ជាតិ
ពីនេះ ពីនោះ
បឹងទន្លេឆ្មា កំពុងក្លាយជាទីតាំងប្រព្រឹត្តបទល្មើសនេសាទ ដែលនៅឆ្ងាយពីភ្នែកក្រុមបង្រ្កាប
06, Apr 2022 , 9:59 pm        
រូបភាព
ដោយ៖ ឈុត ទូច
 
ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលនៅជុំវិញបឹងទន្លេសាប តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជនប្រព្រឹត្តបទល្មើសនេសាទចល័តទាំងប្រភេទ (ឆក់ យ៉ាំងកាវ ស៊ីប) និងប្រភេទអចល័ត (លបឡុក) ដែលគេឃើញមានស្ទើរគ្រប់ខេត្ត ជុំវិញបឹងទន្លសាប បានផ្អាកសកម្មភាព គួរឱ្យកត់សម្គាល់។

 
ប៉ុន្តែ នៅក្នុងថ្ងៃទី៦ មេសា នេះ បើយោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវជលផលមួយក្រុម ដែលមានបំណងទៅសិក្សាពីជីវៈចម្រុះនៅក្នុងបឹងទន្លេឆ្មា បានឱ្យដឹងថា មានក្រុមអ្នកនេសាទចល័ត ដែលប្រើប្រាស់ប្រភេទឧបករណ៍ឆក់ បានប្រមូលផ្តុំគ្នារាប់រយទូក កំពុងធ្វើសកម្មភាពនេសាទនៅទីនោះ យ៉ាងគគ្រឹកគគ្រេង។ ពេលពួកគេឃើញទូករបស់ក្រុមអ្នកស្រាវជ្រាវទៅដល់ ដោយជាគិតថាជាក្រុមចម្រុះបង្រ្កាបបទល្មើសនេសាទ ពួកអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះ នាំគ្នាបើកទូករត់ចែកផ្លូវគ្នា យ៉ាងតក់ក្រហល់ ប្រសេចប្រសាចពេញផ្ទៃបឹង។ ដោយគិតពីសុវត្ថិភាព ក្រុមអ្នកស្រាវជ្រាវ ក៏សម្រេចចិត្តបញ្ឈប់បេសកកម្មសិក្សាស្រាវជ្រាវរបស់ខ្លួន ហើយវិលត្រឡប់មកភ្នំពេញវិញ។
 
បឹងទន្លេឆ្មា លាតសន្ធឹងជាប់បឹងទន្លេសាប ស្ថិតក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ បឹងនេះ ត្រូវបានអង្គការយូណេស្កូ កំណត់យកជាតំបន់ជីវមណ្ឌលទុនម្រុង កាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ១៩៩៩។ បឹងទន្លេឆ្មា គឺជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ ដែលជាបឹងមួយហ៊ុំព័ទ្ធដោយព្រៃលិចទឹក នៅប៉ែកខាងជើងឈៀងខាងកើតនៃបឹងទន្លេសាប។ បឺងនេះ គឺជាបឹងដែលមានទឹកជាអចិន្ត្រៃយ៍ មានប្រព័ន្ធផ្លូវទឹកតូចៗ និងព្រៃលិចទឹក។ នៅរដូវវស្សា បឹងទន្លេឆ្មា ក្លាយទៅជាផ្នែកមួយនៃបឹងទន្លេសាប។ 
 
បឹងទន្លេឆ្មា បានគាំទ្រដល់ការប្រមូលផ្តុំដ៏ធំ នៃប្រភេទរុក្ខជាតិ ត្រី និងសត្វស្លាបទឹក ដែលជប្រភេទកម្រ ងាយរងគ្រោះ ឬជិតផុតពូជ ដូចជា៖ ក្រពើភ្នំ (Crocodylus siamensis), ត្រីរាជ Mekong Giant Catfish (Pangasianodon gigas) និង និងត្រីគល់រាំង Giant Barb (Catlocarpio siamensis)។
 
យុទ្ធនាការបង្រ្កាបបទល្មើសនេសាទ នៅក្នុងបឹងទន្លេសាប តែប៉ុន្មានសប្តាហ៍សោះ គេសង្កេតឃើញមានត្រីលោតឡើងលើផ្ទៃទឹក និងលោកចូលទូកពេលទូកបើកឆ្លងកាត់ ដែលសបញ្ជាក់ឱ្យឃើញថា ការបង្រ្កាបពិតជាមានប្រសិទ្ធិភាព និងអាចជួយឱ្យបឹងទន្លសាបសម្បូរត្រីឡើងវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com