ជាតិ
ពីនេះ ពីនោះ
បុគ្គលឆ្នើម៦៨រូប ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានពីក្រសួងបរិស្ថាន
07, Apr 2022 , 6:59 pm        
រូបភាព
ពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់បុគ្គលឆ្នើម៦៨រូប នៅទីស្ដីការក្រសួងបរិស្ថាន។រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
ពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់បុគ្គលឆ្នើម៦៨រូប នៅទីស្ដីការក្រសួងបរិស្ថាន។រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន ដល់រូបវន្តបុគ្គល និងនីតិបុគ្គលមានស្នាដៃឆ្នើម ចំនួន៦៨នាក់ ដែលចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការផ្លាស់ប្ដូរឥរិយាបថ សង្គម មកប្រតិបត្តិមេត្រីភាពបរិស្ថាន ។ បុគ្គលឆ្នើមទាំង៦៨នាក់ ដែលទទួលបានបណ្ណសរសើរនោះ មកពីអន្តរវិស័យ ទាំងសាធារណៈ និងឯកជន។


លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងក្នុងពិធីប្រគល់បណ្ណសរសើរ នៅទីស្ដីការក្រសួងបរិស្ថាន នៅថ្ងៃទី៦ ខែមេសាថា បណ្ណសរសើរទាំងនេះ ជាការលើកទឹកចិត្ត និងបំផុសចលនាការរស់នៅស្អាត ភូមិឋានស្អាត ដើម្បីឱ្យមានកិច្ចគាំពារបរិស្ថាន និងលើកកម្ពស់មេត្រីភាពបរិស្ថាន កាន់តែប្រសើរ។
 


ពិធីប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថាន នៅទីស្ដីការក្រសួងបរិស្ថាន។ រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

«អ្វីដែលកម្ពុជាចង់បាន គឺភូមិឋានស្អាត ការរស់នៅស្អាត សុខភាពល្អ សហគមន៍បវរ សង្គមរុងរឿង ដើម្បីឆ្ពោះទៅកម្ពុជាប្រកបដោយភាពរុងរឿង»។ នេះជាសម្ដីរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបន្ថែមថា វឌ្ឍនភាពនៃសង្គមកម្ពុជា ជាចំណែកនៃការចូលរួមរបស់ពលរដ្ឋគ្រប់រូប ទាំងវិស័យឯកជន សាធារណៈ និងមន្ត្រីគ្រប់លំដាប់នៃក្រសួងបរិស្ថាន ក្នុងការចូលរួមផ្លាស់ប្ដូរឥរិយាបថ ការគិតគូរ និងផ្នត់គំនិតចំពោះបរិស្ថាន។
 
ទន្ទឹមនឹងគ្នានេះ លោកស្រី Nancy J. Eslick នាយកបេសកកម្ម USAID ទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់យុវជនកម្ពុជា។ លោកស្រីបន្ថែមថា ជាង៦០ភាគរយនៃប្រជាជនកម្ពុជា ជាយុវជនដែលមានសក្ដានុពល សម្រាប់ប្រទេសជាតិ លើការចូលរួមក្នុងការអភិរក្ស និងកិច្ចគាំពារបរិស្ថាន។
  

លោកស្រី Nancy J.Eslick នាយកបេសកកម្ម USAID នាពិធីប្រគល់បណ្ណសរសើរបុគ្គលឆ្នើមមេត្រីភាពបរិស្ថាន។រូបភាពពី ទំព័រហ្វេសប៊ុកក្រសួងបរិស្ថាន។

ជាមួយគ្នានេះ USAID បានសហការជាមួយក្រសួងបរិស្ថាន ធ្វើយុទ្ធនាការផ្សព្វផ្សាយការផ្លាស់ប្ដូរឥរិយាបថសង្គម របស់គម្រោងអនាគតបៃតង ក្រោមប្រធានបទ «ការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមពីឈើប្រណិត» ផងដែរ៕
 

Tag:
 ThmeyThmey25
  បរិស្ថាន
  មេត្រីភាពបរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com