ជាតិ
លោក អ៊ុជ គឹមអន ត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួសលោក អ៊ឹម សួស្តី
25, Mar 2022 , 1:13 pm        
រូបភាព
លោក អ៊ុជ គឹមអន ធ្វើជាអធិបតីក្នុងពិធីពិគ្រោះយោបល់នៃក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌច្បារអំពៅ
លោក អ៊ុជ គឹមអន ធ្វើជាអធិបតីក្នុងពិធីពិគ្រោះយោបល់នៃក្រុមប្រឹក្សាខណ្ឌច្បារអំពៅ កាលពីឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌច្បារអំពៅ
លោក អ៊ុជ គឹមអន បច្ចុប្បន្នជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទទួលស្គាល់ជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈកិច្ចប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃ២៥ ខែមីនា ឆ្នាំ២០២២។



សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋសភា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងលោក អ៊ុជ គឹមអន ជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក អ៊ឹម សួស្តី ដែលត្រូវបញ្ចប់អាណត្តិ រួមទាំងអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន។

កាលពីអតីតកាល លោក អ៊ុច គឹមអន ជាអ្នកបកប្រែភាសាឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអំឡុងនៃការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយលោក ក៏ធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងដែរ។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា លោក អ៊ុជ គឹមអន នឹងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល៩ឆ្នាំ។ លោក បន្តថា មានតែលោក អ៊ុច គឹមអន ម្នាក់ប៉ុណ្ណោះ ដែលបានដាក់ពាក្យទៅរដ្ឋសភា ដើម្បីសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួសលោក អ៊ឹម សួស្តី។

លោក អ៊ឹម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានរដ្ឋសភាជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ នៅឆ្នាំ២០១៧ ជំនួសលោក ពិត តាំងសាន ដែលទទួលមរណភាព។ តាមកាលកំណត់ លោក លោក ពិត តាំងសាន ត្រូវធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល៩ឆ្នាំ តែលោក បានទទួលមរណភាព ក្រោយធ្វើជាសមាជិកនៃស្ថាប័នកំពូលនេះបាន៣ឆ្នាំ។ លោក អ៊ឹម សួស្តី បានធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល៦ឆ្នាំ ដែលនៅសល់ពីលោក ពិត តាំងសាន។

សមាជិកក្រុមប្រឹក្សាទាំងមាន៩រូប រួមមាន លោក អ៊ឹម ឈុនលឹម លោក អ៊ុត ឈន សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស លោក សំ ព្រហ្មនា លោក ហ៊ី សោភា លោក អ៊ឹម សួស្តី អ្នកស្រី លី វួចឡេង លោក កែវ ពុទ្ធរស្មី និង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស។ លោក អ៊ឹម ឈុនលឹម ជាប្រធាន៕

Tag:
 អ៊ុជ គឹមអន
  ក្រុមប្រឹក្សាធម្មនុញ្ញ
© រក្សាសិទ្ធិដោយ thmeythmey.com