ជាតិ
សម្ដេច ហ៊ុន សែន៖ ការសង់ព្រលានយន្តហោះសៀមរាប ជាការត្រៀមទទួលទេសចរក្នុងចំនួនច្រើននាអនាគត
03, Apr 2022 , 4:29 pm        
រូបភាព
សៀមរាប៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ការវិនិយោគលើការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាការត្រៀមរបស់កម្ពុជា ដើម្បីទទួលទេសចរក្នុងទំហំធំនាពេលអនាគត។ ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងដូច្នេះ ក្នុងអំឡុងពេលចុះពិនិត្យការសាងសង់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាព្រឹកថ្ងៃទី៣ ខែមេសានេះ។


 
នាឱកាសនេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ទៀតថា ព្រលានយន្តហោះខ្នាតយក្សនេះ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនសាងសង់នោះឡើយ ពលរដ្ឋកម្ពុជាក៏នឹងទទួលបានផលដែរ។ «សូមកុំយល់ច្រឡំណាមួយឱ្យសោះថា ការវិនិយោគនៅទីនេះវាផ្ដល់ផលប្រយោជន៍ត្រឹមតែក្រុមហ៊ុនចិន។ យើងត្រូវដឹងថា យើងត្រូវការទទួលទេសចរក្នុងទំហំធំនៅពេលក្រោយ»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទន្ទឹមនឹងនេះ សម្ដេច បានលើកឡើងបន្ថែមថា បើសិនជាគ្មានវិបត្តិកូវីដ-១៩នោះទេ កម្ពុជានឹងមានកំណើនទេសចរប្រមាណ១០លាននាក់ ដ្បិតកន្លងមកធ្លាប់មានប្រមាណ៧លាននាក់។
 
សម្ដេច ហ៊ុន សែន រំពឹងថា ក្រោយព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ សាងសង់រួចរាល់ កម្ពុជាអាចនឹងមានកំណើនភ្ញៀវទេសចរបរទេសឡើងវិញ ប្រមាណពីជាង៧លាននាក់ ទៅ២០លាន នាក់ក្នុងមួយឆ្នាំ។ «សមត្ថភាពនៃការទទួលនៅព្រលានយន្តហោះសៀមរាប មិនគ្រប់គ្រាន់ទេ។ អ៊ីចឹង យើងត្រូវមានព្រលានយន្តហោះទំនើប ដែលទ្រទ្រង់បាន ចំនួនអ្នកដំណើរដ៏ច្រើន មកកាន់កម្ពុជា»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីតំបន់អង្គរ ចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០២០។ គម្រោងសាងសង់នេះ នឹងប្រើរយៈពេល៣ឆ្នាំ ដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះ ចំណាយថវិកាប្រមាណ៨៨០លានដុល្លារ ដែលជាទុនវិនិយោគរបស់ចិន ក្នុងពេលពេល៥០ឆ្នាំ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ សាងសង់សម្រេចបានប្រមាណ ២២ភាគរយ នៃផែនការសរុប និងគ្រោងដំណើរការលើកដំបូងនាខែតុលា ឆ្នាំ២០២៣៕
 

Tag:
 ព្រលានយន្តហោះ
  សៀមរាប
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com