ជាតិ
សេដ្ឋកិច្ច
«ទឹកឃ្មុំមណ្ឌលគិរី» នឹងត្រូវដាក់សម្ពោធម៉ាកសម្គាល់ភូមិសាស្រ្តទំនិញជាផ្លូវការ
26, Mar 2022 , 6:59 pm        
រូបភាព
ភ្នំពេញ៖ នៅថ្ងៃទី២៧ មីនាខាងមុខនេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះបើតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា។


 
ក្រៅពីម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់ ក្រសួងពាណិជ្ជកម្ម ក៏បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ផងដែរ។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅថ្ងៃទី២៧ មីនានេះ។ 
 
បើតាមនាយកដ្ឋានកម្មសិទ្ធិបញ្ញា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» គឺផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅលើទីផ្សារជាតិ និងអន្តរជាតិ។ លើសនេះ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក៏ជាការអភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់កសិករ និងសហគមន៍ជនជាតិដើមភាគពូនង ក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី»។
 
នាយកដ្ឋានកម្មសិទ្ធិបញ្ញា បន្តថា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក៏បានចូលរួមលើកកម្ពស់គុណភាព សំបកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារជាគោលដៅទេសចរណ៍។ បន្ថែមលើនេះ ចូលរួមបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។
 
សូមបញ្ជាក់ថា ក្រោយ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កាលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នាយកដ្ឋានកម្មសិទ្ធិបញ្ញា បានរៀបចំចងក្រង និងតម្កល់សៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ក្រោមកិច្ចគាំទ្ររបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ក្រោមជំនួយពីUSAID, EU/Sida, ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ), ធនាគាអភិវឌ្ឍន៌អាស៊ី (ADB) តាមរយៈ ក្រសួងបរិស្ថាន  និងក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិ October Hill Foundation៕
 

Tag:
 ទឹកឃ្មុំ
  មណ្ឌលគិរី
  កសិកម្ម
  ពាណិជ្ជកម្ម
  ភូមិសាស្រ្តទំនិញ
© រក្សាសិទ្ធិដោយ thmeythmey.com