ជាតិ
សង្គមជាតិ
រដ្ឋបាលពោធិ៍សាត់ ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវ តម្លៃជាង១០ម៉ឺនដុល្លារ
27, Mar 2022 , 2:19 pm        
រូបភាព
 ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ខេត្តពោធិ៍សាត់។ រូបភាពពី គេហទំព័រខេត្តពោធិ៍សាត់។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ នូវប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ខេត្តពោធិ៍សាត់។ រូបភាពពី គេហទំព័រខេត្តពោធិ៍សាត់។
រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ ប្រព័ន្ធទឹកស្អាតនេះ កសាងក្រោមទំហំទឹកប្រាក់ ១០ម៉ឺនដុល្លារ។


 
រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ប្រព័ន្ធទឹកស្អាតនេះ ត្រូវបានកសាងឡើង  ក្រោមជំនួយឥតសំណង របស់ប្រទេសជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ(KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ។ នាថ្ងៃបើកសម្ពោធនោះ លោក KURIBAYASHI Takanori លេខាធិការ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា លើកឡើងថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងជួយឱ្យពលរដ្ឋនៅក្នុងភូមិ ទទួលបានទឹកស្អាតប្រើប្រាស់កាន់តែប្រសើរជាងមុន ព្រមទាំងជួយកែលម្អ ស្ថានភាពសុខភាពរបស់ពួកគាត់ផងដែរ។ 
 
«វិស័យទឹកស្អាត និងអនាម័យ ជាវិស័យអាទិភាពមួយ នៅក្នុងជំនួយអភិវឌ្ឍន៍របស់ជប៉ុន សម្រាប់ប្រទេសកម្ពុជា»។ នេះជាសម្ដីរបស់ លោក KURIBAYASHI Takanori ដោយបន្ថែមថា គម្រោងកែលម្អប្រព័ន្ធទឹកស្អាត ជាច្រើនផ្សេងទៀត នឹងត្រូវបានអនុវត្តតាមរយៈគម្រោង គោលការណ៍ជំនួយអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុន។ 
 
លោកក៏រំពឹងផងដែរថា ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ នឹងត្រូវបានថែរក្សាបានយ៉ាងល្អ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យពលរដ្ឋក្នុងសហគមន៍ រួមទាំងសិស្សានុសិស្ស អាចទទួលទានទឹកដែលមានសុវត្ថិភាព និងបង្កើតចំណេះដឹងរបស់ពួកគេអំពីអនាម័យ។
 
នាពិធីបើកសម្ពោធនោះ លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ លើកឡើងថា គម្រោងនេះ និងជួយឱ្យពលរដ្ឋភូមិក្សេត្របូរី ទទួលបានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ ក្នុងសហគមន៍ និងកាត់បន្ថយពេលវេលាទៅរែកទឹក ដងទឹក និងដឹកទឹកពីឆ្ងាយមកប្រើប្រាស់។ ជាពិសេស សិស្សានុសិស្សចំណេញពេលវេលាក្នុងការសិក្សា ដែលកាលពីមុនពួកគេរវល់ច្រើន ក្នុងការដឹកជញ្ជូនទឹកមកប្រើប្រាស់។
 
អភិបាលខេត្តរូបនេះ ក៏បានផ្តាំផ្ញើដល់ពលរដ្ឋ ដែលទទួលផលប្រយោជន៍ពីគម្រោងនេះ ចូលរួមថែរក្សានូវសមិទ្ធផលរួម សម្រាប់ជាប្រយោជន៍ដល់ក្រុមគ្រួសារ ព្រមទាំងសហគមន៍ និងបង្កើតឱ្យមានគណៈកម្មការគ្រប់គ្រងទឹក ដោយធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់ ដោយគោរពតាមលក្ខន្តិកៈ និងតួនាទីរបស់ខ្លួន ជៀសវាងមានទំនាស់ផលប្រយោជន៍ផ្សេងៗ៕
 

Tag:
 ប្រព័ន្ធទឹកស្អាត
  សហគមន៍រាំងខ្វាវ
© រក្សាសិទ្ធិដោយ thmeythmey.com