ជាតិ
មន្ទីរកសិកម្មខេត្តមណ្ឌលគិរី លើកទឹកចិត្តឱ្យកសិករដាំដំឡូងបារាំង ព្រោះមានទីផ្សារខ្ពស់ និងតម្លៃថ្លៃ
27, Mar 2022 , 9:59 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន

លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី លើកទឹកចិត្តឱ្យកសិករ បង្កើនការដាំដុះដំឡូងបារាំង ព្រោះតំបន់ខេត្តភូមិភាគឦសាន្តមួយនេះ មានអាកាសធាតុសមស្របនឹងដំណាំ ។ លោកបន្ថែមថាដំឡូងបារាំង មានតម្រូវការទីផ្សារខ្ពស់ និងលក់បានតម្លៃថ្លៃ ប៉ុន្តែមិនសូវមានអ្នកដាំ។


 
លោក វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ធ្លាប់បានផ្តល់ពូជដំឡូងបារាំងដល់កសិករចំនួន៥គ្រួសារកន្លងមក ដើម្បីដាំសាកល្បង នៅខេត្តមណ្ឌលគិរី ព្រោះអាកាសធាតុទីនោះ ត្រជាក់អំណោយផលដល់ដំណាំប្រភេទនេះ។ ក្រោយទទួលជោគជ័យ មន្ទីរកសិកម្មខេត្ត ក៏បង្កើតសមាគមដាំដំឡូងបារាំង ដែលមានសមាជិកចំនួន២០គ្រួសារ ដើម្បីបង្កើនការដាំដុះថែមទៀត​។ 
 
លោក សុខ ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី អះអាងថា ដំឡូងបារាំង ជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ ចំណែកឯ ការផ្គត់ផ្គង់នៅតិចនៅឡើយ។ «ដំឡូងបារាំងលក់បានតម្លៃខ្ពស់ ឯទីផ្សារវិញក៏ល្អ ព្រោះមានតម្រូវការច្រើន ជាពិសេសដំណាំប្រភេទនេះ មានខេត្តតិចណាស់ដែលអាចដាំបាន ហើយកសិករដែលដាំក៏មិនមានច្រើន។ ជាហេតុធ្វើឱ្យ ពួកគាត់ត្រូវពង្រីកការដាំបន្ថែមទៀត។» នេះជាការលើកឡើងរបស់លោក សុខ ឃាង។
 
ទន្ទឹមនឹងនេះ លោក សុខ ឃាង ក៏លើកទឹកចិត្តដល់កសិករក្នុងខេត្ត ឱ្យបង្កើនការដាំដុះដំឡូងបារាំងបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ដើម្បីជំរុញផលិតផលកសិកម្មក្នុងខេត្តមណ្ឌលគិរីផងដែរ។ 
 
លោក គ្រី ម៉េងឈាង​ កសិករដំបូងដែលដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរី អះអាងថា បច្ចុប្បន្នដំឡូងបារាំងកំពុងមានតម្រូវការទីផ្សារខ្ពស់ ខណៈលោក មិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់នៅឡើយទេ។ លោក បន្តថា អាកាសធាតុត្រជាក់ដូចមណ្ឌលគិរី គឺអំណោយផលដល់ដំឡូងបារាំងបំផុត ប៉ុន្តែគ្មានកសិករដាំច្រើនឡើយ។ 


 
កសិកររូបនេះលើកឡើងថា៖«ជារៀងរាល់ឆ្នាំ ដំឡូងបារាំងរបស់ខ្ញុំអាចប្រមូលផលបាន ជាង២០តោន ដោយ១គីឡូក្រាមលក់បាន៦ពាន់រៀល។ រាល់ពេលប្រមូលផល គឺនាំចេញមិនដែលសល់នោះទេ​ ពេលខ្លះខ្វះឱ្យគេក៏មានដែរ។ ដំឡូងបារាំងកំពុងមានទីផ្សារ និងមានតម្លៃខ្ពស់គួរសម បើប្រៀបទៅនឹងដំណាំផ្សេងៗទៀត»។ 
 
ក្រៅពីដំឡូងបារាំង លោក ម៉េងឈាង ក៏ដាំដុះដំណាំមើមមួយចំនួនទៀតដូចជា ខ្ទឹមស ខ្ទឹមបារាំង ការ៉ុត និងស្ពៃក្ដោបជាដើម នៅលើផ្ទៃដីជាង៦ហិកតា។ ចំណែកឯ ដំឡូងបារាំង លោក ដាំលើដីជិត១ហិកតា។ កសិកររូបនេះ​ អះអាងថា ដំឡូងបារាំង និងដំណាំកសិកម្មរបស់លោក មួយចំនួនទៀត នាំចេញទៅលក់នៅរាជធានីភ្នំពេញច្រើនជាងគេ បន្ទាប់មកគឺខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប។ លោក ម៉េងឈាង សប្បាយចិត្ត ព្រោះមុខរបរមួយនេះអាចផ្គត់ផ្គង់គ្រួសារឱ្យមានជីវភាពប្រសើរជាងមុន ហើយលោក ក៏គ្រោងនឹងពង្រីកការដាំដុះបន្ថែមផងដែរ។
 
កសិករក្នុងខេត្តមណ្ឌលគិរី លោក គ្រី ម៉េងឈាង ដាំដំឡូងបារាំងរយៈពេលជិត៥ឆ្នាំហើយ។ លោក រៀបរាប់ថា ដំឡូងបារាំងត្រូវការពេលជាង៣ខែ ទើបអាចប្រមូលផលបាន ហើយដំណាំមើមប្រភេទនេះ ត្រូវការយកចិត្តទុកច្រើនជាងដំណាំផ្សេងទៀត​ ព្រោះអំឡុងពេលលូតលាស់ និងត្រូវការពារពីជំងឺផ្សិត។ លោក បន្ថែមថា ពេលភ្លៀងជោកជាំ អាចធ្វើឱ្យដំឡូងបារាំងធ្លាក់ចុះទិន្នផល ផងដែរ។ 
 
