ពីនេះ ពីនោះ
បបក់, បោយបក់ ឬ បក់បោយ មានន័យ​ខុសពី​ បង់​បោយ
06, Apr 2022 , 7:29 am        
រូបភាព
តាម​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «បបក់», «បោយបក់» ឬ «បក់បោយ» មានន័យ​ដូចគ្នា ប៉ុន្តែ «បង់បោយ» ឯណោះ​វិញ មានន័យ​ផ្សេង។

 
បបក់, បោយ​បក់ ឬ បក់បោយ មានន័យថា យកកន្សែងឬសំពត់បក់បោយកោយចូលហៅដោយល្បួង, ដោយថ្នម, ដោយសសោះអន្ទង, ដោយនឹករលឹក ។ 
 
បោះខ្សែសន្ទូចវែងដែលចងឬដោតនុយទាញអូសលើទឹកល្បួងបញ្ឆោតមច្ឆជាតិ ឲ្យត្របាក់ហើយវាត់ឡើង : បបក់ត្រីរ៉ស់ ។ 
 
បបក់ព្រលឹង  បក់បោយហៅព្រលឹង ឬយោងអន្ទងព្រលឹងកូនក្មេងតូចដែលដួល ឬដែលភ្ញាក់ខ្លាច, ឲ្យស្រាកភ័យ, ដោយបញ្ចេញសូរពីមាត់ឮ បក់ៗ ។
 
ចំណែកពាក្យ បង់បោយ វិញ មានន័យថា ដើរយោលដៃ ។ ពាក្យទំនឹម​បុរាណ៖ បង់បោយមិនប្រមើលប្រាណ ប្រកល់ចង្រ្កានមិនប្រមាណនឹងឆ្នាំង សេចក្ដីថា ធ្វើអ្វីៗលើសលុបហួសប្រមាណហួសមាត្រ មិនលៃស្ទង់ឲ្យសមនឹងបែបភាពទ្រព្យធនរបស់ខ្លួន, ដូចយ៉ាងអ្នកក្រីក្រខ្សត់ខ្សោយទន់ថយ ហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានទ្រព្យ ឬអ្នកមានស័ក្ដិយសជាដើម, ប្រហែលដូចជាអ្នកដើរបង់បោយរលាស់ដៃហួសមាឌ, ឬពុំនោះដូចជាអ្នកប្រកល់ចង្ក្រានធំពេក មិនលៃឲ្យល្មមនឹងឆ្នាំងតូចដូច្នោះឯង ។
 
ដើមឡើយ ទំនងជាមានអ្នកធ្លាប់សរសេរជា «បង្បោយ»។ វចនានុក្រម​ខ្មែរ ក៏លើកយកពាក្យនេះ មក​និយាយដែរ ដោយបញ្ជាក់​ថា គ្រាន់តែចុះមកឲ្យឃើញប៉ុណ្ណោះ ពុំមែនត្រួវសរសេរដូច្នេះទេ ព្រោះសរសេរខុសទំនង។ កុំសរសេរ បង្បោយ ពីព្រោះខុសវគ្គគ្នា តម្រួត ង លើ ប ជា ង្ប ពុំបានទេ៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com