ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ ចោទថា ក្រុមស្រ្តីជាបុគ្គលិកណាហ្គាវើលដ៍ ប្រើហិង្សាលើអាជ្ញាធរឲ្យមានរបួស
24, Mar 2022 , 11:00 am        
រូបភាព
សកម្មភាពប៉ះទង្គិចគ្នារវាងបុគ្គលិណាហ្គាវើលដ៍ និងអាជ្ញាធរ នៅជិតស្ថានទូតអូស្ត្រាលី កាលពីខែមករា ឆ្នាំ២០២២។
សកម្មភាពប៉ះទង្គិចគ្នារវាងបុគ្គលិណាហ្គាវើលដ៍ និងអាជ្ញាធរ នៅជិតស្ថានទូតអូស្ត្រាលី កាលពីខែមករា ឆ្នាំ២០២២។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបកស្រាយដល់សាធារណជនថា ក្រុមបុគ្គលិកណាហ្គាវើលដ៍ បានជេរប្រមាថ តិះដៀល និងប្រើកាយវិការអសីលធម៌បំផុត ដែលមិនស័ក្តិសមជានារីខ្មែរ រហូតឈានដល់ប្រើហិង្សា បង្ករបួសស្នាម លើអាជ្ញាធរមានសមត្ថកិច្ច ក្នុងការតវ៉ារបស់ពួកគេ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ការបកស្រាយរបស់អ្នកនាំពាក្យ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។



ការដែលបុគ្គលិកណាហ្គាវើលដ៍ ផ្តល់ព័ត៌មានទៅសាធារណជនថា អាជ្ញាធរបានប្រើអំពីហិង្សាលើពួកគេ គឺមិនមែនជាការពិតឡើយ។ នេះជាការបកស្រាយរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញដដែល។

អ្នកនាំពាក្យ បន្ទោសបុគ្គលិកណាហ្គាវើលដ៍ថា មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលឲ្យពួកគេទៅប្រមូលផ្តុំគ្នា នៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់ឫស្សីកែវ។ បើតាមអ្នកនាំពាក្យ ពួកគេនៅតែបន្តជួបជុំគ្នាធ្វើសកម្មភាពខុសច្បាប់ នៅម្តុំក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងសង្កាត់នទ្លេបាសាក់។ អ្នកនាំពាក្យ បន្ថែមថា អាជ្ញាធរ បានអញ្ជើញពួកគេឡើងរថយន្ត ដើម្បីដឹកទៅជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ តែពួកគេបែរជាចោទអាជ្ញាធរថា ប្រើហិង្សាលើពួគេទៅវិញ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានលើកចំណុចល្អរបស់អាជ្ញាធរថា អាជ្ញាធរ បានអប់រំបុគ្គលិកណាហ្គាវើលដ៍ជាច្រើនលើកច្រើនសា ដើម្បីឲ្យពួកគេពិចារណា និងភ្ញាក់រឭក តែពួកគេ កាន់តែបន្តធ្វើសកម្មភាព រហូតដល់សម្តែងធ្វើជាជនរងគ្រោះ តាមរូបភាពផ្សេងៗ។ អ្នកនាំពាក្យ អះអាងថា ពួកគេ ធ្វើសកម្មភាពទៅតាមសេណារីយោរៀបចំរបស់អ្នកដឹកនាំពីក្រោយខ្នង ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍អ្វីមួយ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ អត្ថាធិប្បាយទៀតថា បុគ្គលិកណាហ្គាវើលដ៍ ប្រើពាក្យអសុរោះ និងកាយវិការមិនសមរម្យដាក់អាជ្ញាធរ ដើម្បីបញ្ឆេះកំហឹងអាជ្ញាធរ ហើយពួកគេ ត្រៀមចាំថតរូបភាពផ្សេងៗ សម្រាប់ទុកចោទប្រកាន់អាជ្ញាធរ។ អ្នកនាំពាក្យ បញ្ជាក់ថាដោយមានការអត់ធ្មត់ អាជ្ញាធរមិនធ្លាក់ចូលក្នុងឧបាយកលរបស់ពួកគេឡើយ។

សូមរម្លឹកថា បុគ្គលិណាហ្គាវើលដ៍ បានចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក ដើម្បីទាមទារឲ្យទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ ភាគីបុគ្គលិក និងភាគីក្រុមហ៊ុន បានបន្តចរចាជាមួយគ្នា ដោយមានក្រសួងការងារជាអ្នកសម្របសម្រួល។ មកដល់ពេលនេះ ការចរចារបស់ពួកគេ មិនទាន់ឈានដល់ចំណុចរួមនោះទេ៕

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com