អន្តរជាតិ
ក្រសួង​ការពារជាតិ​អង់គ្លេស​៖ រុស្ស៊ី​ដាក់​គោលដៅ​វាយប្រហារជនស៊ីវិល​នៅ​អ៊ុយក្រែន
10, Apr 2022 , 7:29 pm        
រូបភាព
រូបភាព_៖ AFP
រូបភាព_៖ AFP
ក្រសួងការពារជាតិអង់គ្លេស​ នៅថ្ងៃទី៩ ខែមេសា ចោទប្រកាន់កងកម្លាំងរុស្ស៊ីថា បានកំណត់គោលដៅប្រហារលើជនស៊ីវិលនៅ​អ៊ុយក្រែន។ ការចោទប្រកាន់នេះបានកើតឡើង នៅមួយថ្ងៃបន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល លើស្ថានីយរថភ្លើងដែលប្រមូលផ្តុំដោយស្ត្រី កុមារ និងមនុស្សចាស់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២ នាក់។

 
 
ក្រសួងការពារជាតិអង់គ្លេស ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅថ្ងៃទី៩ ខែមេសា បានលើកឡើងថា រុស្ស៊ីកំពុងផ្តោតការយកចិត្តទុកដាក់លើការវាយលុកដោយប្រើប្រាស់មីស៊ីលប្រដេញ ដែលបាញ់ដោយកងកម្លាំងទ័ពជើងទឹក លើតំបន់ Donbas ដែលភាគខាងកើតអ៊ុយក្រែន ។
 
លើសពីនេះ ក្រសួងការពារជាតិអង់គ្លេសក៏រំពឹងថា រុស្ស៊ីនឹងបង្កើនការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងត្បូង និងខាងកើតអ៊ុយក្រែនក្រោយដកទ័ពចេញពីតំបន់ជិតទីក្រុងកៀវ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការបាញ់ផ្លោងបានកើនឡើងនៅក្នុងតំបន់ទាំងនេះក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលកងកម្លាំងរុស្ស៊ីកាន់តែច្រើនបានប្រមូលផ្ដុំ។ 
 
«អ្នកឈ្លានពាន បន្តរៀបចំការវាយលុកនៅភាគខាងកើតនៃប្រទេសរបស់យើង ដើម្បីគ្រប់គ្រងពេញលេញលើទឹកដីនៃតំបន់ដូណេត្យ និងលូហាន»។ សេនាធិការយោធាអ៊ុយក្រែនបាននិយាយបែបនេះ។ 
 
ក្រោយការវាយប្រហារថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានហៅការវាយប្រហារលើស្ថានីយ៍រថភ្លើងក្នុងទីក្រុង Kramatorsk ក្នុងតំបន់ដូណេត្យ ថាជាការវាយប្រហារដោយចេតនាលើជនស៊ីវិល។ បើតាមការប៉ាន់ប្រមាណរបស់អភិបាលក្រុង ពលរដ្ឋស៊ីវិលជាង ៤ ពាន់នាក់បានប្រមូលផ្តុំនៅទីនោះនៅពេលការវាយប្រហារ។ 
 
អាម៉េរិក សហភាពអឺរ៉ុប (EU) និងអង់គ្លេសបានថ្កោលទោសឧបទ្ទវហេតុដែលបានកើតឡើងនៅថ្ងៃដែលប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen បានធ្វើទស្សនកិច្ចនៅទីក្រុង កៀវ ដើម្បីបង្ហាញពីសាមគ្គីភាព និងពន្លឿនដំណើរការចូលជាសមាជិករបស់អ៊ុយក្រែន។
 
ការលុកលុយរយៈពេលជាងប្រាំមួយសប្តាហ៍របស់រុស្ស៊ី បានធ្វើឱ្យមនុស្សជាង ៤ លាននាក់ភៀសខ្លួនទៅក្រៅប្រទេស ខណៈមនុស្សជាច្រើនពាន់នាក់បានស្លាប់​ និងរបួស។​ លើសពីនេះ ប្រជាជនប្រមាណមួយភាគបួនបានបាត់បង់ផ្ទះសម្បែង និងទីក្រុងបានប្រែក្លាយទៅជាគំនរបាក់បែក៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com