ជាតិ
រថយន្ត
លោក គង់ មង្គល បានរក្សារថយន្តFORD ផលិតឆ្នាំ១៩៨០មួយគ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់នួន ជា
28, Mar 2022 , 6:59 pm        
រូបភាព
សៀមរាប៖ លោក គង់ មង្គល ជាប្រធានសហគមន៍បឹងពារាំង នៅសង្កាត់ជ្រាវ ខេត្តសៀមរាប ហើយក៏ជាម្ចាស់ឡានម៉ាក FORD ប្រភេទ Granada ស៊េរីGhia មួយគ្រឿង ពណ៌ខ្មៅ ផលិតឆ្នាំ១៩៨០។ លោក គង់ មង្គល បានឱ្យនាយ យ៉ាន នៃសារព័ត៌មានថ្មីៗដឹងថា រថយន្តនេះ ធ្លាប់ជាកម្មសិទ្ធិរបស់លោក នួន ជា បងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ កន្លងមកមានគេធ្លាប់សុំទិញរថយន្តនេះ ក្នុងតម្លៃជាង៤ម៉ឺនដុល្លារអាម៉េរិក ប៉ុន្តែលោកមង្គល់ មិនព្រមលក់  ព្រោះគាត់ចង់អភិរក្សរថយន្ដនេះ និងចង់រក្សាប្រវត្តិរបស់វា។

 
ដើម្បីជ្រាបច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖ 
 
 
បើតាម លោក គង់ មង្គល នៅក្នុងឆ្នាំ២០១០ ព្រះចៅអធិការនៅវត្តព្រះឥន្ទកោសីយ៍ បានប្រគល់រថយន្តមួយគ្រឿងនេះ មកឱ្យខ្លួនដោយឥតគិតថ្លៃ ដើម្បីជួសជុល និងរក្សាទុក។ ដោយយល់ព្រមនឹងព្រចៅអធិការវត្ត ថានឹងរក្សារថយន្តនេះ លោក មង្គល បានឱ្យជំនួយការរបស់ខ្លួន គឺលោក លឹម ការីម យកឡាន FORD Granada ដែលត្រូវបានចោលនៅក្នុងវត្តជាច្រើនឆ្នាំមួយគ្រឿងនេះ ទៅជួសជុល។ ពេលបច្ចុប្បន្ន FORD Granadaនេះ មានសភាពគួរសម ហើយអាចជិះបាន។ ត្រូវបានដូរម៉ាស៊ីនម៉ាស៊ូតដើម ដាក់ម៉ាស៊ីនសាំង ពីឡានម៉ាក TOYOTA ប្រភេទ Tacoma វិញ។ ១០ឆ្នាំមុន លោក ការីម ក៏បានឱ្យជាងបាញ់ថ្នាំពណ៌ខ្មៅដដែល។ នៅតែខ្វះគ្រឿងបន្លាស់ខ្លះៗ ដែលមិនអាចឃើញក្នុងប្រទេសបានទេ។


 
តាមពិតរថយន្តនេះ គឺសម្ដេចព្រះសង្ឃ ទេព វង្ស បាននិមន្តទៅខេត្តសៀមរាប ហើយប្រគល់រថយន្តបុរាណនេះ ទៅឱ្យចៅអធិការវត្តព្រះឥន្ទកោសីយ៍។ ប៉ុន្តែសម្ដេចព្រះសង្ឃ មិនមែនជាម្ចាស់ដើមឡាននេះទេ វាជាកម្មសិទ្ធិរបស់ លោក នួន ជា ដែលជាបងធំទី២ នៃរបបប៉ុល ពត។ លោក មង្គល មិនដឹងទេថា តាមរយៈណា ទើបរថយន្ត FORD របស់ នួន ជានេះ ត្រូវបានប្រគេនថ្វាយសម្ដេចព្រះសង្ឃ ទេព វង្ស ហើយតើវាត្រូវបាននាំវាចូលមកកម្ពុជា និងក្លាយជាកម្មសិទ្ធិរបស់ នួន ជា នៅឆ្នាំណាដែរ?
 
អត្ថបទទាក់ទង
ក្រុមហ៊ុន FORD ធ្លាប់ប្រើឈ្មោះ Ghia សម្រាប់រថយន្ដប្រណិតខ្លះៗ។ ឈ្មោះនេះ មកពីក្រុមហ៊ុន បានគូរឡានអ៊ីតាលីមួយ ដែល FORD បានសហការជាមួយ។ តាមពិត FORD បានច្នៃប្រឌិតរថយន្ដប្រភេទ Granada ២ផ្សេងពីគ្នា ដែលខុសគ្នាឆ្ងាយ។ FORD Grana សម្រាប់ទីផ្សារទ្វីបអឺរ៉ុប ត្រូវបានផលិត៣ ជំនាន់ពីឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៩៤។ ក៏ប៉ុន្តែ FORD Granada ដែលធ្លាប់ជាកម្មសិទ្ធិរបស់ប្រធានរដ្ឋសភា របបកម្ពុជាប្រជាធិបតេយ្យ ជាប្រភេទ Granada សម្រាប់ទីផ្សារអាម៉េរិកខាងជើងវិញ។ FORD បានផលិត Granada អាម៉េរិកខាងជើង២ជំនាន់ ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៨២។ ជំនាន់ទី១ ត្រូវបានផលិតរហូតដល់ឆ្នាំ១៩៨០។
 
FORD Henry បានបង្កើតក្រុមហ៊ុន FORD ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩០៣ នៅសហរដ្ឋអាម៉េរិក៕








 

Tag:
 FORD
  យានយន្ត
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com