ជាតិ
អាជ្ញាធរស្រុកបន្ទាយស្រី នឹងដង្ហែតុក្កតាយក្ស ដើម្បីអបអរសាទរឆ្នាំថ្មី
05, Apr 2022 , 7:59 am        
រូបភាព
តុក្កតាយក្ស នឹងដង្ហែនាថ្ងៃទី ១៣មេសា នៅស្រុកបន្ទាយស្រី ដើម្បីអបអរសាទរចូលឆ្នាំថ្មី។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
តុក្កតាយក្ស នឹងដង្ហែនាថ្ងៃទី ១៣មេសា នៅស្រុកបន្ទាយស្រី ដើម្បីអបអរសាទរចូលឆ្នាំថ្មី។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
ដោយ៖ ញឹក សំអូន

សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី នឹងរៀបចំកម្មវិធីដង្ហែតុក្កតាយក្ស នៅថ្ងៃទី១៣ ខែមេសា ដើម្បីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។


លោក ឃឹម ហ្វីណង់  បានប្រាប់សារព័ត៌មានថ្មីៗថា តុក្កតាយក្សនីមួយៗត្រូវបានផលិតឡើងពីផ្តៅ រពាក់ ឬស្សី ក្រដាសពណ៌ និងមានបង្កប់អំពូលភ្លើងបំភ្លឺនៅខាងក្នុង និងអាចធ្វើចលនាបាន ព្រមទាំងមានកង់រទេះទម្រពីក្រោមសម្រាប់ការដង្ហែក្បួន។ រូបតុក្កតាមានទម្រង់ខុសៗគ្នា ដូចជា រូបសត្វខ្លាតំណាងឱ្យឆ្នាំខាល រូបល្ខោនខោល រូបស្រ្តីគ្រប់លក្ខណ៍នៃប្រាសាទបន្ទាយស្រី រូបសត្វខ្សឹបដែលជាសត្វជិតផុតពូជ រូបខ្លែងឯក រូបសត្វនាគ រូបអ្នកលក់នំបញ្ចុក រូបអ្នករែកទឹកត្នោត និងរូបផ្លែត្រសក់ផ្អែមជាដើម។


តុក្កតាយក្ស នឹងដង្ហែនាថ្ងៃទី ១៣មេសា នៅស្រុកបន្ទាយស្រី ដើម្បីអបអរសាទរចូលឆ្នាំថ្មី។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

អភិបាលស្រុកបន្ទាយស្រីរូបនេះ បានបន្ថែមថា៖« តុក្កតាយក្ស ធ្វើឡើងដើម្បីដង្ហែនៅក្នុងទិវាវប្បធម៌ និងទិវាសិទ្ធនារី ប៉ុន្តែដោយសារពេលនោះ មានការបារម្ភនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ទើបយើងពន្យារពេល។ ណាមួយឥឡូវតុក្កតាបានធ្វើរួចហើយ បើមិនបានដង្ហែ វាក៏មិនមានភាពទាក់ទាញ ហើយយើងលើកវាមកដង្ហែនៅថ្ងៃទី១៣ មុនថ្ងៃចូលឆ្នាំមួយថ្ងៃ ខ្ញុំគិតថាវាសមស្រប»។
 


តុក្កតាយក្ស នឹងដង្ហែនាថ្ងៃទី ១៣មេសា នៅស្រុកបន្ទាយស្រី ដើម្បីអបអរសាទរចូលឆ្នាំថ្មី។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

លោក ហ្វីណង់ សង្ឃឹមថា ពិធីដង្ហែតុក្តតាយក្សនេះ នឹងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលនៅក្នុងស្រុកបន្ទាយស្រី ក៏ដូចជាតាមបណ្ដាស្រុកនានា មកចូលរួមយ៉ាងច្រើនកុះករ។
តុក្កតាយក្សនេះ ត្រូវបានចំណាយពេលធ្វើអស់រយៈពេលជិត ៤ខែ ដែលមានការចូលរួមផលិតឡើងដោយផ្ទាល់ដៃពីសំណាក់កុមារតូចៗ យុវជនយុវនារី បុគ្គលិកនៃក្រុមហ៊ុនឧបត្ថម្ភគាំទ្រ និងមហាជនទូទៅ ក្រោមការដឹកនាំ និងត្រួតពិនិត្យរបស់ក្រុមសិល្បករជំនាញមកពីសាលាហ្វារពន្លឺសិល្បៈខេត្តបាត់ដំបង។ 
 


តុក្កតាយក្ស នឹងដង្ហែនាថ្ងៃទី ១៣មេសា នៅស្រុកបន្ទាយស្រី ដើម្បីអបអរសាទរចូលឆ្នាំថ្មី។ រូបភាពពីទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី

បើតាមអភិបាលស្រុករូបនេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ៣មីនាកន្លងទៅ តុក្កតា​យក្ស ជារូបត្លុកទីងមោងកំប្លែងបែបសិល្បៈដែលអាចមានកាយវិការបាន ដើម្បីបង្កបរិយាកាសរីករាយដល់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរ តែក៏ត្រូវបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់ និងមានបង្កប់អត្ថន័យខ្លឹមសារតំណាងឱ្យសិល្បៈវប្បធម៌ បរិស្ថាន អត្តសញ្ញាណនៅក្នុងស្រុកបន្ទាយស្រី និងភាពច្នៃប្រឌិតនៃការបង្កើតថ្មី។ 
 
ក្រៅពីការដង្ហែតុក្កតាយក្សនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រី ក៏មានរៀបចំកម្មពិធីតន្រ្តីស្គរដៃ កម្មពិធី​ល្បែងប្រជាប្រិយអបអរសាទរចូលឆ្នាំថ្មី ហើយអ្វីដែលពិសេសទៀតនោះ ចន្លោះពេលថ្ងៃបុណ្យចូលឆ្នាំថ្មី នៅក្នុងសួនផ្ការង្វង់មូលធំស្រុកបន្ទាយស្រី ក៏នឹងមានផ្ការីកយ៉ាងស្រស់ស្អាតផងដែរ៕ 
 




Tag:
 ឃឹម ហ្វីណង់
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com