ពីនេះ ពីនោះ
ភាសាខ្មែរមានពាក្យ «អាហារប័ណ្ណ» ដែលសំដៅលើបញ្ជីរាយរាប់មុខម្ហូប
03, Apr 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកលក់ សុំម៉ឺនុយ! នេះជាទម្លាប់របស់ពលរដ្ឋខ្មែរមួយចំនួន នៅពេលដែលចង់បានបញ្ជីរាយនាមមុខម្ហូបនៅភោជនីយដ្ឋាន។ ពិតណាស់ ម៉ឺនុយ ដែលអានតាមសំនៀងភាសាបារាំង Menu មានន័យថាបញ្ជីមុខម្ហូប ប៉ុន្តែខ្មែរក៏មានពាក្យផ្ទាល់ខ្លួនផងដែរ គឺ «អាហារប័ណ្ណ»។

 
«អាហារប័ណ្ណ» [អានថា អាហា-រ៉ៈបាន់] គឺសំដៅលើបញ្ជីរាយរាប់មុខម្ហូបដែលដាក់បង្ហាញភ្ញៀវមើលក្នុងពេលបរិភោគឬដែលមានសម្រាប់លក់ប្រចាំថ្ងៃក្នុងភោជនាគារ។ នេះបើតាមការពន្យល់ក្នុងវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត។
 
ពាក្យពាក់ព័ន្ធផ្សេងទៀតមានដូចជា អាហារកិច្ច ការរវល់ដោយអាហារ គឺការចាត់ចែងឬបរិភោគអាហារ, អាហារគវេសនា ការស្វែងរកអាហារ, អាហារបិណ្ឌបាត អាហារដែលបានដោយការដើរបិណ្ឌបាត។ 
 
អាហារូបករណ៍ គ្រឿងឧបករណ៍ដើម្បីអាហារ; ប្រាក់ដែលបើកឲ្យនិស្សិត ដើម្បីទំនុកបម្រុងឬទប់ទល់នឹងថ្លៃអាហារក្នុងពេលកំពុងរៀនសូត្រ, អាហារូបករណិក អ្នកដែលបានទទួលនូវអាហារូបករណ៍ (បើស្រ្តីជា អាហារូបករណិកា) ។ 
 
អាហារូបត្ថម្ភ ការជួយទំនុកបម្រុងដោយអាហារ; ការចិញ្ចឹមជីវិតដោយអាហារ ។ ល ។,  បណីតាហារ អាហារប្រណិត គឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា ។ ភត្តាហារ ភត្តជាអាហារ ។ ភោជនាហារ ភោជនជាអាហារ ។ លូខាហារ អាហារសៅហ្មង ។ ល ។
 

© រក្សាសិទ្ធិដោយ thmeythmey.com