អន្តរជាតិ
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក៖ អាម៉េរិក នឹងផ្គត់ផ្គង់អាវុធតាមដែលអ៊ុយក្រែនត្រូវការ
11, Apr 2022 , 11:28 am        
រូបភាព
យោធាអ៊ុយក្រែនទទួលមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផ្ដល់ដោយអាម៉េរិក។ រូបថត AFP
យោធាអ៊ុយក្រែនទទួលមីស៊ីលប្រឆាំងរថក្រោះ Javelin ដែលផ្ដល់ដោយអាម៉េរិក។ រូបថត AFP
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក ជេគ ស៊ូលីវ៉ាន់ នៅថ្ងៃទី១០ ខែមេសា លើកឡើងថា អាម៉េរិក ប្ដេជា្ញចិត្តផ្ដល់អាវុធដល់អ៊ុយក្រែនដែលចាំបាច់ក្នុងការប្រយុទ្ធនឹងកងទ័ពរុស្ស៊ី។ អ៊ុយក្រែន ដែលត្រូវមើលឃើញថា អាចទប់ជាប់ការរុលទៅមុខរបស់យោធារុស្ស៊ីនោះ ប្រកាសម្ដងហើយម្ដងទៀតឱ្យលោកខាងលិចផ្ដល់អាវុធបន្ថែមដល់ខ្លួន ពិសេសសព្វាវុធប្រើក្នុងការប្រយុទ្ធ។

 
«យើងនឹងផ្ដល់អាវុធដែលអ៊ុយក្រែនត្រូវការដើម្បីប្រយុទ្ធទ័ពរុស្ស៊ី កុំឱ្យកាន់កាប់ទីក្រុង ទីដែលពួកគេប្រព្រឹត្តអំពើឧក្រិដ្ឋ។» លោក ជេគ ស៊ូលីវ៉ាន់ ទីប្រឹក្សាសន្តិសុខប្រធានាធិបតីអាម៉េរិកនិយាយបែបនេះក្នុងប៉ុស្តិ៍ទូរទស្សន៍ ABC នៅថ្ងៃទី១០ ខែមេសា។ លោក ស៊ូលីវ៉ាន់ ចង់សំដៅការសម្លាប់រង្គាលនៅតំបន់ក្បែររដ្ឋធានីកៀវ ដែលអ៊ុយក្រែន និងលោកខាងលិចចោទថា រុស្ស៊ីជាអ្នកបង្ក។
 
ករណីសម្លាប់ជនស៊ីវិលនៅ Bucha ធ្វើឱ្យមូស្គូរងការថ្កោលទោសយ៉ាងខ្លាំង។ ប៉ុន្តែមូស្គូបានទាត់ចោលការចោទប្រកាន់ទាំងអម្បាលម៉ាន ហើយអះអាងថា រឿងរ៉ាវដែលកើតឡើង ជារឿងគ្មានមូលដ្ឋាន និងជាការៀបចំដើម្បីទម្លាក់កំហុស។
 
បើតាមលោក ស៊ូលីវ៉ាន់ អាម៉េរិក កំពុងធ្វើការញាប់ដៃញាប់ជើងក្នុងការដឹកអាវុធឱ្យអ៊ុយក្រែន ក៏ដូចជាសម្របសម្រួលការដឹកជញ្ជូនអាវុធរបស់ប្រទេសផ្សេងទៅកាន់អ៊ុយក្រែនផងដែរ។ 
 
បើតាមការប្រកាសកាលពីសប្ដាហ៍របស់សេតវិមាន អាម៉េរិកបានបញ្ជូនជំនួយយោធាតម្លៃ១,៧ពាន់លានដុល្លារហើយទៅអ៊ុយក្រែនតាំងពីរុស្ស៊ីឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈមក។ អាវុធដែលអាម៉េរិកបញ្ជូនទៅមានមីស៊ីលប្រឆាំងយន្តហោះ Stringer មីស៊ីលប្រឆាំងរថក្រោះ​ Javelin និងអាវុធផ្សេងៗជាច្រើនទៀត។
 
យ៉ាងណាមិញ ទីក្រុងកៀវ ចង់ឱ្យអាម៉េរិក និងលោកខាងលិចបញ្ជូនអាវុធធុនធ្ងន់បន្ថែមទៀត ជាជាងអាវុធដែលប្រើក្នុងគោលដៅការពារខ្លួន ស្របពេលអ៊ុយក្រែនត្រៀមតទល់ប្រតិបត្តិការយោធារុស្ស៊ីនៅភាគខាងកើតប្រទេសនោះ។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍អាម៉េរិក CBS ដែលចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា អ៊ុយក្រែនអាចទប់ទល់រុស្ស៊ីបានឬអត់ អាស្រ័យលើល្បឿននៃការផ្គត់ផ្គង់អាវុធ៕ 
 
 
 
 
 

Tag:
 អាម៉េរិក
 ​ អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com