អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធំៗពីរ សហការគ្នាធ្វើសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីផ្តល់ជាចំណេះដឹងថ្មីៗក្នុងបរិបទអាជីវកម្ម
22, Mar 2022 , 4:49 pm        
រូបភាព
 ក្រុមហ៊ុន Aplus Consulting និងសមាគមគណនេយ្យករជំនាញ ACCA នៅកម្ពុជា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានសហការគ្នារៀបចំសិក្ខាសាលា ស្តីអំពីការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ២០២២ (Annual Update 2022)។ សិក្ខាសាលានេះ មានគោលបំណង ផ្តល់ជាព័ត៌មានទៅកាន់អ្នកចូលរួម ឱ្យបានដឹងអំពីការវិវត្តនៅក្នុងបរិបទអាជីវកម្ម និងបទប្បញ្ញត្តិច្បាប់ផ្សេងៗ ដែលអាចជួយឱ្យអ្នកចូលរួមកម្មវិធី មានការយល់ដឹង និងត្រៀមខ្លួនក្នុ ងការចាប់យកឱកាសថ្មីៗ និងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនឱ្យមានអនុលោមភាពកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។ 
 
សិក្ខាសាលានេះ ត្រូវបានប្រារព្វឡើងនៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសដូចជា៖ 
 
·         លោក សុក ស៊ីផាន់ណា ស្ថាបនិក នៃការិយាល័យមេធាវី សុក ស៊ីផាន់ណានិងសហការី
·         លោក តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» 
·         លោក សោម ចំណាន នាយកគ្រប់គ្រង ក្រុមមេធាវី និតី
·         លោក Matthew Rendall នាយកគ្រប់គ្រង នៃការិយាល័យមេធាវី សុក ស៊ីផាន់ណា និង សហការី
·         លោក ស៊ឹម ចាន់គិរីរត្ន  ស្ថាបនិក និងCEO ក្រុមហ៊ុនបញ្ជី 
·         លោក នូវ រតនា នាយកការិយាល័យតំណាង អេស៊ីស៊ីអេ ប្រចាំកម្ពុជា
·         លោក ស គីណាល់ អគ្គនាយក ក្រុមហ៊ុនអេផ្លើស ខនសាល់ធីង
 
ប្រធានបទសំខាន់ៗ ដែលបានលើកឡើងយកមកពិភាក្សារួមមាន ការធ្វើវិសោធនកម្មលើច្បាប់ការងារ សេចក្តីព្រាងច្បាប់ថ្មីលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល សេចក្តីព្រាងច្បាប់ថ្មីលើការវិនិយោគ និងគោលការណ៍ក្នុងការសហការជាដៃគូ ពាណិជ្ជកម្មក្នុងតំបន់។ 
 


ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting បានលើកឡើងដែលថា៖ «តាមពិតទៅការរៀបចំសិក្ខាសាលា ស្ដីពីការធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំបែបនេះ ស្ថាប័នទាំងពីរ បានសហការរៀបចំឡើងជាច្រើនលើកមកហើយ តែដោយការផ្ទុះឡើងជំងឺកូវីដ-១៩ បានធ្វើឱ្យយើងខ្ញុំ ខកខានអស់រយៈពេល២ឆ្នាំមកហើយ។ តែនៅពេលនេះ ដោយយើងមើលឃើញស្ថានភាព នៃជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ យើងខ្ញុំក៏សម្រេចចិត្តរៀបចំកម្មវិធីនេះឡើងវិញ ព្រោះយើងខ្ញុំយល់ថា សិក្ខាសាលានេះ គឺមានសារៈសំខាន់ខ្លាំង សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីមានឱកាសជួបជាមួយវាគ្មិនកិត្តិយស ដែលជាឥស្សរជន ធុរជន បញ្ញាជន និងពហុមន្តី ដែលពោរពេញទៅដោយចំណេះដឹងខ្ពង់ខ្ពស់ បទពិសោធច្បាស់លាស់ គំនិតយោបល់ល្អៗ និងបញ្ញាដ៏វាងវៃបំផុត »។ 
 


