COVID-19
អន្តរជាតិ
ថៃ និងមីយ៉ាន់ម៉ា ប្រារព្ធពិធីចូលឆ្នាំថ្មី តែឡាវលុបចោលព្រោះបារម្ភជំងឺកូវីដ-១៩
13, Apr 2022 , 8:19 pm        
រូបភាព
ក្នុងតំបន់អាស៊ីគ្នេយ៍ ជារៀងរាល់ឆ្នាំប្រទេសចំនួនបីតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី នៅខែមេសាស្រដៀងនឹងកម្ពុជាដែរក្នុងនោះរួមមានថៃ មីយ៉ាន់ម៉ា និងឡាវ។ តាំងពីជំងឺកូវីដ-១៩ បានផ្ទុះឡើងនៅដើមឆ្នាំ២០២០ មក ប្រទេសទាំងនោះបានលុបចោលការប្រារព្ធពិធីបុណ្យចូលឆ្នាំហើយរដ្ឋាភិបាលបានចាត់វិធានការរឹតត្បិតផ្សេងៗរួមមានការមិនអនុញ្ញាតឱ្យផ្ដុំគ្នានៅទីសារធារណៈជាដើម។ ក្នុងឆ្នាំ២០២២ ស្ថានការណ៍ជំងឺកូវីដ-១៩ ក៏មិនថមថយប៉ុន្មានដែរ។

 
តើប្រទេសណាខ្លះអនុញ្ញាតឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំ?
 
ថៃ

រដ្ឋាភិបាលថៃ បានប្រកាសឱ្យមានការប្រារព្ធពីពិធីបុណ្យចូលឆ្នាំថ្មីដែលហៅថាសង្រ្កាន្តសម្រាប់ឆ្នាំ២០២២នេះ។ ក្រសួងសុខាភិបាលថៃបានទទូចឱ្យប្រជាជនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន២ទៅ៣ដូស ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញបន្ថែមទៀតមុនពេលធ្វើដំណើរក្នុងពិធីចូលឆ្នាំនេះ។ ប្រជាជានអាចលេងជះទឹកបានតែអាចលេងបានតែក្នុងកន្លែងប្រារព្ធពិធីតូចៗណាមួយ និងមិនអនុញ្ញាតឱ្យលេងនៅកន្លែងសាធារណៈនោះឡើយ។ 
 
ការជួបជុំគ្នា និងការប្រគុំតន្ត្រីត្រូវបានអនុញ្ញាតឱ្យធ្វើសម្រាប់អ្នកចូលរួមចំនួន១ពាន់នាក់ ខណៈការលក់គ្រឿងស្រវឹងនៅទីនោះត្រូវបានហាមឃាត់។ ចំពោះភោជនីយដ្ឋាន និងរង្គសាលអាចបម្រើស្រារហូតដល់ម៉ោង១១យប់។ ការលក់ និងផឹកគ្រឿងស្រវឹងត្រូវបានអនុញ្ញាតតែនៅទីតាំងទាំងនេះប៉ុណ្ណោះ។ ការពាក់ម៉ាស និងការរក្សាគម្លាត នៅតែត្រូវអនុវត្តដដែល។
 
មីយ៉ាន់ម៉ា

ទោះបីជាមានអំពើហិង្សាក្នុងប្រទេសក្ដី របបយោធាមីយ៉ាន់ម៉ាបាន ប្រកាសឱ្យធ្វើពិធីបុណ្យចូលឆ្នាំថ្មីឡើងវិញជាមួយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩មួយចំនួន។ ការរៀបចំនេះ ត្រូវបានមើលឃើញថាជាការព្យាយាមរបស់របបយោធាក្នុងការបង្ហាញប្រជាជន និងពិភពលោកឱ្យឃើញពីស្ថិរភាពក្នុងប្រទេស។ 
 
ក្នុងពិធីបុណ្យចូលឆ្នាំមីយ៉ាន់ដែលហៅថា Thingyan របបមីយ៉ាន់ម៉ាគ្រោងនឹងធ្វើឡើងនៅតាមទីក្រុង និងតំបន់ធំៗរួមមានរដ្ឋធានីណៃពិដោ ទីក្រុងយ៉ាំងហ្គោន ទីក្រុងម៉ានដាលេ និងទីក្រុងធំៗមួយចំនួនទៀត។ រដ្ឋាភិបាលបានបញ្ជាក់ថា ប្រជាជន ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងច្បាប់ និងបទបញ្ជារបស់ក្រសួងសុខាភិបាលតែមិនបានបញ្ជាក់ច្បាស់ថាមានអ្វីខ្លះនោះឡើយ។
 
ឡាវ 

ខុសពីថៃ និងមីយ៉ាន់ម៉ា រដ្ឋាភិបាលឡាវមិនបានអនុញ្ញឱ្យមានការប្រារព្ធពិធីចូលឆ្នាំនោះទេ ខណៈដែលករណីធ្លងជំងឺកូវីដ-១៩ហក់ឡើងខ្ពស់ជាបន្តបន្ទាប់។ អាជ្ញាធរបានហាមប្រាមរាល់ការជួបជុំប្រារព្ធពិធីបុណ្យចូលឆ្នាំឡាវចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែមេសា។ រដ្ឋាភិបាលក៏ទទូចឱ្យប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ និងគោរពច្បាប់រក្សាគម្លាតសង្គមពេលនៅទីសាធារណផងដែរ៕
 

Tag:
 ថៃ
  មីយ៉ាន់ម៉ា
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com