ជាតិ
សត្វអង្កត់ខ្មៅ ត្រូវបានបង្កាត់ពូជដោយជោគជ័យលើកដំបូង នៅសួនសត្វភ្នំតាម៉ៅ
27, Mar 2022 , 7:59 am        
រូបភាព
ដោយ:
តាកែវ៖ កូន«អង្កត់ខ្មៅ ឬដំបងក្រញូង» ចំនួនពីរក្បាល ត្រូវបានបង្កាត់ដោយជោគជ័យ នៅក្នុងសួនសត្វភ្នំតាម៉ៅ នៅខែមីនា ឆ្នាំ២០២២។ លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា នេះជាលើកទីមួយ ដែលសត្វប្រភេទនេះអាចបង្កាត់បាន នៅក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។


 
សួនសត្វភ្នំតាម៉ៅនៅក្នុងខេត្តតាកែវ ជាទីតាំងមួយដែលមានសត្វច្រើនប្រភេទ ទាំងក្នុងទ្រុង និងក្នុងព្រៃធម្មជាតិ។ ថ្មីៗនេះអ្នកថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ បានសាកល្បងយកសត្វអង្កត់ខ្មៅ ដែលជាសត្វស្លាបដ៏កម្រមួយប្រភេទនៅក្នុងតំបន់អាស៊ី ទៅបង្កាត់ពូជ ដោយទទួលបានកូនពីរក្បាល នៅក្នុងសួនសត្វភ្នំតាម៉ៅ ។
 
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ លើកឡើងថា វត្តមានសត្វអង្កត់ខ្មៅ នៅក្នុងសួនសត្វភ្នំតាម៉ៅមានសរុបចំនួន៥ក្បាល ក្នុងនោះ៣ក្បាលជាសត្វចាស់  និងពីរក្បាល ជាកូនទើបបង្កាត់បាននៅក្នុងខែមីនា ឆ្នាំ២០២២។
 
នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរូបនេះ បញ្ជាក់ថា សត្វប្រភេទនេះ ក្រុមការងារទើបនឹងបង្កាត់បានជាលើកទីមួយ ដែលអាចចាត់ទុកនេះជាដំណឹងដល់ល្អសម្រាប់ការបង្កើតចំនួនពួកវា។ «នោះមើលវាទៅមានសុខភាពល្អណាស់។ ខ្ញុំជឿថាអាចនឹងមានការបង្កាត់ជាបន្តបន្ទាប់ទៀត ព្រោះពេលនេះយើងធ្វើបានក្នុងដំណាក់កាលដំបូង។ មួយវិញទៀត បើតាមបទពិសោធ លើការងារនេះ យើងនៅបន្តបង្កាត់ពូជសត្វប្រភេទនេះ និងសត្វប្រភេទផ្សេងទៀត»។  នេះជាការលើកឡើងរបស់លោក និក ម៉ាក ដោយបន្ថែមថា សត្វប្រភេទសត្វនេះ នៅកម្ពុជា ជាសត្វដែលកម្រ និងមិនសូវឃើញមានទាំងក្នុងព្រៃធម្មជាតិ ឬក្នុងមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជ។

រូបសត្វអង្កត់ខ្មៅ ឬដំបងក្រញូង នៅក្នុងសួនសត្វភ្នំតាម៉ៅ  រូបភាពដោយ លោក ទ្រី ស៉ីថេង
 
លោក ទ្រី ស៊ីថេង ប្រធានបុគ្គលិកថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រាប់សារព័ត៌មានថ្មីៗ២៥ ខណៈពេលដើរទៅកន្លែងបង្កាត់ពូជសត្វអង្កត់ខ្មៅដូច្នេះ៖ សត្វប្រភេទនេះត្រូវការបច្ចេកទេស និងដាក់វាដាច់ដោយឡែក នៅក្នុងកន្លែងមួយធំជាងប្រភេទសត្វស្លាបប្រភេទផ្សេង ប៉ុន្ដែវាមិនពិបាកបង្កាត់ទេ។
 
«មួយទ្រុងដាក់វាបានតែពីរក្បាលទេ ព្រោះសត្វនេះមិនសូវត្រូវគ្នា។ មួយទ្រុងមានញីមួយ ឈ្មោលមួយ។ សត្វស្លាបផ្សេងៗយើងធ្លាប់បង្កាត់បានច្រើន តែចំពោះអង្កត់ខ្មៅជាលើកទីមួយរបស់យើង ហើយក៏អាចរាប់បញ្ចូលជាលទ្ធផលដ៏រីករាយក្នុងឆ្នាំ២០២២ដែរ»។ នេះជាការលើកឡើងរបស់លោក ស៊ីថេង។
 
សត្វអង្កត់ខ្មៅបន្តពូជចាប់ពីខែតុលា ដល់ខែមីនា ជារៀងរាលឆ្នាំ និងអាចមានពងចន្លោះ៣-៥គ្រាប់ក្នុងមួយរដូវ។ សត្វអង្កត់ខ្មៅ រស់នៅប្រទេសកម្ពុជាមានមិនច្រើនទេ បើគិតត្រឹមឆ្នាំ២០១៧ វាមានចំនួនជាង១០គូប៉ុណ្ណោះ។ តាមការប៉ាន់ប្រមាណ សត្វអង្កត់ខ្មៅនៅលើពិភពលោកមានចំនួន ១៥.០០០ក្បាល ទៅ៣៥.០០០ក្បាល  ហើយសត្វទាំងនេះភាគច្រើនមាននៅប្រទេសអូស្ត្រាលី៕


រូបសត្វអង្កត់ខ្មៅ ឬដំបងក្រញូង នៅក្នុងសួនសត្វភ្នំតាម៉ៅ  រូបភាពដោយ លោក ទ្រី ស៉ីថេង


Tag:
 សួនសត្វ
  បង្កាត់ពូជ
 អង្កត់ខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com