ជាតិ
គណៈអភិបាលរាជធានី-ខេត្តអាចឡើងដល់១១នាក់ រីឯក្រុង ស្រុក ខណ្ឌ ពី៥ទៅ៧នាក់
01, Apr 2022 , 10:32 am        
រូបភាព
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែមេសា
សម្តេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែមេសា
ដោយ: រួបរួម
គណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ទី១ ខែមេសា នេះ បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។ វិសោធនកម្មនេះ សំដៅលើការបង្កើនចំនួនសមាសភាពគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។




បច្ចុប្បន្ន កម្ពុជាមាន រាជធានី ខេត្ត ចំនួន២៥ ដោយមានគណៈអភិបាលចំនួនសរុប ១៧៥រូប
(រាជធានី ខេត្តនីមួយៗមានគណៈអភិបាលចំនួន ៧រូប ស្មើគ្នា) ក្រុង ស្រុក ខណ្ឌមានចំនួន ២០៤ មានគណៈអភិបាលចំនួនសរុប១០២០រូប (ក្រុង ស្រុក ខណ្ឌនីមួយៗមានគណៈអភិបាលចំនួន ៥រូបស្មើៗគ្នា) ។

ក្រោយការអនុម័តដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មាត្រា ១៤០ថ្មី កំណត់សមាសភាពគណៈអភិបាលរាជធានីភ្នំពេញមានចំនួនយ៉ាងច្រើន១១រូប។ គណៈអភិបាលខេត្តមានចំនួនពី៧រូប ទៅ១១រូប។ គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥រូប ទៅ៧រូប។

ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អត្ថបទទាក់ទង


យោងតាមខ្លឹមសារដែលចែករំលែកដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល គណៈរដ្ឋមន្ត្រី
បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នេះ ចូលជាធរមាន ចំនួនគណៈអភិបាល នឹងត្រូវបានសិក្សា និងពិនិត្យឡើងវិញ ដោយផ្អែកលើកត្តាមួយចំនួនដែលរួមមាន ចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗកន្លងមកនេះ ក៏បាន​ស្នើឲ្យមាន​ការតែងតាំងអភិបាលរងខ្មែរ-ឥស្លាម នៅតាមបណ្តាខេត្តដែលសម្បូរពលរដ្ឋខ្មែរ-ឥស្លាម​រស់នៅផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com