អន្តរជាតិ
លោក ម៉ាក្រុង អាចផ្ដួលលោកស្រី ឡឺ ប៉ែន ដូច៥ឆ្នាំមុន?
11, Apr 2022 , 4:11 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង នឹងត្រូវការពារកៅអីប្រធានាធិបតីរបស់ខ្លួន ទល់នឹងគូប្រជែងស្រួចស្រាល ម៉ារីន ឡឺ ប៉ែន នៅជុំទី២ ថ្ងៃទី២៤ ខែមេសាខាងមុខ។ លោក ម៉ាក្រុង និងលោកស្រី ឡឺប៉ែន ជាបេក្ខជនដែលទទួលសំឡេងច្រើនជាងគេលំដាប់ទី១ និងទី២ ក្នុងការបោះឆ្នោតជុំទី១ ថ្ងៃទី១០ ខែមេសា ហើយមានសិទ្ធិបន្តទៅវគ្គចុងក្រោយ។ តើលោក ម៉ាក្រុង អាចផ្ដួលគូប្រជែងចាស់ដូច៥ឆ្នាំមុនដើម្បីរក្សាកៅអីប្រធានាធិបតីឬយ៉ាងណា?

 
ក្នុងដំណើរការពារកៅអីប្រធានាធិបតីសម្រាប់អាណត្តិទី២ លោក អេម៉ានុយអែល ម៉ាក្រុង ទទួលសំឡេងគាំទ្រ២៧,៦ភាគរយក្នុងការបោះឆ្នោតជុំទីមួយថ្ងៃទី១០ ខែមេសា។ លោក ម៉ាក្រុង នាំមុខបេក្ខជនស្ដាំនិយមជ្រុលលោកស្រី ម៉ារីន ឡឺ ប៉ែន ដែលទទួលបានសំឡេងប្រកៀកប្រកិត២៣,៤ភាគរយ។ បេក្ខជនទាំងពីរ នឹងត្រូវតទល់គ្នានៅជុំទីពីរថ្ងៃទី២៤ ខែមេសា ព្រោះមិនមានបេក្ខជនណាដែលអាចទទួលបានសំឡេងលើស៥០ភាគរយ។
 
៥ឆ្នាំមុន ក្នុងការបោះឆ្នោតជុំទី២​ លោក ម៉ាក្រុង ផ្ដួលលោកស្រី ឡឺ ប៉ែន ដោយគម្លាត៦៦,១០ភាគរយ ទល់នឹង៣៣,៩០ភាគរយ។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ គម្លាតដ៏ធំនេះមិនមានទៀតឡើយ។ ក្នុងការស្ទង់មតិ លោក ម៉ាក្រុង ដែលនៅតែឈរលេខរៀងទី១ មានសំឡេងគាំទ្រ៥១ភាគរយ ទល់នឹង៤៩ភាគរយរបស់លោកស្រី ឡឺ ប៉ែន ។​
 
«អ្វីៗមិនទាន់សម្រេចនៅឡើយទេ។» លោក ម៉ាក្រុង ថ្លែងទៅកាន់អ្នកគាំទ្របែបនេះ ជាមួយនឹងការអំពាវនាវឱ្យពួកគេបន្តគាំទ្រលោកដើម្បីទប់ស្កាត់ក្រុមស្ដាំនិយមជ្រុលឡើងដឹកនាំបារាំងដែលមានសេដ្ឋកិច្ចធំទី២ នៅប្លុកអឺរ៉ុប។ ប្រធានាធិបតីបារាំងរូបនេះ ក៏ស្នើឱ្យអ្នកគាំទ្រលោកស្រី ឡឺ ប៉ែន បោះឆ្នោតឱ្យលោកផងដែរ។
 
ចំណែកលោកស្រី ឡឺ ប៉ែន វិញ ប្រាប់អ្នកគាំទ្រថា លោកស្រីជាអ្នកគាំទ្រអ្នកទន់ខ្សោយ និងជាអ្នកបង្រួបបង្រួមប្រទេស។ លោកស្រីអះអាងថា លោកស្រីនឹងនាំយកសណ្ដាប់ធ្នាប់មកឱ្យបារាំងវិញ។
 
អំឡុងពេល២សប្ដាហ៍ទៅមុខ បេក្ខជនទាំងពីរ សុទ្ធតែប្ដេជ្ញាទាក់ទាញការគាំទ្រពីប្រជាជនបារាំងដើម្បីដឹកនាំប្រទេស ព្រោះការស្ទង់មតិបង្ហាញថា គម្លាតមិនមានធំឡើយរវាងអ្នកទាំងពីរ៕
 
  
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com