អន្តរជាតិ
អ្វីទៅជាតំបន់គ្មានការហោះហើរ ហើយធ្លាប់អនុវត្តនៅប្រទេសណាខ្លះ?
14, Apr 2022 , 10:19 am        
រូបភាព
ដោយ:
បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ប្រធានាធិបតីអ៊ុយក្រែនលោក​ វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចឱ្យសម្ព័ន្ធយោធាណាតូបង្កើតតំបន់គ្មានការហោះហើរ (No fly zone) នៅលើអ៊ុយក្រែន។ ប៉ុន្តែសំណើនេះត្រូវបានបដិសេធម្តងហើយម្តងទៀត។ អ្វីទៅជាតំបន់គ្មានការហោះហើរ?

 
តំបន់គ្មានការហោះហើរ មិនមែនជារឿងថ្មី។ ក្នុងន័យទូទៅ តំបន់គ្មានការហោះហើរសំដៅទៅលើតំបន់ដែនអាកាសដែលយន្តហោះមិនត្រូវបានអនុញ្ញាតឱ្យហោះហើរឆ្លងកាត់។ វាត្រូវបានបង្កើតឡើងដើម្បីការពារតំបន់រសើបដូចជា ព្រះរាជដំណាក់ អគាររដ្ឋាភិបាល កន្លែងសាសនា កន្លែងរៀបចំព្រឹត្តិការណ៍កីឡា ឬការជួបជុំធំផ្សេងៗ។ 
 
បើក្នុងន័យយោធាវិញ ការអនុវត្តតំបន់គ្មានការហោះហើរផ្តោតលើការហាមឃាត់កុំឱ្យយន្តហោះប្រតិបត្តិការនៅលើដែនអាកាសនៃតំបន់ ឬប្រទេសជាក់លាក់ណាមួយ។​ តំបន់គ្មានការហោះហើរជាធម្មតាបង្កើតឡើងដើម្បីការពារកុំឱ្យភាគីជម្លោះផ្សេងទៀតសម្រេចបានការត្រួតត្រាខាងលំហអាកាសនៅលើសមរភូមិ។ ម្យ៉ាង ការការពារជនស៊ីវិលដែលនៅពីក្រោមតំបន់ ឬប្រទេសកំណត់នោះ ជាគោលបំណងចម្បងនៃការបង្កើតតំបន់គ្មានការហោះហើរនេះ។ 
 
វិធានការដើម្បីអនុវត្តតំបន់គ្មានការហោះហើរមានដូចជា ការពង្រាយយន្តហោះដើម្បីត្រួតពិនិត្យដែនអាកាស និងយន្តហោះចម្បាំងដើម្បីប្រដេញយន្តហោះដែលបំពាន ព្រមទាំងអាចនឹងឈានដល់ការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស ឬបាញ់ទម្លាក់យន្តហោះទាំងនោះថែមទៀត ក្នុងករណីចាំបាច់។ ប្រទេសដែលប្រកាសបង្កើតតំបន់គ្មានការហោះហើរនេះ ត្រូវគ្រប់គ្រងទាំងស្រុងដែនអាកាសដែលបានកំណត់ (air supremacy) ដើម្បីត្រៀមវាយប្រហារកងកម្លាំងសត្រូវណាដែលឈ្លានពានចូលទៀតផង។

តើប្រទេសណាខ្លះអាចបង្កើតតំបន់គ្មានការហោះហើរបាន?​
 
ទាក់ទិននឹងរឿងនេះ កន្លងមក ការបង្កើតតំបន់គ្មានការហោះហើរនេះ មានតែប្រទេសមហាអំណាចធំៗប៉ុណ្ណោះដែលអាចអនុវត្តលើទឹកដីអធិបតេយ្យភាពរបស់ប្រទេសផ្សេងបាន តាមរយៈការរួមគ្នារបស់ប្រទេសមហាអំណាចធំៗមួយចំនួននោះដោយផ្ទាល់ ឬតាមរយៈក្រុមប្រទេសគួបផ្សំជាមួយរដ្ឋសមាជិកណាមួយនៃសមាជិកអចិន្ត្រៃយ៍ទាំង៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ 
 
តើតំបន់គ្មានការហោះហើរធ្លាប់បានអនុវត្តលើប្រទេសណាខ្លះ?
 
ការបង្កើតតំបន់គ្មានការហោះហើរត្រូវបានលេចឡើងនៅឆ្នាំ១៩៩១ បន្ទាប់ពីសង្រ្គាមឈូងសមុទ្រពែក្ស បានផ្ទុះឡើង។ នៅក្នុងអំឡុងឆ្នាំ ១៩៩១ ដល់ឆ្នាំ ២០០៣ អាម៉េរិក អង់គ្លេស និងបារាំងបានបង្កើតតំបន់គ្មានការហោះហើរចំនួន២នៅអ៊ីរ៉ាក់ ដើម្បីការពារជនស៊ីវិលឃើដនៅភាគខាងជើង និងជនជាតិ Shia នៅភាគខាងត្បូងពីការវាយប្រហារដោយរដ្ឋាភិបាល សាដាម ហ៊ូសេន។ នៅពេលតំបន់គ្មានការហោះហើរត្រូវបានអនុវត្ត កងកម្លាំងរបស់សម្ព័ន្ធមិត្តអាម៉េរិកបានបាញ់មីស៊ីលពីដីទម្លាក់យន្តហោះ ឬមីស៊ីលនៅលើអាកាស ព្រមទាំងវាយប្រហារប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ាក់ និងប្រយុទ្ធតាមអាកាសប្រឆាំងយន្តហោះអ៊ីរ៉ាក់ថែមទៀត។
 
លើសពីនេះ អំឡុងសង្រ្គាមបូស្ន៊ី សម្ព័ន្ធយោធាណាតូបានអនុវត្តតំបន់គ្មានការហោះហើរលើបូស្ន៊ីពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៥ ដើម្បីប្រឆាំងការប្រព្រឹត្តអំពើឃោរឃៅមកលើជនស៊ីវិល។ ចំណែក ក្នុងឆ្នាំ ២០១១ កងកម្លាំងសម្ព័ន្ធយោធាណាតូក៏បានអនុម័តតំបន់គ្មានការហោះហើរនៅលីប៊ី អំឡុងសង្រ្គាមស៊ីវិលផងដែរ។ គួរបញ្ជាក់ថា តំបន់គ្មានការហោះហើរទាំងនៅលីប៊ី និងបូស្ន៊ី ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
 
 
 
 
 
 
 

Tag:
 អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com