ជាតិ
សម្ដេច ហ៊ុន សែន ចង់កែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវដែកល្បឿនលឿនវិញ
04, Apr 2022 , 9:39 am        
រូបភាព
នាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប សម្តេច ហ៊ុន សែន បានប្រាប់ឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាពកែលម្អរផ្លូវរថភ្លើងចាស់ ជំនួសដោយផ្លូវរថភ្លើងល្បឿនលឿនវិញ។



សម្ដេច ហ៊ុន សែន បាននិយាយថា ស្ថានភាពផ្លូវរថភ្លើងនៅសៀមរាប មិនសមស្រមតាមការអភិវឌ្ឍជាក់ស្ដែងនៅក្នុងតំបន់នេះឡើយ ខណៈរថភ្លើង អាចរត់បានតែចម្ងាយពី២០ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយសារខេត្តសៀមរាប ជាតំបន់ទេសចរណ៍បុរាណដ៏ប្រណិត គួបផ្សំនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ ទើបសម្ដេច ហ៊ុន សែន ចង់ឱ្យអភិវឌ្ឍន៍ផ្លូវរថភ្លើងថែមទៀត ដើម្បីងាយស្រួលក្នុងដំណើរការដឹកជញ្ជូន។
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាឱ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងរកដៃគូសហការ មកអភិវឌ្ឍន៍ផ្លូវរថភ្លើងចាស់នេះ ទៅជាផ្លូវរថភ្លើងល្បឿនលឿន ដើម្បីបម្រើការដឹកជញ្ជូនក្នុងខេត្តសៀមរាបផង ក៏ដូចជាតភ្ជាប់ជាមួយប្រទេសជិតខាងផង។
 
ក្រៅពីបញ្ហាផ្លូវរថភ្លើងចាស់នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ស្នើឱ្យពិនិត្យមើលលទ្ធភាពតភ្ជាប់ផ្លូវពីខេត្តសៀមរាប ទៅខេត្តបាត់ដំបងផងដែរ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់កត្តាជីវភាពប្រចាំថ្ងៃពួកគេផងដែរ។

Tag:
 ហ៊ុន សែន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com