ជាតិ
សង្គមជាតិ
អ្នកនាំពាក្យបកស្រាយបន្ត៖ លុតជង្គង់ សំពះ យំ អង្វរ ដួលសន្លប់ ជាការសម្តែងរបស់បុគ្គលិកណាហ្គាវើលដ៍
30, Mar 2022 , 1:20 pm        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ កាលពីខែធ្នូ ឆ្នាំ២០២១។ រូបដោយសហការី
បុគ្គលិកណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ កាលពីខែធ្នូ ឆ្នាំ២០២១។ រូបដោយសហការី
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ មិនជឿថាជាការពិតឡើយ ចំពោះរូបភាពផ្សេងៗ ដែលកើតចេញពីការតវ៉ារបស់ក្រុមបុគ្គលិកណាហ្គាវើលដ៍ ដែលភាគច្រើនជាស្រ្តី ដូចជាការលុតជង្គង់ ការសំពះ ការយំ ការអង្វរ និងការដួលសន្លប់ជាដើម។ សម្រាប់អ្នកនាំពាក្យ រូបភាពទាំងអស់នេះ គឺកើតចេញពីការសម្តែង ដែលពួកគេរៀបចំ។



ការបកស្រាយរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដើម្បីឆ្លើយតបនឹងរូបភាពផ្សេងៗ ដែលកើតចេញពីការតវ៉ារបស់បុគ្គលិកណាហ្គាវើលដ៍ ក្នុងថ្ងៃទី២៩ ខែមីនានេះឯង។ ក្រៅពីការចោទថា អ្វីៗដែលបុគ្គលិកណាហ្គាវើលដ៍ ធ្វើក្នុងការតវ៉ា ជាការសម្តែង អ្នកនាំពាក្យ អះអាងថា បុគ្គលិកណាហ្គាវើលដ៍ បានជេរប្រមាថ មើលងាយមើលថោក ប្រើកាយវិការអសីលធម៌ បញ្ឆេះកំហឹងដាក់អាជ្ញាធរ ហើយប្រើហិង្សាថែមទៀត ដូចជាប្រតាយប្រតប់ និងក្រញៅ រហូតបង្កឲ្យអាជ្ញាធរមានរបួសស្រាល។

កញ្ញា ឈឹម ស៊ីថរ តំណាងបុគ្គលិកណាហ្គាវើលដ៍ មិនឆ្លើយតបច្រើនទៅនឹងអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឡើយ ដោយកញ្ញា ប្រាប់ថា តំណាងបុគ្គលិកណាហ្គាវើល៍ ក៏នឹងចេញសេចក្តីថ្លែងការណ៍មួយដែរ ជុំវិញការប្រើហិង្សាពីសំណាក់អាជ្ញាធរ លើបុគ្គលិកណាហ្គាវើលដ៍។ កញ្ញា និយាយខ្លីជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះថា៖ «ការបដិសេធមិនទទួលស្គាល់របស់អាជ្ញាធរ ទោះបីជាមានវីដេអូមានភស្តុតាង គឺក្លាយជាជំងឺមហារីក ដែលមិនអាចព្យាបាលបាន គឺគាត់តែងតែអ៊ីចឹង»។ 