ដើម្បីឱ្យអ្នកចូលរួម បានយល់ដឹងពីបច្ចុប្បន្នភាពនៃច្បាប់ការងារ លោក សោម ចំណាន បានបង្ហាញអំពីការធ្វើវិសោធនកម្ម ចំនួន៤សំខាន់ៗគឺ ការបញ្ជាក់ពីការងារតាមវេន ឱ្យកាន់តែច្បាស់ជាងមុន ការលុបចោលនូវការលើកថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ ដែលចំថ្ងៃអាទិត្យ ការពង្រីកការទទួលខុសត្រូវ របស់អធិការការងារក្នុងរឿងវិវាទការងារ និងការផ្តល់អំណាចដល់អធិការការងារក្នុ ងការដោះស្រាយជម្លោះ។ ក្នុងនោះផងដែរ លោកក៏បានលើកឡើងអំពីសេវាកម្មតាមប្រព័ន្ធអនឡាញថ្មីៗ របស់ក្រសួងការងារ និងក្រសួងនានា ក្នុងនោះរួមមានប្រព័ន្ធវេទិការអនឡាញតភ្ជាប់តម្រង់បើកក្រុមហ៊ុន ពីក្រសួងពាណិជ្ជកម្ម ទៅអគ្គនាយកដ្ឋានពន្ធដារ និងទៅក្រសួងការងារ ដោយស្វ័យប្រវត្តិ។ 
 


ចំណែកចំណេះដឹងថ្មី ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល លោក តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានលើកឡើងថា ការអភិវឌ្ឍលើបច្ចេកវិទ្យឌីជីថល នៅក្នុងអាជីវកម្មនីមួយៗ គឺពិតជាសំខាន់ណាស់ ដើម្បីឱ្យអាជីវកម្មនោះ អាចដើរទាន់យុគសម័យបច្ចេកវិទ្យាថ្មីនេះ។ លោក តាំង ងួនលី ក៏បានលើកឡើងឧទាហរណ៍ធំពីរ នៅសហរដ្ឋអាម៉េរិក គឺក្រុមហ៊ុន Netflix និងក្រុមហ៊ុន Blockbuster ដែលការអភិវឌ្ឍនៃបច្ចេកវិទ្យា អាចនាំឱ្យ Blockbuster មួយក្ស័យធន តែអាចធ្វើឱ្យ Netflix ទទួលជោគជ័យ។ ដោយមើលឃើញចំណុចនេះ ទើបរដ្ឋាភិបាលយើង រៀបចំជាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល ដើម្បីបើកផ្លូវ និងជំរុញឱ្យអាជីវកម្មនានា សម្របខ្លួនលើបរិបទថ្មីនេះ និងចាប់យកឱកាសថ្មី ក្នុងវិស័យអាជីវកម្មរបស់ខ្លួន។
 


ចំណែកលោក Matthew Rendall នាយកគ្រប់គ្រង នៃការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី ក៏បានលើកឡើងអំពីច្បាប់លើការវិនិយោគថ្មី ដែលរដ្ឋាភិបាលបានដាក់ចេញដើម្បីជំរុញឱ្យមានការកើនឡើងនូវការវិនិយោគក្នុងស្រុក។ ចំណុចសំខាន់មួយ នៃច្បាប់ថ្មីនេះ គឺការលើកទឹកចិត្ត តាមរយៈការអនុគ្រោះពន្ធ ឬការរំលោះពិសេស លើការចំនាយពិសេសមួយចំនួន លើអាជីវកម្មក្នុងវិស័យជាច្រើនដូចជា វិស័យបច្ចេកវិទ្យា វិស័យឧស្សាហកម្មដែលមានតម្លៃខ្ពស់ វិស័យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងក្នុងសកល វិស័យ កសិកម្ម វិស័យថាមពលបៃតង -ល-។
 


ចំណែកឯ លោកសុក ស៊ីផាន់ណា ស្ថាបនិកនៃការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី បានលើកឡើងអំពី បែបបទនៅក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់ នឹងមានភាពងាយស្រួលជាងមុន តាមរយៈការរៀបចំគោលការណ៍ ក្នុងការសហការជាដៃគូពាណិជ្ជកម្មក្នុងតំបន់ថ្មីនេះ។ លោក សុក ស៊ីផាន់ណា បានលើកជាឧទាហរណ៍ថា៖ «ពីមុន ដើម្បីយកទំនិញចេញពីប្រទេសកម្ពុជា ទៅប្រទេសមួយទៀត ម្ចាស់អាជីវកម្ម ត្រូវធ្វើបំពេញទម្រង់បែបបទដល់ទៅ២០ឯកសារ ប៉ុន្តែជាមួយនឹងគោលការណ៍ថ្មីនេះ ម្ចាស់អាជីវកម្ម អាចបំពេញទម្រង់បែបបទតែ១ តែអាចយកចេញទៅគ្រប់ប្រទេស ដែលជាដៃគូក្នុងគម្រោងនេះ។ នេះគឺដើម្បីសម្រួលដល់អាជីវកម្មនៅក្នុងស្រុក ដើម្បីបង្កើនការផលិត និងដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទៅក្នុងតំបន់ផងដែរ»។
 
