សុខភាព
អន្តរជាតិ
ហេតុអ្វីត្រូវមានច្បាប់បរិច្ចាគ និងប្តូរសរីរាង្គកាយមនុស្ស?
15, Apr 2022 , 10:00 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ការបរិច្ចាគ និងការប្តូរសរីរាង្គកាយ គឺការយកសរីរាង្គមួយចេញពីមនុស្សម្នាក់ ហើយវះកាត់ដាក់​ក្នុងរាងកាយមនុស្សម្នាក់ទៀត ដែលសរីរាង្គរបស់គេត្រូវបានបំផ្លាញដោយជំងឺ។ ការបង្កើតច្បាប់​បរិច្ចាគ និងប្តូរសរីរាង្គ មានគោលបំណងលើកកម្ពស់គុណ​ភាព និងប្រសិទ្ធភាព ​ជួយ​សង្គ្រោះជីវិតមនុស្ស និងបង្ការ ការជួញដូរសរីរាង្គមនុស្សខុសច្បាប់ ដែល​អាចបង្កអសន្តិ​សុខសង្គម។

 
ជាទូទៅ ការបរិច្ចាគ និងប្ដូរសរីរាង្គ កើតឡើងនៅពេលសរីរាង្គរបស់អ្នកជំងឺម្នាក់មានបញ្ហាធ្ងន់​ធ្ងររហូតដល់ថ្នាក់លែងប្រើប្រាស់បានទើបត្រូវយកសរីរាង្គថ្មីមកជំនួស។ វាជាវិធីសាស្ត្រដ៏ជឿន​លឿនមួយនៅក្នុងវិស័យសុខាភិបាលនាពេលបច្ចុប្បន្ន។ ភាគច្រើនសរីរាង្គដែលអាចបរិច្ចាគ​បានរួមមាន តម្រងនោមថ្លើម លំពែង បេះដូង សួត និងសរីរាង្គជាច្រើន​ទៀត។
 
អង្គការបរិច្ចាគសរីរាង្គកាយ បានបង្ហាញទិន្នន័យចុងក្រោយនៅឆ្នាំ២០២១ ថា វាមានដំណើរ​ការផ្លាស់ប្តូរសរីរាង្គជាង ៤ម៉ឺនករណីឯណោះ នៅទូទាំងពិភពលោក។ តម្រូវការ ​សរីរាង្គ ត្រូវបានគេមើលឃើញថាមានចំនួនច្រើនជាង លទ្ធភាពផ្តល់ឱ្យ។ ដូច្នេះ វាបាន​ធ្វើឱ្យដំណើរការបរិច្ចាគ និងប្ដូរសរីរាង្គមានតម្លៃខ្ពស់។ ការណ៍នេះ ក៏បានជំរុញឱ្យមានសកម្ម​ភាពជួញដូរសរីរាង្គខុស​ច្បាប់ក្នុងសង្គម។
 
ហេតុនេះ ការអនុម័តច្បាប់បរិច្ចាគ និងប្តូរសរីរាង្គរាងកាយ គឺចាំបាច់ណាស់ដើម្បីលើកកម្ពស់​គុណ​ភាព និងប្រសិទ្ធភាព​ក្នុងការជួយ​សង្គ្រោះជីវិតមនុស្ស និងជួយការពារការជួញដូរសរីរាង្គ​មនុស្សខុសច្បាប់ ដែល​អាចបង្ក​អសន្តិសុខសង្គម។
 
ជាក់ស្ដែង ហ្វីលីពីនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនទៀត ទាំងនៅអឺរ៉ុប និង​អាស៊ី ដែលបានអនុម័តឱ្យមានការបរិច្ចាគនិងប្ដូរសរីរាង្គដោយស្របច្បាប់។ ច្បាប់បរិច្ចាគ​សរីរាង្គរបស់ហ្វីលីពីន អនុម័តនៅឆ្នាំ ១៩៩១ ដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចបរិច្ចាគផ្នែក​ទាំងអស់ ឬផ្នែកណាមួយនៃរាងកាយរបស់ពួកគេ ស្របតាមឆន្ទៈខ្លួនឯងពេលនