ជាតិ
លោក និក ម៉ាក៖ សត្វព្រៃក្នុងព្រៃភ្នំតាម៉ៅកើនឡើង តែទាមទារឱ្យមានការចូលរួមថែពីគ្រប់មជ្ឈដ្ឋាន
03, Apr 2022 , 3:29 pm        
រូបភាព
ដោយ:
តាកែវ៖ សត្វព្រៃក្នុងតំបន់ការពារដែលមានផ្ទៃដី ២៣០០ហិកតា នៅព្រៃភ្នំតាម៉ៅ បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយ។ លោក និក ម៉ាក លើកឡើងថា សត្វក្នុងតំបន់នេះ កើនឡើងច្រើនជាងតំបន់ព្រៃផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួននៅកើតមានទាមទាមឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីរក្សាឱ្យគង់វង្ស។


 
លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ២៥ថា សត្វនៅ​តំបន់ការពារក្នុងព្រៃធម្មជាតិភ្នំតាម៉ៅ បានកើនឡើង ដោយសារ​កើតកូនចៅជាបន្តបន្ទាប់។ លោកថា ការកើនឡើងនេះ អាចបណ្ដាលមកពីការការពារ និងការអភិរក្សរបស់ក្រុមការងារអង្គការ រួមជាមួយការរដ្ឋបាលព្រៃឈើ និងភាគីមួយចំនួនទៀត ដែលធ្វើការលើការងារថែរក្សាសត្វ និងអភិរក្សសត្វព្រៃធម្មជាតិ។​
 
«សត្វនៅព្រៃភ្នំតាម៉ៅសត្វថ្ងៃនេះ មានច្រើនណាស់ វាកើតមកបន្តបន្ទាប់ក្នុងរដូវបន្តពូជ។ នេះខ្ញុំមិននិយាយពីសត្វដែលនៅក្នុងសួនទេ។ យើងអាចឃើញពួកវា មួយរយភាគរយនឹងភ្នែកផ្ទាល់នៅពេលចូលព្រៃ»។ នេះជាការបញ្ជាក់របស់លោក និក ម៉ាក នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយ​បន្តថា សត្វកើនឡើងច្រើន​ក៏អាចបណ្ដាលមកពីសកម្មភាពបង្កាត់ពូជច្បាស់លាស់ រួមជាមួយបុគ្គលិកមានជំនាញថែទាំសត្វត្រឹមត្រូវ។

រូបភាពសត្វព្រៃ នៅក្នុងព្រៃភ្នំតាម៉ៅ  ​រូបភាពដោយលោក ទ្រីស៊ីថេង
 
បើតាម​លោក និក ដំបូងឡើយសត្វនៅក្នុងព្រៃភ្នំតាម៉ៅមានតិចណាស់ ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយ វត្តមានសត្វរាប់រយក្បាលបង្ហាញខ្លួននៅក្នុងព្រៃ ដែលស្ថិតក្នុងព្រៃដី២៣០០ហិកតា។ លោក និក ម៉ាក បញ្ជាក់ដូច្នេះ៖«សត្វនៅក្នុងសួនមានប្រហែល១៥០០ក្បាលជាសត្វនៅក្នុងទ្រុង។ តែនៅក្នុងព្រៃធម្មជាតិ និយាយត្រង់យើងពិតជារាប់មិនបានទេ ប៉ុន្ដែយើងអាចកំណត់ប្រភេទខ្លះបាន។ ដូចជាប្រើសមានប្រមាណ៥០០ក្បាល រមាំងជាង៥០ក្បាល កាំប្រម៉ា ឆ្មាដាវ ស្វាព្រាម -ល-។ ក្រៅពីនេះ ប្រភេទសត្វស្លាប ក៏ដែរបែបនេះ​ទើបពិបាករាប់។ យើងពិបាកកំណត់ណាស់ ព្រោះវានៅក្នុងព្រៃធម្មជាតិក្នុងផ្ទៃដីធំ»។
 
