សុខភាព
អន្តរជាតិ
គេងបានគ្រប់គ្រាន់ អាចជួយអ្នកគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្តបានកាន់តែល្អ
13, Apr 2022 , 9:39 pm        
រូបភាព
រូបភាព៖ Unsplash
រូបភាព៖ Unsplash
ការសិក្សាថ្មីមួយ បានបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យមនុស្សពិបាកគ្រប់គ្រងអារម្មណ៍ ហើយអាចបង្កើនហានិភ័យនៃការវិវដ្តទៅមានជំងឺស្ត្រេស ដែលជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់មនុស្សបានយ៉ាងងាយ។ ហេតុនេះ ការគេងបានគ្រប់គ្រាន់អាចកាត់បន្ថយអាការថប់អារម្មណ៍ ភាពតានតឹង និងបាក់ទឹកចិត្ត។ ការគេងឱ្យបានស្កប់ស្កល់ក៏អាចធ្វើឱ្យការចងចាំ ការផ្ចង់អារម្មណ៍ និងដំណើរការគិតផ្សេងទៀតប្រសើរឡើងដែរ។

 
នៅពេលមនុស្សមានបញ្ហាស្មុគស្មាញគិតពីដំណោះស្រាយអ្វីមួយមិនចេញ ពួកគេតែងត្រូវណែនាំឱ្យគេង ឬសម្រាកបន្តិចសិន ព្រោះវាគឺជាដំបូន្មានបែបវិទ្យាសាស្ត្រដ៏មានប្រសិទ្ធភាពមួយ។ ជាការពិតណាស់ ការគេងអាចមានឥទ្ធិពលលើការឆ្លើយតបអារម្មណ៍របស់មនុស្ស ចំពោះស្ថានភាពណាមួយ និងជួយមនុស្សឱ្យគ្រប់គ្រងសុខភាពផ្លូវចិត្តឱ្យបានល្អ។
 
តាមពិតទៅ ដើម្បីយល់ដឹងពីមូលហេតុនៃការគេងមានទំនាក់ទំនងខ្លាំងនឹងអារម្មណ៍ អ្នកគួរដឹងមុនសិនថាខួរក្បាលមនុស្សមានតំបន់សំខាន់ពីរដែលទាក់ទងគ្នាដើម្បីបង្កើតការឆ្លើយតប អារម្មណ៍។ តំបន់ទីមួយគឺ paleomammalian cortex ដែលមានទីតាំងនៅជ្រៅក្នុងខួរក្បាល ដើរតួជាមជ្ឈមណ្ឌលគ្រប់គ្រងអារម្មណ៍ វាយតម្លៃស្ថានភាពបានយ៉ាងរហ័ស ដើម្បីជួយមនុស្សពីការសម្រេចចិត្តប្រើអារម្មណ៍ឆ្លើយតបបែបណាឱ្យបានត្រឹមត្រូវ។ ចំណែកតំបន់ទីពីរគឺ prefrontal cortex មានទីតាំងនៅខាងក្រោយថ្ងាស មាននាទីជួយតម្រូវការឆ្លើយតបខាងអារម្មណ៍របស់មនុស្ស ដូចជាការបង្កើនឬបន្ថយកម្រិតប្រតិកម្មតាមការចាំបាច់។
 
តំបន់ខួរក្បាលទាំងពីរនេះត្រូវតែមានទំនាក់ទំនងល្អនឹងគ្នា ដើម្បីបង្កើត និងកែតម្រូវការឆ្លើយតបអារម្មណ៍របស់មនុស្សប្រកបដោយប្រសិទ្ធភាព។ និយាយដល់ត្រឹមនេះ ការគេងឱ្យបានគ្រប់គ្រាន់ ត្រូវបានចូលមកពាក់ព័ន្ធ ព្រោះវានឹងធ្វើឱ្យតំបន់នៃខួរក្បាលដំណើរការបានល្អ។ នៅពេលដែលមនុស្សគេងមិនលក់ ទំនាក់ទំនងរវាងតំបន់ទាំងពីរនេះចុះខ្សោយ។ 
 
ការសិក្សាបង្ហាញថា ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យមនុស្សពិបាកគ្រប់គ្រងអារម្មណ៍ និងបង្កើនហានិភ័យនៃការវិវដ្តទៅមានជំងឺស្ត្រេសដែលអាចជះឥទ្ធិពលដល់សុខភាពផ្លូវចិត្តរបស់មនុស្សបានយ៉ាងងាយ។ ផ្ទុយទៅវិញ ប្រសិនបើមនុស្សមានដំណេកស្កប់ស្កល់ល្អ នោះពួកគេនឹងមានសមត្ថភាពដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព អាចកាត់បន្ថយអាការថប់អារម្មណ៍ មិនសូវមានភាពតានតឹង និងមិនងាយបាក់ទឹកចិត្ត។ ការគេងឱ្យបានស្កប់ស្កល់ក៏មានសារៈសំខាន់សម្រាប់ការបណ្ដុះគំនិតកែច្នៃ ពង្រឹងការចងចាំ ការផ្ចង់អារម្មណ៍ និងដំណើរការគិតផ្សេងទៀតឱ្យបានប្រសើរឡើងដែរ។ 
 
គួរបញ្ជាក់ថា ការគេងឱ្យបានគ្រប់គ្រាន់ និងស្កប់ស្កល់អាចជួយសុខភាពមនុស្ស និងសម្រួលការរស់នៅបានយ៉ាងច្រើន។ ដើម្បីទទួលបានការគេងលក់ស្កប់ស្កល់នោះ មនុស្សគួររក្សាម៉ោងគេង និងម៉ោងភ្ញាក់ឱ្យទៀងទាត់ គេងនៅកន្លែងមានពន្លឺចាំងចូលនៅពេលព្រឹក ព្រមទាំងជ្រើសកន្លែងគេងដែលមានផាសុខភាព និងជៀសវាងការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬនីកូទីនជាដើម៕
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com