លោក ឃុន ថារ៉ូ មន្រ្តីគ្រប់គ្រងកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) និយាយថា លោក មិនភ្ញាក់ផ្អើលឡើយ ចំពោះការចោទប្រកាន់របស់អាជ្ញាធរ ទៅលើបុគ្គលិកណាហ្កាវើលដ៍ ដ្បិតលោក ធ្លាប់បានឃើញអាជ្ញាធរ ចោទប្រកាន់បែបនេះ លើអង្គការស៊ីវិលនានារួចមកហើយនាពេលកន្លងមក។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាមថា៖«ទម្រង់នៃការបង្ខំ ការប្រើហិង្សា តាមរូបភាពទាំងឡាយនេះ មិនមែនកើតចេញពីបងប្អូនកូដករ បុគ្គលិកកម្មករនិយោជិតនោះទេ តែជាក់ស្តែង កើតចេញពីទង្វើនៃការរារាំង ការទប់ស្កាត់ ការយាយី មិនឲ្យមានការធ្វើកូដកម្មដោយសន្តិវិធី»។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បរិយាយថា ការដែលបុគ្គលិកណាហ្គាវើលដ៍ សម្តែងឈុនឆាកផ្សេងៗដូចខាងលើ រួមទាំងប្រើហិង្សាលើអាជ្ញាធរ ព្រោះពួកគេចង់កេងចំណេញ។ ផ្អែកតាមការបកស្រាយរបស់អ្នកនាំពាក្យ ពួកគេអាចនឹងបានចំណេញ បើអាជ្ញាធរមិនអាចអត់ទ្រាំនឹងទង្វើរបស់ពួកគេ ហើយអាជ្ញាធរ ធ្វើសកម្មភាពមិនប្រក្រតីណាមួយ។ អ្នកនាំពាក្យ បន្តថា បើអាជ្ញាធរ ធ្វើសកម្មភាពមិនប្រក្រតីណាមួយ សកម្មភាពមិនប្រក្រតីនោះ នឹងក្លាយជាចំណីរបស់តួអង្គ ដែលត្រៀមចាំប្រមាញ់យករូបភាព ដូចដែលពួកគេ ធ្លាប់បានធ្វើកន្លងមក។

អ្នកនាំពាក្យ បញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ច នៅតែបន្តអត់ធ្មត់ និងបំពេញតួនាទីយ៉ាងហ្មត់ចត់ជាទីបំផុត ទោះជាត្រូវរងការប្រមាថ រងហិង្សាពីបុគ្គលិកណាហ្គាវើលដ៍ក៏ដោយ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មានបកស្រាយម្តងរួចមកហើយ ជុំវិញការប្រើហិង្សាពីសំណាក់ក្រុមស្រ្តីជាបុគ្គលិកណាហ្គាវើលដ៍ ទៅលើអាជ្ញាធរ ហើយអាជ្ញាធរ ពុំបានប្រើហិង្សាលើពួកគេឡើយ។

អត្ថបទទាក់ទង


បើក្រឡេកទៅមើលខាងសង្គមស៊ីវិលវិញ គឺអាជ្ញាធរទេ ដែលប្រើហិង្សាលើបុគ្គលិកណាហ្គាវើលដ៍។ តាមរយៈសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល៧២ បានលើកឡើងថា អាជ្ញាធរ បានបង្កើនការឃាត់ខ្លួន និងការប្រើហិង្សាលើបុគ្គលិកណាហ្គាវើលដ៍ ដែលប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ។

ក្រុមអង្គការសង្គមស៊ីវិល ស្នើសុំទៅរាជរដ្ឋាភិបាលឲ្យបញ្ឈប់ស្ថានភាពតានតឹងនេះ ហើយបញ្ឈប់ការបំភិតបំភ័យលើបុគ្គលិកណាហ្គាវើលដ៍។ ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភចំពោះវិធានការថ្មីៗរបស់អាជ្ញាធរ ដែលបានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន មិនឲ្យឃ្លាំមើលការប្រើអំពើហិង្សាទៅលើបុគ្គលិកណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី។ ពួកគេ បន្តថាជាច្រើនលើកច្រើនសា អាជ្ញាធរ បានរារាំងអ្នកឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានពីការថតរូប ឬឈរនៅជិតទីតាំងនៃការឃាត់ខ្លួនបែបហិង្សាទាំងនេះ។

«ប្រសិនបើអ្នកឃ្លាំមើល នៅតែបន្តត្រូវបានរឹតត្បិត យើងខ្ញុំភ័យខ្លាចថា ការប្រើប្រាស់អំពើហិង្សា និងការរំលោភបំពាន អាចនឹងកើនឡើងបន្ថែមទៀត អំឡុងពេលមានការបង្ក្រាបនេះ »។ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង៧២។

សូមរម្លឹកថា បុគ្គលិកណាហ្គាវើលដ៍ បានចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ តាំងពីខែធ្នូ ឆ្នាំ២០២១មក។ គោលបំណងរបស់ពួកគេ ទាមទារឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ៕

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com