ពីនេះ ពីនោះ
មកស្គាល់ស្នាដៃគំនូរលើជញ្ជាំងរបស់លោក ស្រី បណ្ដូល សហស្ថាបនិកហ្វារពន្លឺសិល្បៈ មុនលាចាកលោក
03, Apr 2022 , 1:29 pm        
រូបភាព
លោក ស្រី បណ្ដូល សហស្ថាបនិកសមាគមសហ្វាពន្លឺ~(ខាងឆ្វេង)។ រូបភាពពី អង្គការហ្វាពន្លឺសិល្បៈ។
លោក ស្រី បណ្ដូល សហស្ថាបនិកសមាគមសហ្វាពន្លឺ~(ខាងឆ្វេង)។ រូបភាពពី អង្គការហ្វាពន្លឺសិល្បៈ។
បាត់ដំបង៖ លោក ស្រី បណ្ដូល គឺជាសហស្ថាបនិកមួយរូប នៃអង្គការហ្វារពន្លឺសិល្បៈ ស្ថិតក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ កាលពីឆ្នាំ២០២១កន្លងទៅ លោកបានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩។ មុនលាចាកលោក លោក បានបន្សល់ទុកនូវស្នាដៃគំនូរលើជញ្ជាំងមួយចំនួន។


 

របាំអាយុកាល១០០ឆ្នាំ ឬរបាំព្រះរាជទ្រព្យ(100 year dance or Preh Reach Trob dance) 
 
គំនូរនេះត្រូវបានគូរឡើង អំឡុងឆ្នាំ២០២០ ដោយសារចិត្តស្រឡាញ់ជ្រាលជ្រៅរបស់ អ្នកគូរទៅលើរបាំព្រះរាជទ្រព្យ ការសម្ដែង ឈុត គ្រឿងលម្អកាយ ជាដើម។ បើតាមសម្ដី លោក តូ ណុល មគ្គទេសក៍ អង្គការហ្វារពន្លឺសិល្បៈ ប្រាប់ថា កាល លោក ស្រី បណ្ដូល នៅមានជីវិត លោកបានប្រាប់ខ្លួនថា គំនូរលើជញ្ជាំងនេះ គូរឡើងក្នុងគោលបំណង រំឭកដល់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គត្រូវបានចាត់ទុកជាព្រះ និមិត្តរូបនៃរបាំព្រះរាជទ្រព្យ ក្នុងតួអង្គឯកជាអប្សរាទីមួយ។


រាហុលេបទ្វារ(Reahou swallow the door)
 
ក្នុងគំនូរនៅលើជញ្ជាំងមួយនេះ ត្រូវបានគូរឡើងនាអំឡុងឆ្នាំ២០២០ ដែលមានរូបរាហុ លេបខ្លោងទ្វារ ព្រមទាំងលម្អ ដោយក្បាច់រចនាបែបអាហ្វ្រិក ចម្រុះពណ៌។ បើតាមការពន្យល់របស់ ណុល គំនូរនេះ លោកគ្រូ បណ្ដូល គូរឡើងក្នងគោលបំណង ដើម្បីលម្អទ្វារចូល ដែលមានសភាពចាស់ច្រេះចាប់ ទៅជាស្រស់ស្អាត ទាក់ទាញអ្នកដើរឆ្លងកាត់។ 


តន្ត្រីអាចផ្លាស់ប្ដូរបាន (Music can change)
 
ចំពោះគំនូរមួយនេះវិញ ត្រូវបានគូរឡើងនាអំឡុងឆ្នាំ២០២០ដូចគ្នា ដោយមានរូបមុខយក្ស ដែលជាតួអង្គក្នុងរឿងរាមកេរិ៍ រួមនឹងកុមារីម្នាក់កាន់ទ្រ។ គំនូរនេះ លោក បណ្ដូល គូរឡើងដោយចង់ប្រៀបធៀបរវាងភាពក្លាហាន និងភាពភ័យខ្លាច សំដៅលើកុមារីកាន់ទ្រ និងចង់បង្ហាញថាតន្ត្រី ផ្លាស់ប្ដូរអាកប្បកិរិយាពីកាចសាហាវ មកស្លូតបូតវិញ។ 
 
ក្រៅពីគំនូរខាងលើទាំងបីនេះ ក៏មានគំនូរនៅលើជញ្ជាំង នៃអង្គការហ្វារពន្លឺសិល្បៈផ្សេងទៀត ដែលត្រូវបានគូរឡើងដោយ លោក ស្រី បណ្ដូល ផ្ទាល់ និងមួយចំនួនទៀតជាគំនូរសិស្ស ស្ថិតក្រោមការដឹកនាំរបស់លោក។
 
គួរជម្រាបផងដែរថា លោក ស្រី បណ្ដូល គឺជាសហស្ថាបនិកអង្គការហ្វារពន្លឺសិល្បៈ នៅខេត្តបាត់ដំបង ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៤ សីហា ២០២១។ គាត់ក៏ជាគ្រូសិល្បៈ ដែលមានតួនាទីជាប្រធានគ្រប់គ្រងការចូលរួម និងទំនាន់ទំនងសិល្បៈក្នុងសហគមន៍ ជាអ្នកប្រមូលផ្ដុំសិល្បករ និងបង្កើតសកម្មភាពមហោស្រពសិល្បៈផងដែរ។ កន្លងមក លោកបានបង្ហាញពិព័រណ៍ស្នាដៃសិល្បៈរបស់ខ្លួន នៅទូទាំងពិភពលោក ហើយក៏ជាអ្នកផ្ដួចផ្ដើមមួយរូប ក្នុងការបង្កើតសហគ្រាសសង្គមហ្វារ៕
 

Tag:
 អង្គការហ្វារពន្លឺសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com