលត្រូវបញ្ឈប់ចូលធ្វើការងារវិញ។ តែភាគីក្រុមហ៊ុន មិនយល់ព្រមចំពោះការសុំដោះដូរនេះ។



បុគ្គលិកណាហ្គាវើលដ៍ចន្លោះពី៣៦០ ទៅ៣៧០នាក់ ត្រូវបញ្ឈប់ពីការងារ។ សេចក្តីជូនដំណឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីលទ្ធផលនៃការចរចា រវាងតំណាងបុគ្គលិក និងតំណាងក្រុមហ៊ុន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា មានបុគ្គលិកជាង១០០នាក់ហើយ យល់ព្រមនឹងការបញ្ឈប់ពីការងារ ដោយទទួលយកការទូទាត់ប្រាក់ដំណាច់ ខណៈនៅសល់បុគ្គលិកប្រមាណ២០០នាក់ទៀត ដែលមិនយល់ព្រមទទួលយកការទូទាត់ប្រាក់ដំណាច់ ហើយនៅបន្តទាមទារសុំឲ្យទទួលយកពួកគេ ចូលធ្វើការងារវិញ។
 
ក្នុងការចរចា តំណាងបុគ្គលិក បានលើកសំណើថា មានបុគ្គលិក៣០០នាក់ ដែលកំពុងធ្វើការងារយល់ព្រមឈប់ពីការងារ ដើម្បីដោះដូរឲ្យបុគ្គលិកប្រហែល២០០នាក់ ដែលត្រូវបានបញ្ឈប់ពីការងារចូលធ្វើការងារវិញ។ តំណាងបុគ្គលិក ប្រាប់ទៅតំណាងក្រុមហ៊ុនថា ជម្រើសនៃការដោះដូរដែលពួកគេស្នើសុំនេះ គឺអាចឲ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកបន្ថែមទៀត ពីព្រោះបុគ្គលិក ដែលសុំចូលធ្វើការងារវិញ មានតែ២០០នាក់ ឯបុគ្គលិកដែលសុំឈប់ មាន៣០០នាក់។  
 
តំណាងក្រុមហ៊ុន និយាយក្នុងពេលចរចាថា បច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកសរុបប្រមាណ៦០០នាក់ ដែលកំពុងបម្រើការងារ ហើយចំនួនបុគ្គលិកប្រមាណ៦០០នាក់នេះ នៅតែលើសពីតម្រូវការជាក់ស្តែង។ ទោះចំនួនបុគ្គលិកប្រមាណ៦០០នាក់ ជាចំនួនលើសពីតម្រូវការក្តី តែតំណាងក្រុមហ៊ុន នៅតែមិនយល់ព្រមទទួលយកសំណើសុំដោះដូរដដែល ទាំងដែលការដោះដូរនេះ អាចធ្វើឲ្យក្រុមហ៊ុនកាត់បន្ថយបុគ្គលិកបានប្រមាណ១០០នាក់ទៀត។ 
 
តំណាងក្រុមហ៊ុន បដិសេធភ្លាមៗថា ក្រុមហ៊ុន នឹងមិនពិចារណាលើជម្រើសនៃការដោះដូរនេះឡើយ។ យ៉ាងណាតំណាងក្រុមហ៊ុន ឆ្លើយតបនឹងតំណាងបុគ្គលិកថា បើបុគ្គលិកប្រមាណ៣០០នាក់នោះ ចង់លាឈប់ពីការងារ ពួកគេ អាចដាក់ពាក្យសុំលាឈប់បាន ដោយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់ជូនពួកគេ។  
 
តំណាងបុគ្គលិក បង្ហាញការសោកស្តាយ ដែលតំណាងក្រុមហ៊ុនមិនជជែកពីជម្រើសនៃការដោះដូរ។ ពួកគេ អះអាងថា ពួកគេនឹងបន្តដាក់សំណើនេះជាលាយលក្ខណ៍អក្សរ ទៅភាគីក្រុមហ៊ុន ដើម្បីទទួលបានចម្លើយបន្ថែមទៀត។ ពួកគេ បង្ហាញការប្តេជ្ញាថា បើភាគីក្រុមហ៊ុន មិនទទួលយកសំណើសុំដោះដូរ ពួកគេមិនចូលរួមចរចានៅថ្ងៃក្រោយទៀតឡើយ។
 
ក្រសួងការងារ កំណត់យកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នារសៀលម៉ោង២កន្លះ សម្រាប់បើកការចរចាជាថ្មីរវាងភាគីបុគ្គលិក និងភាគីក្រុមហ៊ុន ដោយមានការសម្របសម្រួលពីក្រសួងការងារ។ ក្រសួងការងារ សរសេរក្នុងសេចក្តីជូនដំណឹងថា យោងតាមនីតិវិធីច្បាប់ បើការចរចា នៅតែមិនអាចមានដំណោះស្រាយ ភាគីទាំង២ អាចដាក់បណ្តឹងទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។
 
សួមបញ្ជាក់ថា បុគ្គលិកណាហ្គាវើលដ៍ បាននាំគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ គោលបំណងធំរបស់ពួកគេ គឺទាមទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិក ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ មានតំណាងបុគ្គលិកមួយចំនួន ត្រូវចាប់ដាក់ពន្ធនាគារ ដោយសារការប្រមូលផ្តុំគ្នា ដើម្បីទាមទារលក្ខខណ្ឌនេះ។ ប៉ុន្តែ ពួកគេ ត្រូវបានដោះលែងវិញអស់ហើយ។ បច្ចុប្បន្ន នៅតែមានបុគ្គលិកណាហ្គាវើលដ៍ បន្តប្រមូលផ្តុំគ្នា តវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ៕ 
 

Tag:
 វិវាទណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com