ជាតិ
កញ្ញា គ្រី លីតា៖ ការងារស្ម័គ្រចិត្តជួយអភិវឌ្ឍខ្លួន និងសង្គម
27, Mar 2022 , 7:59 pm        
រូបភាព
កញ្ញា គ្រី លីតា​ និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញបត្រអក្សរសាស្ត្រអង់គ្លេស និង បរិញ្ញបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍
កញ្ញា គ្រី លីតា​ និស្សិតកំពុងសិក្សាថ្នាក់បរិញ្ញបត្រអក្សរសាស្ត្រអង់គ្លេស និង បរិញ្ញបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍
ដោយ៖  សឿន លក្ខិណា
 
កំពង់ស្ពឺ៖ ប្រមាណ៥ឆ្នាំមកហើយ ដែលកញ្ញា គ្រី លីតា បានចំណាយពេលវេលាផ្ទាល់ខ្លួន​ ធ្វើការងារស្ម័គ្រចិត្តនានានៅក្នុងសង្គម។ ការងារស្ម័គ្រចិត្តដែលនារីវ័យ២៤ឆ្នាំរូបនេះបានចូលរួមនោះ មានការចូលរួមរៀបចំកម្មវិធីជជែកដេញដោលស្ដីពីស្ត្រី និងជួយបកប្រែមេរៀនសរសេរកូដពីភាសាបរទេសទៅជាភាសាខ្មែរសម្រាប់បង្រៀនកុមារ រួមទាំងការងារស្ម័គ្រចិត្តនៅក្នុងវិស័យអប់រំផ្សេងៗ។ តាមរយៈការងារស្ម័គ្រទាំងនេះ លីតា បានរៀនសូត្របន្ថែម ក្រៅពីអ្វីដែលនាងកំពុងរៀននៅសាកលវិទ្យាល័យ។ 

 
កញ្ញា គ្រី លីតា បានសម្រេចចូលធ្វើការងារស្ម័គ្រចិត្តតាំងពីឆ្នាំ២០១៨មក។ ការងារស្ម័គ្រ ដែលនាងបានធ្វើជិត៥ឆ្នាំមកនេះ គឺបានជួយដល់នាងក្នុងការបង្កើនសមត្ថភាព ចំណេះជំនាញ ព្រមទាំងមានទំនាក់ទំនងល្អក្នុងសង្គមថែមទៀត។
 
«ខ្ញុំរៀនសូត្របានច្រើនមែនទែន [ពីការងារស្ម័គ្រចិត្តនានា]»។ លីតា បាននិយាយដូច្នេះ ដោយបានបញ្ជាក់ថា៖ «ការងារស្ម័គ្រចិត្តគឺមានផលប្រយោជន៍ច្រើនមែនទែនសម្រាប់យុវជន ព្រោះពេលចូលធ្វើការងារស្ម័គ្រចិត្ត យើងបានស្គាល់មនុស្សថ្មីៗ និងអាចបើកឱកាសឱ្យខ្លួនឯងថ្មីៗ មិនថាទាក់ទងជាមួយអ្នកធ្វើគម្រោងផ្ទាល់ឬអ្នកស្ម័គ្រចិត្តទេ។ ខ្ញុំយល់ថាការស្ម័គ្រចិត្ត​ មិនត្រឹមជួយសង្គមទេ ថែមទាំងជួយអភិវឌ្ឍខ្លួនឯង បានដែរ»។
 
 
ជានិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញបត្រអក្សរសាស្ត្រអង់គ្លេស និង បរិញ្ញបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍ លីតា បានចូលរួលរួមការងារស្ម័គ្រចិត្តនានា គឺមិនតិចនោះឡើយ។  បើតាមលីតា ការងារស្ម័គ្រចិត្តដែលនាងបានធ្វើកន្លងមកនេះ មាន​ការងារក្នុងវិស័យអប់រំ, ការរៀបចំកម្មវិធីទូទៅ, ការរៀបចំកម្មវិធីជជែកដេញដោលស្ដីពីស្ត្រី, កម្មវិធីសេដ្ឋកិច្ចឌីជីថល, ក្នុងការបកប្រែសៀវភៅដើម្បីឱ្យកុមារអាន,  ចូលរួមបកប្រែមេរៀនសរសេរកូដពីភាសាបរទេសទៅជាភាសាខ្មែរ សម្រាប់ឱ្យកុមាររៀនសូត្រ និងកម្មវិធីផ្សេងច្រើនទៀត។ 
 
យុវតី ជាអ្នកភ្នំពេញរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «ការងារស្ម័គ្រចិត្ត គឺជាការងារមួយ ដែលយើងត្រូវចេះអត់ធ្មត់និងចំណាយពេលវេលា លុយកាត់ផ្ទាល់ខ្លួន ប៉ុន្តែ [ខ្ញុំ] សប្បាយចិត្តក្នុងការចូលរួមធ្វើការស្ម័គ្រចិត្តគ្រប់សកម្មភាព ដោយយល់ថាការងារទាំងនេះ ជាមេរៀនដែលផ្តល់ឱ្យខ្លួនថែមទៀតផង»។ 
 
ជាមួយគ្នានេះ កញ្ញា គ្រី លីតា បានលើកទឹកចិត្តដល់យុវជនដទៃ ឱ្យចូលរួមធ្វើការងារស្ម័គ្រនានាដែលខ្លួនស្រលាញ់ ពេញចិត្ត ដើម្បីអភិវឌ្ឍខ្លួនឯង ក៏ដូចជាការចូលរួមអភិវឌ្ឍសង្គមជាតិរបស់ខ្លួនផងដែរ  ព្រោះគ្មានអ្វីដែលយើងធ្វើមិនបានទេ។ កញ្ញា និយាយថា ៖«គ្មានអ្វីដែលយើងធ្វើមិនបាននោះទេ ឱ្យតែស្រលាញ់ ចូលចិត្ត និងតាំងចិត្ត គឺច្បាស់ជាធ្វើបានហើយ»៕ 
 

Tag:
 ការងារស្ម័គ្រចិត្ត
  កញ្ញា គ្រី លីតា
© រក្សាសិទ្ធិដោយ thmeythmey.com