ជាតិ
បណ្ណាល័យចល័ត និងបច្ចេកវិទ្យាសិក្សាទំនើប បានទៅដល់ស្រុកអូយ៉ាដាវ ដើម្បីបង្កើនគុណភាពអប់រំ
27, Mar 2022 , 9:29 am        
រូបភាព
ដោយ៖ ហេង ស្រីលីន
 
អង្គការស៊ីប៉ា(Sipar) បានដាក់ឱ្យដំណើរការបណ្ណាល័យចល័តដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប រួមទាំងសៀវភៅសិក្សាផ្សេងៗប្រមាណ១ ០០០ក្បាល នៅវិទ្យាល័យសោមធំ ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ បើតាមលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ការសម្រេចដាក់ឱ្យប្រើប្រាស់នូវបណ្ណាល័យចល័តនេះ ដើម្បីចូលរួមលើកកម្ពស់ការសិក្សារបស់សិស្សនៅតំបន់ជនបទ ឬតំបន់ដាច់ស្រយាល។

 
អង្គការស៊ីប៉ា បានចូលរួមយ៉ាងសកម្មខាងផ្នែកអប់រំ ដល់សិស្សានុសិស្ស នៅបណ្តារាជធានី-ខេត្ត ជាពិសេសនៅតាមជនបទ។ ការចូលរួមរបស់ស៊ីប៉ានេះ ក្នុងគោលបំណងចង់ឱ្យ កុមារ និងយុវជនទាំងអស់ទទួលបានការអប់រំប្រកបដោយគុណភាព និងជំរុញឱ្យមានការអានសៀវភៅឱ្យបានច្រើន តាមរយៈការបង្កើតបណ្ណាល័យចល័តនានានៅតាមសាលារៀនដែលខ្វះខាតសម្ភារៈសិក្សា។
 
លោក ហុក សុទ្ធិ បានលើកឡើងថា ជាទូទៅសិស្សនៅតំបន់ដាច់ស្រយាលគឺខ្វះខាតសៀវភៅសម្រាប់សិក្សា និងមធ្យោបាយដើម្បីទទួលបានការសិក្សា។ លើសពីនេះ សិស្សទាំងនោះ គឺមិនសូវយល់ដឹងទូលំទូលាយពីទីផ្សារការងារនាបច្ចុប្បន្ន ក្រៅតែពីជំនាញគ្រូបង្រៀន គ្រូពេទ្យ ទាហាន និងប៉ូលិសប៉ុណ្ណោះ។
 
លោក ហុក សុទ្ធិ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖ «តាមរយៈការដាក់ឱ្យដំណើរការបណ្ណាល័យចល័តនៅវិទ្យាល័យសោមធំនេះ យើងសង្ឃឹមថាសិស្សនៅតំបន់ជាប់ព្រំដែនមួយនេះនឹងទទួលបានការសិក្សាកាន់តែច្រើន និងស្វែងយល់ពីឱកាសទីផ្សារការងារកាន់តែទូលាយសម្រាប់អនាគតរបស់ពួកគាត់ម្នាក់ៗ»។


លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា
 
បណ្ណាល័យថ្មីដែលផ្តល់ដោយអង្គការស៊ីប៉ានេះ គឺជាគោលបំណងធំបំផុតដែលវិទ្យាល័យសោមធំចង់បានសម្រាប់ឱ្យសិស្សទទួលបានការសិក្សានិងរៀនបន្ថែម។ បើតាម លោក កែវ អាំផន នាយកសាលាវិទ្យាល័យសោមធំ សិស្សនៅតំបន់នេះ មានជាង៩០ភាគរយ ជាជនជាតិដើមភាគតិចចារ៉ាយ ទំពួន គ្រឹង និងព្នងជាដើម។ លោកបានបញ្ជាក់ថា នៅក្នុងនោះ មានសិស្សដែលបោះបង់ការសិក្សាភាគច្រើន បណ្តាលមកពីការខ្វះខាតថវិកា និងសាលារៀននៅឆ្ងាយរាប់សិបគីឡូម៉ែត្រពីផ្ទះរបស់ពួកគាត់។
 
លោក កែវ អាំផន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៖ «ការទទួលបានបណ្ណាល័យនេះ គឺជាការផ្តល់ឱកាសដល់សិស្សានុសិស្ស ពិសេសសិស្សដែលជាជនជាតិដើមភាគតិចឱ្យបានសិក្សារៀនសូត្រច្រើនជាងមុន»។
 
ជាមួយគ្នា យុវតី រចំ បុប្ផា ដែលជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសោមធំ បានបង្ហាញនូវក្តីរំភើប នៅពេលដែលសាលារៀនរបស់ខ្លួនមានសៀវភៅល្អសម្រាប់អានគ្រប់គ្រាន់ និងមានបំពាក់ដោយកុំព្យូទ័រ និងឧបករណ៍ស្កេនសៀវភៅ ដូចសាលាផ្សេងទៀតដែរ។
 
 យុវតី បុប្ផា រៀបរាប់ទាំងរីករាយដូច្នេះ៖ «នេះជាលើកទីមួយហើយ ដែលសាលារបស់យើងទទួលបានសៀវភៅល្អៗបែបនេះ។ ជាពិសេសបណ្ណាល័យមានសៀវភៅគ្រប់គ្រាន់ ដើម្បីឱ្យពួកយើងបានស្វែងយល់ និងសិក្សាបន្ថែម។ ពួកយើងបានទទួលនូវចំណេះថ្មីៗ សម្រាប់ជួយតម្រង់ទិស ក្នុងការជ្រើសរើសមុខជំនាញ នាពេលអនាគត»។


យុវតី រចំ បុប្ផា ដែលជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យសោមធំ
 
សូមរម្លឹកថា សម្រាប់ខេត្តរតនគិរី អង្គការស៊ីប៉ា ក្រៅតែពីផ្តល់បណ្ណាល័យឱ្យវិទ្យាល័យសោមធំហើយនោះ ក៏បានផ្តល់បណ្ណាល័យចល័តនៅវិទ្យាល័យកន្លែងទៀត នៅក្នុងស្រុកបរកែវ ផងដែរ។   ដោយឡែក នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ អង្គការស៊ីប៉ា នឹងសម្ពោធបណ្ណាល័យមួយកន្លែងទៀត នៅវិទ្យាល័យ ជីហែ ក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ខណៈអង្គការមួយនេះ បានផ្តល់បណ្ណាល័យចល័តនានា ដែលស្ថិតនៅតំបន់ដាច់ស្រយាលនៃខេត្តក្រចេះ ព្រៃវែង កំពង់ឆ្នាំង ផងដែរ៕
 







Tag:
 អង្គការស៊ីប៉ា
  ស្រុកអូយ៉ាដាវ
  សោមធំ
© រក្សាសិទ្ធិដោយ thmeythmey.com