កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand ៖ ១០ឆ្នាំនេះ មានតែកីឡាករម្នាក់គត់ ដែល Man Utd ទិញយកហើយ ជួយក្លិបឱ្យប្រសើរ
13, Apr 2022 , 4:39 pm        
រូបភាព
អតីតខ្សែការពារ Rio Ferdinand របស់ក្លិប Manchester United នាថ្ងៃទី១១ ខែមេសា បានរិះគន់ទៅអតីតក្លិប ជុំវិញការទិញកីឡាករ។ អតីតខ្សែការពារអង់គ្លេសរូបនេះ បានសង្កត់ធ្ងន់ថា រយៈពេល១០ឆ្នាំនេះ កីឡាករដែល Man Utd បានចុះកិច្ចសន្យាទិញមកទឹកដី Old Trafford នោះ មានតែកីឡាករមួយរូបប៉ុណ្ណោះ ដែលជួយឱ្យក្លិបល្អប្រសើរឡើង គឺ Bruno Fernandes ។


 
អ្នកវិភាគបាល់ទាត់ជាច្រើន មើលឃើញថា ក្លិប Man Utd ត្រូវការពង្រឹងក្រុមបន្ថែមទៀត ក្រោយប្រឈមមុខធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅរដូវកាលខាងមុខ បន្ទាប់ពីប្រកួតចាញ់ Everton កាលពីថ្ងៃទី៩ ខែមេសា។ Manchester United ឈរលេខ៧ ក្រោម Tottenham Hot Spurs ដែលឈរលេខ៤ ដែលមានគម្លាតខុសគ្នា ៦ពិន្ទុ។
 
អតីតខ្សែការពារបិសាចក្រហម Rio Ferdinand បាននិយាយថា ទោះបី Man Utd កំពុងសម្លឹងមើលលោក Erik Ten Hag គ្រូបង្វឹកក្រុម Ajax Amsterdam នាពេលបច្ចុប្បន្ន មកជួយផ្លាស់ប្តូរជោគវាសនាក្លិប ក៏ទំនងជាមិនអាចជួយអ្វីបានឡើយ សម្រាប់ការប្រជែងពានជាថ្មី។


 
បើតាមអតីតខ្សែការពារអង់គ្លេស វ័យ៤៣ឆ្នាំរូបនេះ បញ្ហាក្រុមបិសាចក្រហមទាំងមូល ដោយសាររចនាសម្ព័ន្ធផ្ទៃក្នុងក្លិប។ ក្រៅពីនេះ គឺបញ្ហាកីឡាករលើទីលានប្រកួតតែម្ដង។ ត្រង់ចំណុចនេះ Ferdinand ក៏បានរិះគន់ខ្លាំងចំពោះការនាំយកកីឡាករចូលរួមក្លិបដែរថា ១០ឆ្នាំចុងក្រោយនេះ មានតែ Bruno Fernandes ម្នាក់ប៉ុណ្ណោះ ដែល Man Utd បានចុះកិច្ចសន្យាមកហើយ ជួយឱ្យក្លិបមានភាពប្រសើរឡើង ។
 
«ខ្ញុំមានអារម្មណ៍ថា Man United គួរតែស្វែងរកបុគ្គលិក ដែលត្រឹមត្រូវហើយពិតប្រាកដ ហើយគួរតែស្វែងរកវប្បធម៍របស់ក្រុម ឱ្យបានត្រឹមត្រូវមកវិញ និងការស្វែងរកកីឡាករឱ្យត្រឹមត្រូវដូចគ្នា។ ក្នុងរយៈពេល១០ឆ្នាំមកនេះ មានតែ Fernandes តែម្នាក់ដែលជួយឱ្យក្រុមមានភាពប្រសើរឡើង ខ្ញុំអាចនិយាយបានថាស្ទើតែ១០០ភាគរយ»។ នេះជាការលើកឡើងរបស់ Ferdinand ក្នុងកម្មវិធី Vibe with Five Youtube Show។
 
ចំពោះការប្រកួតដែល Man Utd ចាញ់ក្រុម Everton នោះ អតីតខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយថា ក្រុមបិសាចក្រហមលេង ដូចមិនសូវបង្កើតឱកាស ក្នុងការស្វែងរកគ្រាប់បាល់នៅតំបន់គ្រោះថ្នាក់របស់គូប្រកួតឡើយ៕



Tag:
 Rio Ferdinand
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com