ជារួម ចំណុចសំខាន់មួយ ដែលវិគ្មិនកិត្តិយសទាំងអស់ បានលើកឡើងដូចគ្នានោះ គឺការអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យារបស់ខ្លួន និងការអនុលោមតាមច្បាប់ផ្សេងៗ នៅក្នុងប្រទេស ជាវិធីសាស្រ្តមួយ នៅក្នុងការពង្រីកអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន និងមានការរីកលូតលាស់ ប្រកបដោយនិរន្តរភាព។ 


 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Aplus Consulting ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០៨ ជាមួយនឹងគោលបំណងចម្បងគឺជួយគាំទ្រទៅលើអាជីវកម្មនានា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ខ្លួន ទាក់ទងទៅនឹងផ្នែកធនធានមនុស្ស តាមរយៈការផ្តល់សេវាកម្ម៥ធំៗគឺ៖ 
 
·         ការផ្គត់ផ្គង់បុគ្គលិក ដើម្បីទៅបំពេញការងារឱ្យក្រុមហ៊ុនផ្សេងៗ
·         ការជ្រើសរើសបុគ្គលិកសម្រាប់ក្រុមហ៊ុន ឬអាជីវកម្មរបស់អតិថជន
·         ការរៀបចំ និងគណនាប្រាក់បៀវត្សសម្រាប់បុគ្គលិករបស់អតិថជន
·         ការប្រឹក្សា និងផ្តល់យោបល់ អំពីការរៀបចំរចនាសម្ព័ន្ធធនធានមនុស្សក្នុងស្ថាប័ន  
·         ការប្រឹក្សា និងផ្តល់យោបល់អំពីការរៀបចំឯកសារផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងច្បាប់ការងារ
  


ចក្ខុវិស័យរបស់ Aplus Consulting គឺធ្វើយ៉ាងណា ឱ្យមានភាពរីកចម្រើនលូតលាស់ជានិរន្តសម្រាប់អ្នកគ្រប់គ្នា មិនថាអតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងដៃគូដែលពាក់ព័ន្ធផ្សេងៗទៀតនោះឡើយ។ ដើម្បីសម្រេចនូវចក្ខុវិស័យមួយនេះ ក្រុមហ៊ុនមានបេសកកម្មមួយ គឺទាញយកសក្តានុពល របស់មនុស្សគ្រប់រូប គ្រប់ផ្នែក មកចូលរួមគ្នា ដើម្បីធ្វើឱ្យអាជីវកម្មមានដំណើរការល្អ។ 
 
ចំណែកសមាគមគណនេយ្យករជំនាញ ACCA វិញ គឺមានវត្តមាននៅក្នុងសកលលោក ជាងមួយសតវត្សមកហើយ និងមានសមាជិកចំនួន ២៣៣ ០០០ នៅក្នុង១៧៨ប្រទេស។ ACCA មានការប្តេជ្ញាចិត្ត បម្រើដល់ប្រយោជន៍សាធារណៈ និងដឹកនាំវិជ្ជាជីវៈគណនេយ្យករជំនាញតាមរយៈការបង្កើតឱកាស។ បេសកកម្មរបស់ ACCA គឺដើម្បីលើកកម្ពស់វិជ្ជាជីវៈគណនេយ្យករជំនាញ ឱ្យមានស្តង់ដារអន្តរជាតិ និងដើម្បីចូលរួមអភិវឌ្ឍសង្គម តាមរយៈការបណ្តុះបណ្តាលសមាជិក ឱ្យមានការគិតត្រិះរិះ ពិចារណា ប្រកបដោយយុទ្ធសាស្ត្រ និងអាចកំណត់អនាគតបាន៕
 


(អត្ថបទពាណិជ្ជកម្ម)
 
 

Tag:
 Aplus Consulting
© រក្សាសិទ្ធិដោយ thmeythmey.com