ជាតិ
រូបសំណាកព្រះថោងនាងនាគ នឹងបង្ហាញពីវប្បធម៌ និងទាក់ទាញទេសចរនៅខេត្តព្រះសីហនុ
26, Mar 2022 , 2:07 pm        
រូបភាព
ដោយ:
រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់តាំងរូបសំណាកព្រះថោងនាងនាគ នៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ បែរព្រះភ័ក្ត្រទៅសមុទ្រ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ រដ្ឋបាលខេត្តដាក់តាំងរូបសំណាកកម្ពស់រហូតដល់២១ម៉ែត្រនេះ ដើម្បីបង្ហាញពីវប្បធម៌នៃការកកើតទឹកដី និងទាក់ទាញទេសចរថតរូបលេង។


 
រូបសំណាកព្រះថោងនាងនាគ ក្បូរក្បាច់បែបខ្មែរ ត្រូវបានធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិន បានដឹកមកកម្ពុជា កាលនៅថ្ងៃទី២៥ មីនា។ រដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់តាំងរូបសំណាកនេះ នៅ រង្វង់មូលប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ជិតនឹងផ្លូវឡើងទៅស្លាកខ្មែរធ្វើបាន។ 
 
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានThmeyThmey តាមតេឡេក្រាមថា រូបសំណាកព្រះថោងនាងនាគនឹងត្រូវដាក់បែរព្រះភ័ក្ត្រទៅសមុទ្រ ដើម្បីបង្ហាញពីទម្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាងឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។
 
រូបសំណាកកម្ពស់រហូតដល់២១ម៉ែត្រនេះនឹងក្លាយជាផ្នែកមួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ ខ្មែរដល់ទេសចរជាតិ និងអន្តរជាតិ។ « រូបសំណាកដែលមានអត្តសញ្ញាណ ប្រវត្តិខ្មែរ ច្បាស់ណាស់ប្រាកដជាទាក់ទាញទេសចរ។ ទេសចរជាតិ និងអន្តរជាតិ គេតែងតែចង់ដឹងពីជំនឿនៃការកកើតនៃទឹកដីខ្មែរ »។ នេះជាការបញ្ជាក់របស់លោក ឡុង ឌីម៉ង់។
 
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ រដ្ឋបាលខេត្តព្រះសីហនុក៏បានដាក់តាំងរូបសំណាក ព្រះសិវៈ និងព្រះនាងឧមាភគវតី នៅរង្វង់មូលផ្លូវបំបែករាម ស្រុកព្រៃនប់ ។ ភ្ញៀវទេសចរដែលទៅខេត្តព្រះសីហនុ ក៏តែងចូលថតរូបលេងនៅទីតាំងរូបសំណាកនោះផងដែរ៕


លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ។ រូបភាពពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ


Tag:
 ព្រះថោងនាងនាគ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com