ជាតិ
មនុស្សជិត២០០នាក់ ចូលរួមរត់ប្រណាំងដើម្បីបរិស្ថាន នៃទិវាមួយម៉ោងសម្រាប់ភពផែនដី
26, Mar 2022 , 4:49 pm        
រូបភាព
មនុស្សជិត ២០០នាក់បានចូលរួមរត់ប្រណាំងដើម្បីបរិស្ថាននៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែមីនានេះ។ រូបថត៖ ឆែម ចាន់ធើន /ក្រសួងបរិស្ថាន
មនុស្សជិត ២០០នាក់បានចូលរួមរត់ប្រណាំងដើម្បីបរិស្ថាននៅខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦ ខែមីនានេះ។ រូបថត៖ ឆែម ចាន់ធើន /ក្រសួងបរិស្ថាន
មនុស្សជិត២០០នាក់ មកពីរាជធានីភ្នំពេញ និងក្នុងខេត្តមណ្ឌលគិរី ចូលរួមរត់ប្រណាំង ដើម្បីអបអរទិវាមួយម៉ោងសម្រាប់ភពផែនដី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ។ ការរត់ប្រណាំងខាងលើនេះ ក្រោមប្រធានបទ «រត់ដើម្បីបរិស្ថាន ធម្មជាតិ និងសុខភាព» នៅលើទឹកដីក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី។


 
បើតាមក្រសួងបរិស្ថាន អ្នកចូលរួមមានទាំងជនជាតិខ្មែរ និងបរទេស ដោយរត់ប្រណាំងក្នុងចម្ងាយ ៥គីឡូម៉ែត្រ ចាប់ពីស្នាក់ការអង្គការមូលនិធីសកលសម្រាប់អភិរក្សធម្មជាតិ (WWF) រហូតដល់សួនច្បារដំរីដែក កណ្ដាលក្រុងសែនមនោរម្យ។ ចំពោះល្ងាចថ្ងៃទី២៦មីនាវិញ និងប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី នៅសួនច្បារក្រុងសែនមនោរម្យផងដែរ។
 
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងថា កម្មវិធីរត់ប្រណាំងខាងលើនេះ ជាឱកាសមួយសម្រាប់អ្នកស្រឡាញ់បរិស្ថាន ធនធានធម្មជាតិ និងអ្នកស្រឡាញ់សុខភាព បានជួបជុំធ្វើសកម្មភាពរួមគ្នា ដើម្បីបុព្វហេតុបរិស្ថាន ធនធានធម្មជាតិ និងសុខុមាលភាពរបស់ខ្លួន។ 
 
គួរជម្រាបផងដែរថា ទិវាមួយម៉ោងសម្រាប់ភពផែនដីលើកទី១៣ ឆ្នាំ២០២២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា»។ ទិវានេះ នឹងផ្ដល់ឱកាសឱ្យប្រជាជនទាំងអស់រួមចំណែក កាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកសាងអនាគតដែលគ្មានការបំពុលបរិស្ថាន។ តាមរយៈទិវានេះ ក្រសួងបរិស្ថាន ជំរុញឱ្យប្រជាជន ចូលរួមក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដី ដោយរួមគ្នាបិទភ្លើងនៅម៉ោង ៨ និង៣០នាទី នៅយប់ថ្ងៃទី២៦មីនា ដើម្បីរួមចំណែកការពារបរិស្ថាន៕
 
 

Tag:
 ទិវាមួយម៉ោងសម្រាប់ភពផែនដី២០២២
  ក្រសួងបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com