ក្តីសង្ឃឹមសម្រាប់ការអភិរក្ស និងបង្កើនចំនួនសត្វព្រៃរបស់អង្គការ​សម្ព័ន្ធមិត្តសត្វព្រៃនៅព្រៃភ្នំតាម៉ៅ
 
លោក និក ម៉ាក ជឿជាក់ថាចំនួនសត្វព្រៃ នឹងនៅកើនឡើងជាបន្ត ប្រសិនបើគ្មានការបៀតបៀន  រួមជាមួយការចូលរួមពីសាធារណជនរស់នៅក្នុង និងក្រៅតំបន់ព្រៃធម្មជាតិនៃភ្នំតាម៉ៅ។ ជាមួយគ្នានេះ លោកបានបង្ហាញថា ការជំរុញលើដំណើរការថែរក្សា និងការពារជីវិតរបស់សត្វនៅក្នុងព្រៃធម្មជាតិ ជារឿងមួយត្រូវការអង្កេត និងតាមដាន​ជាប្រចាំ ដើម្បីអាចគ្រប់គ្រង និងរក្សាសុវត្ថិ​ភាពសត្វជាចម្បង។

រូបភាពសត្វព្រៃ នៅក្នុងព្រៃសួនសត្វភ្នំតាម៉ៅ រូបភាពដោយ លោក ទ្រី ស៊ីថេង
 
«សត្វនៅក្នុងព្រៃវារស់នៅតាមបែបធម្មជាតិ ដូច្នេះមិនសូវពិបាកទេ។ វាអាចរកចំណីដោយសេរី ប៉ុន្ដែពួកវា អាចប្រឈម នឹងអន្ទាក់ ឬការបរបាញ់ពីជនឆ្លៀតឱកាសមួយចំនួន​»។ នេះជាការបញ្ជាក់ពីលោក និក ដោយបន្ថែមថា ត្រឹមការងារការពារអភិរក្ស សង្គ្រោះ និងបង្កាត់ពូជក្រុមការងាររបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃអាចរក្សានូវកំណើនរបស់សត្វព្រៃក្នុងព្រៃបាន។
 
ជាក្តីបារម្ភសម្រាប់ការការពារ និងអភិរក្សនៅក្នុងព្រៃធម្មជាតិនៅភ្នំតាម៉ៅ
 
នាយកសង្រ្គោះ និងថែរក្សាសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ថា​​ បច្ចុប្បន្នទោះបីជាសត្វកើនឡើងនៅតំបន់នេះ ប៉ុន្ដែបញ្ហាប្រឈម​នៅមាននៅឡើយ។ ជាមួយគ្នានេះ ឧបសគ្គសម្រាប់សត្វដែលកំពុងរកស៊ីដោយសេរីនៅក្នុងធម្មជាតិ គឺអន្ទាក់ និងការបរបាញ់។
 
លោក លើកឡើងថា៖«នៅតំបន់នេះបើតាមការអង្កេតរបស់ក្រុមការងារសត្វកើតកូនជាបន្តបន្ទាប់។ ព្រៃនេះ ជាព្រៃធម្មជាតិសត្វព្រៃអាចរស់នៅ ដោយសេរីហើយសត្វនៅពេលរស់នៅបែបនេះ អាចមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ​។ ធាតុពិតទៅនៅក្នុងព្រៃភ្នំតាម៉ៅ មិនទាន់ក្លាយជាកន្លែងសុវត្ថិភាពមួយរយភាគរយទេ ព្រោះអន្ទាក់ និងបទល្មើសមួយចំនួននៅតែកើតមានឡើង»៕
 

រូបសត្វពីម៉ាស៊ីន ស្វ ពីក្នុងព្រៃភ្នំតាម៉ៅ រូបភាពដោយលោក  ទ្រីស៊ីថេង

 

Tag:
 សត្វព្រៃ
  ព្រៃភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com