ជាតិ
ចូលឆ្នាំខ្មែរ៖​ ពោធិ៍សាត់ រំពឹងមានកំណើនទេសចរ ប៉ុន្តែអាចខ្វះផ្ទះស្នាក់
27, Mar 2022 , 3:28 pm        
រូបភាព
ដោយ:
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងថាចូលឆ្នាំប្រពៃណីខ្មែរ ខេត្តពោធិ៍សាត់នឹងទទួលបានទេសចរកាន់តែច្រើន ព្រោះរយៈពេល២ខែមកនេះទេសចរគ្រប់ទិសទីសម្រុកទៅកម្សាន្តនៅខេត្តមួយនេះ។ យ៉ាងណាមិញ ការខ្វះកន្លែងស្នាក់នៅ ជាបញ្ហាប្រឈម ដែលធ្វើឱ្យខេត្តពោធិ៍សាត់នឹងអាចទទួលភ្ញៀវក្នុងកម្រិតមួយ ។

 
ដើមឆ្នាំ២០២២នេះ ខេត្តពោធិ៍សាត់ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ ជារៀងរាល់ចុងសប្តាហ៍កន្លែងស្នាក់នៅក្នុងខេត្តនេះមិនសូវទំនេរនោះទេ។ ទេសចរចង់ទៅលេងខេត្តពោធិ៍សាត់ ជាពិសេសក្នុងស្រុកវាលវែងត្រូវកក់កន្លែងស្នាក់នៅជាមុន ព្រោះទេសចរកើនឡើងលើសសេវាកម្មស្នាក់នៅ។
 
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ រំពឹងខ្ពស់ថាទេសចរនឹងទៅកម្សាន្តនៅខេត្តពោធិ៍សាត់កាន់តែច្រើនខ្លាំងនៅថ្ងៃទី ១៤ដល់១៦ ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ព្រោះរៀងរាល់ចុងសប្តាហ៍ មិនមែនថ្ងៃបុណ្យ ក៏មានភ្ញៀវច្រើនដែរ។ ទន្ទឹមនឹងការរំពឹងនេះ លោក សំ ឃីម បារម្ភថាខេត្ត នឹងមិនអាចទទួលទេសចរបានទាំងអស់នោះទេ ព្រោះកន្លែងស្នាក់នៅកំពុងខ្វះខាត។
 
ប្រធានមន្ទីរទេសចរណ៍រូបនេះបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ « ភោជនីយដ្ឋាន យើងមិនខ្វះទេ តែកន្លែងស្នាក់នៅខ្វះ។ កន្លងមកភ្ញៀវខ្លះត្រូវត្រឡប់ទៅវិញ ខ្លះទៀតត្រូវបោះតង់។ តែឥឡូវអ្នករកស៊ី ចាប់ផ្ដើមធ្វើរីសត ផ្ទះស្នាក់ និងអាហារដ្ឋាននៅស្រុកវាលវែង ដែលមានទេសចរទៅច្រើន »។

លោក សំ​ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់
 
តំបន់ទេសចរណ៍ក្នុងស្រុកវាលវែង ដែលមានភ្ញៀវទៅលេងច្រើន គឺភ្នំ១៥០០ សហគមន៍អេកូទេសចរណ៍អូរសោម និងទឹកធ្លាក់តាដាជាដើម។ ជាមួយគ្នានេះ ទេសចរមានបំណងទៅកម្សាន្តនៅអូរសោម ត្រូវកក់កន្លែងស្នាក់នៅមុនមួយខែឬ យ៉ាងហោចណាស់មួយសប្តាហ៍ ព្រោះសហគមន៍មួយនេះកំពុងខ្វះខាត តែប្រជាជនក្នុងសហគមន៍ក៏កំពុងសាងសង់កន្លែងស្នាក់នៅបន្ថែមដែរ ។
 
តាមរយៈការខ្វះខាតកន្លែងស្នាក់នៅ លោក សំ ឃីម កំពុងណែនាំម្ចាស់សណ្ឋាគារ កន្លែងស្នាក់នៅ និងរីសត មិនឱ្យឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យទាន។ « យើងមើលឃើញថាកន្លែងខ្លះក៏ឡើងថ្លៃដែរ គឺកន្លែងស្នាក់នៅក្នុងស្រុកវាលវែង។ យើងនឹងណែនាំគាត់មិនឱ្យឡើងថ្លៃ បើសិនគាត់នៅឡើងថ្លៃយើងនឹងមានវិធានការ »។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានមន្ទីរទេសចរណ៍រូបនេះ​។
 
ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ជាង ៣០កន្លែង ចែកចេញជា ៣ប្រភេទគឺ ទេសចរណ៍ទន្លេសាប ទេសចរណ៍វប្បធម៌ និងសហគមន៍ទេសចរណ៍។ សូមជម្រាបផងដែរថា កាលពីចុងសប្តាហ៍ទី៣នៃខែមីនា ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរ ១៣ ៣៨៩នាក់ ខណៈភ្ញៀវទេសចរសរុបទូទាំងប្រទេសមាន ២១៥ ០៩៥នាក់៕​
 
 

Tag:
 ចូលឆ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com