ជាតិ
សៀមរាប ជា«តារារះនៅទិសឧត្តរ»
04, Apr 2022 , 10:29 pm        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានហៅ​ខេត្ត​សៀមរាប ជា​ «តារារះនៅទិសឧត្តរ» ក្រោយហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និង​អាកាសយានដ្ឋានថ្មី លេចរូបរាងនៅខេត្តសៀមរាប។ សម្ដេច លើកឡើងបែបនេះ នាពិធីសម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ផ្លូវ​៣៨ខ្សែ និង​ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន​ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ មេសា។


ផ្លូវទាំង៣៨ខ្សែ ដែលស្ថាបនារួចរាល់នាពេលនេះ នឹង​ចូលរួម​ចំណែក​លើក​ស្ទួយវិស័យ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាបឡើងវិញ ក្រោយ​ស្ងប់ស្ងាត់ដោយសារ​ជំងឺកូវីដ-១៩។ តាមរយៈ​សមិទ្ធផលនេះ សម្ដេច ហ៊ុន សែន ថា​ល្មមដល់ពេលហៅខេត្តទិសខាងឧត្តរនេះ ជាតារារះនៅទិសឧត្តរ​។
 
សម្ដេច ហ៊ុន សែន លើកឡើងដូច្នេះ៖ «ខ្ញុំ​សូម​ប្រកាសសារជាថ្មីម្ដងទៀត ហៅខេត្តសៀមរាបថា តារារះនៅទិសឧត្តររបស់យើង។ ព្រោះ​ហេដ្ឋារចនាសម្ព័ន្ធ បូក​បន្ថែម​នឹង​ផ្លូវ​ យើងបានរៀបចំប្រព័ន្ធដងស្ទឹងសៀមរាបដ៏​ស្មុគស្មាញ​ រួមទាំងវត្តមានព្រលានយន្តថ្មី ដែល​នឹង​ត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​នៅឆ្នាំ​២០២៣ខាងមុខ។ វាល្មមដល់ពេលយើងហៅទិសខាងឧត្តរនេះ ជាតារារះនៅទិសឧត្តរ​»។
 
ប្រមុខរដ្ឋាភិបាលរូបនេះ រំពឹង​ថាបន្ទាប់ពីកូវីដ-១៩ធូរស្រាល ​ភ្ញៀវទេសចរមក​កាន់ទីនេះ នឹងបង្កើតបានជាស្ថានភាព​​អំណោយផល​ដល់ក្រុងសៀមរាប និង​វិស័យ​ទេសចរណ៍​សម្រាប់​ប្រទេសជាតិ។ ជាមួយគ្នានេះ ក្នុង​ឱកាសពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ប្រពៃណីជាតិខាងមុខ សម្ដេច ហ៊ុន សែន ផ្ដល់ឱកាសដល់ប្រជា​ពលរដ្ឋអាច​ដើរកម្សាន្ត​នៅតាម​តំបន់ទេសចរណ៍នានា ទោះស្ថិតក្នុង​បរិបទកូវីដ-១៩ក៏ដោយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com