ជាតិ
រដ្ឋបាលខេត្តកំពង់ស្ពឺឱ្យ លោក តាន់ គីមសួរ ដាំដើមឈើឡើងវិញលើផ្ទៃដីជាង ៤០០ហិកតានៅឱរ៉ាល់
27, Mar 2022 , 6:59 pm        
រូបភាព
លោក តាន់ គីមសួរប្រធានគម្រោងបៃតងវ៉រៀសន៍  ពាក់អាវខ្មៅ កាន់កូនឈើ
លោក តាន់ គីមសួរប្រធានគម្រោងបៃតងវ៉រៀសន៍ ពាក់អាវខ្មៅ កាន់កូនឈើ
រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រសួងបរិស្ថានគាំទ្រឱ្យ លោក តាន់ គីមសួរ ប្រធានគម្រោងបៃតងវ៉រៀសន៍ ដាំកូនឈើ ឡើងវិញ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ លើផ្ទៃដី ៤១៣ហិកតា ។ បើតាមលោក តាន់ គីមសួរ ក្នុងទំហំដីនេះ ត្រូវការដាំកូនឈើប្រមាណ ២០ម៉ឺនដើម។


 
ក្រោយពីទទួលបានការគាំទ្រពីក្រសួងបរិស្ថាន និង រដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យដាំដើមឈើឡើងវិញ លោក តាន់ គីមសួរ ប្រធានគម្រោងបៃតងវ៉រៀសន៍ នឹងចាប់ផ្ដើមដាំកូនឈើសាកល្បង ១ម៉ឺនដើម នារដូវវស្សា ក្នុងឆ្នាំ២០២២នេះ។ លោកនឹងចាប់ផ្ដើមដាំកូនឈើប្រភេទខុសៗគ្នា ដូចជា បេង នាងនួន និងប្រភេទឈើកម្រផ្សេងទៀត។ 
 
លោក តាន់ គីមសួរ បន្តដូច្នេះ៖ « ក្នុងទំហំដីជាង ៤០០ ហិកតា យើងត្រូវការដាំកូនឈើឡើងវិញប្រមាណ ៥ម៉ឺនដើម ដែលជាប្រភេទឈើកម្រ។  សម្រាប់គម្រោងនេះ យើងគ្រោងប្រើពេល ៥ ទៅ ៦ឆ្នាំ ព្រោះប្រជាជននៅទីនោះពួកគាត់បន្តដាំកូនឈើជារៀងរាល់ថ្ងៃ ហើយយើងផ្ដល់កញ្ចប់ថវិកាឱ្យពួកគាត់ »។
 
សម្រាប់ថវិកា ដែលប្រើប្រាស់សម្រាប់ដាំកូនឈើលើផ្ទៃដី ៤១៣ហិកតានេះ លោក តាន់ គីមសួរ ទទួលបានការឧបត្ថម្ភ ពីក្រុមហ៊ុនឯកជន។ ចំណែកថវិកាមួយផ្នែកទៀត លោកនិងប្រជាជននៅទីនោះនឹង រៀបចំទីតាំងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាតំបន់អេកូទេសចរណ៍ ហើយយកចំណូលមួយចំនួនសម្រាប់ផ្គត់ផ្គង់ការដាំកូនឈើ។
 
យ៉ាងណាមិញប្រធានគម្រោងបៃតងវ៉រៀសន៍រូបនេះ ក៏បានអំពាវនាវដល់សាធារណជន ឱ្យចូលរួមជាមួយលោក ដើម្បីដាំកូនឈើឡើងវិញនៅតំបន់ភ្នំឱរ៉ាល់ ធ្វើយ៉ាងណាឱ្យតំបន់នោះមានព្រៃឈើធំៗវិញ ក្នុងរយៈពេល ២០ឆ្នាំខាងមុខ ៕


 រូបភាពពីលោក តាន់ គីមសួរ

 

Tag:
 កំពង់ស្ពឺ
  ឱរ៉ាល់
© រក្សាសិទ្ធិដោយ thmeythmey.com