សុខភាព
អន្តរជាតិ
រោគសញ្ញាសំខាន់ៗដែលកើតឡើង ១០ឆ្នាំមុនវិវដ្តទៅជាជំងឺវង្វេង
14, Apr 2022 , 1:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
កន្លងមក ជំងឺវង្វេងមិនមានការព្យាបាលប្រកបដោយប្រសិទ្ធភាពនោះទេ ប៉ុន្តែអ្នកវិទ្យា​សាស្ត្របានខិតខំកំណត់រោគសញ្ញាបឋមមួយចំនួន ដើម្បីការពារ ឬបន្ថយល្បឿននៃការវិវដ្ដ​របស់វាបានទាន់ពេល។ កត្តាហានិភ័យដែលជាសញ្ញានៃជំងឺវង្វេងដែលគេកំណត់បាន​មាន​ដូចជាជំងឺបាក់ទឹកចិត្ត ខ្សោយត្រចៀកស្ដាប់មិនសូវឮ និងសញ្ញាជាច្រើនទៀត។

 
អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា មនុស្ស ៥៥លាននាក់នៅទូទាំង​ពិភពលោកមានអាការភ្លេចភ្លាំង។ ក្នុងនោះ មនុស្សប្រមាណ ៦០ ទៅ ៧០ភាគរយមាន​ជំងឺវង្វេង។ ជំងឺវង្វេងមានសភាពធ្ងន់ធ្ងរជាងជំងឺភ្លេចភ្លាំង ហើយវាវិវដ្ដមកពីការភ្លេចភ្លាំង​ច្រើន។ ជំងឺវង្វេងមិនមែនកើនឡើងភ្លាមៗនោះទេ ខួរក្បាលដែលទទួលខុសត្រូវចំពោះជំងឺ​វង្វេង អាចចាប់ផ្តើមប៉ះពាល់ជាច្រើនឆ្នាំមុនពេលវាជះឥទ្ធិពលទៅលើសមត្ថភាពយល់ដឹង និងអាកប្បកិរិយា។
 
ដំបូងវាអាចមានរោគសញ្ញាមួយចំនួនដែលអាចសម្គាល់បាន។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Paris Brain របស់បារាំងបានរកឃើញស្ថានភាពសុខភាព ឬរោគសញ្ញាមួយចំនួនដែល​អាចនឹងកើតឡើង ១០ឆ្នាំមុនវិវដ្ដទៅជាជំងឺវង្វេង។
 
ជំងឺបាក់ទឹកចិត្ត គឺជាស្ថានភាពដំបូងបំផុតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺវង្វេង ហើយវាលេចឡើងយ៉ាងហោចណាស់ ៩ឆ្នាំមុនពេលវិវដ្តទៅមានជំងឺង្វេង។ លើសពីនេះ វាមានរោគសញ្ញាផ្សេងទៀតដែលការសិក្សាបានរកឃើញថាបានផ្សារភ្ជាប់ទៅនឹងការកើត​ជំងឺវង្វេង។ រោគសញ្ញាទាំងនោះរួមមាន ការធុញថប់អារម្មណ៍ ស្ត្រេសខ្លាំង ការទល់លាមក ការស្រក​ទម្ងន់ខុសធម្មតា មានជំងឺរលាកសន្លាក់ឆ្អឹងក ខ្សោយការស្ដាប់ និងគេងមិនសូវ​លក់ជាដើម។ ការសិក្សា​ក៏​បាន​បង្ហាញ​​ថា ការ​ដួល សន្លប់ និង​អស់កម្លាំង​ញឹកញាប់ក៏ទាក់​ទងទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​វង្វេងដែរ។
 
នៅឆ្នាំ ២០២០ ទិនានុប្បវត្តិ Lancet ស្តីពីជំងឺវង្វេង បានបង្ហាញពីកត្តាហានិភ័យបង្កជំងឺ វង្វេង ដែលមានដូចជាការប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក ការរងរបួសក្បាល រងការ​បំពុលខ្យល់ មានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជក់បារី មានជំងឺធាត់ និងមិនហាត់​ប្រាណជាដើម។ ដូច្នេះការចៀសវាងមិនឱ្យមានកត្តាហានិភ័យទាំងអស់នេះនឹងអាចការពារ ឬពន្យារជំងឺវង្វេងក្នុងមនុស្សរហូតដល់ ៤០ភាគរយ។ 
 
គួរបញ្ជាក់ថា រោគសញ្ញា ក៏ដូចជាកត្តាហានិភ័យបង្កជំងឺដែលបានរៀបរាប់ខាងលើគឺជាលទ្ធ​ផលនៃការសិក្សាលើអ្នកមានជំងឺវង្វេងដែលធ្លាប់ជួបប្រទះ។ វាជាកត្តាហានិភ័យដែលធ្វើឱ្យ​មនុស្សងាយប្រឈមនឹងជំងឺ​វង្វេង ប្រសិនបើមានអាការៈ និងជំងឺទាំងនោះ ប៉ុន្តែវាមិនមែន​មានន័យថា គ្រប់គ្នា​ដែលមានអាការៈក្នុងចំណោមនោះសុទ្ធតែត្រូវកើតជំងឺវង្វេងឡើយ៕ 
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com