ងាកមកកសិករម្នាក់ទៀតលោក ភិន ផន ដែលដាំដំឡូងបារាំងនៅភូមិដោះក្រមុំ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី កំពុងរៀបចំបង្កើនការដាំដុះដំឡូងបារាំងបន្ថែម ដើម្បីជំរុញដំណាំកសិកម្មក្នុងស្រុក ឱ្យកាន់តែប្រសើរឡើង។ កសិកររូបនេះ បានចាប់ផ្តើមដាំសាកល្បង អំឡុងឆ្នាំ២០២០ ក្រោយមន្ទីរកសិកម្មខេត្តផ្តល់ពូជ និងបង្រៀនពីការដាំដុះ។ 


 
«បើទោះដំឡូងបារំាងប្រមូលផលបានលឿន ត្រឹមរយៈពេល៣ខែយ៉ាងណាក្តី ប៉ុន្តែយើងត្រូវការពារពីជំងឺផ្សិត និងបាត់តេរី ឱ្យបានល្អ ដើម្បីទទួលបានទិន្នផលខ្ពស់។​ ការដាំដំណាំប្រភេទនេះ​ យើងអាចដាំបាន នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ ដូចជាខេត្តមណ្ឌលគិរីផ្តល់តែម្តង»។ នេះជាការលើកឡើងរបស់លោក ភិន ផន។
 
បន្ថែមទៀតនោះ លោក ភិន ផន ក៏បានចែករំលែកពីបទពិសោធខ្លះៗ នៃការដាំដំឡូងបារាំងថា ជាដំបូងត្រូវធ្វើដីហាលរយៈពេលកន្លះខែជាមុនសិន មុននឹងដាក់កំបោរស ឱ្យសមាមាត្រនិងទំហំរង រួចត្រូវកាយដីលុបកំបោរវិញ។ រងដំណាំនោះត្រូវទុករយៈពេល ៤ទៅ៥ថ្ងៃ ទើបអាចដាំបាន ប៉ុន្តែត្រូវដាក់ជីធម្មជាតិ ដើម្បីឱ្យដំឡូងបារាំងឆាប់លូតលាស់ល្អ។ 
 
​លោក ភិន ផន ដាំដំឡូងបារាំង សរុប១៦រង ដោយ១រងមានបណ្តោយប្រវែងពី ២៥ទៅ៣០ម៉ែត្រ ឯទទឹងប្រវែងជាង១ម៉ែត្រ។ ចំពោះការថែទាំវិញ គឺត្រូវការប្រើជីធម្មជាតិល្អបំផុត ត្រូវស្រោចទឹក ១ទៅ២ដងក្នុង១ថ្ងៃ ទៅតាមអាកាសធាតុ។ ក្រៅពីដំឡូងបារាំង លោកក៏ដាំខ្ទឹមស ប្រមាណ​១០រង ស្ពៃក្តោប រួមទាំងដំណាំជាច្រើនមុខទៀត ស្ថិតក្នុងផ្ទៃដី១ហិកតា។ បើនិយាយពីដើមទុនវិញ លោក ភិន ផន បានចំណាយថវិកាជិត ៥ពាន់ដុល្លារ ទាំងការទិញដី ពូជដំណាំ ប្រេងបូកផ្សំជាមួយសម្ភារផ្សេងទៀត។
 
អ្នកខេត្តមណ្ឌលគិរីរូបនេះលើកឡើងថា៖« ខ្ញុំប្រមូលផល(ដំឡូងបារាំង)រៀងរាល់ខែកុម្ភៈ ដោយ១រងទទួលផលបានពី ៦០​ទៅ៨០គីឡូ។ ក្រោយមកខ្ញុំលក់ទៅឱ្យទទួលទិញក្នុងខេត្តមណ្ឌលគិរី ឯមួយចំនួនទៀតលក់ទៅឱ្យក្រុមហ៊ុនមាសបៃតង និងតាមបណ្តាខេត្តផ្សេងទៀត។ ដោយ១គីឡូលក់បានពី ៨ពាន់រៀល ទៅ១ម៉ឺនរៀល»។ 
 
អតីតកម្មករសំណង់ម្នាក់នេះបន្ថែមថា​ ក្រោយពីបានងាកមកដាំដុះបន្លែធម្មជាតិកន្លងមក លោកអាចរកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់គ្រួសារបានល្អប្រសើរជាងមុន។ លើសពីនេះ លោកនឹងពង្រីកការដាំដុះដំណាំ ឱ្យបានច្រើនជាងនេះទៀត ដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារក្នុងស្រុក។
 
តាមរបាយការណ៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំឡូងបារាំង ត្រូវបានសាកល្បងដាំមុនគេនៅខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០១៩ ដោយទទួលបានទិន្នផលប្រមាណ ១៨តោនលើផ្ទៃដី១ហិកតា ដែលអាចទទួលបានចំណូលពី១,៥ម៉ឺនដុល្លារ ទៅ១,៧ម៉ឺនដុល្លារ។ ដំណាំនេះប្រើរយៈពេលដាំដុះចំនួន៣ខែ។ កន្លងមក កម្ពុជានាំចូលដំឡូងបារំាងពីក្រៅប្រទេស ជាង៥ពាន់តោន ក្នុង១ឆ្នាំៗ៕
 

Tag:
 ដំឡូងបារំាង
© រក្សាសិទ្ធិដោយ thmeythmey.com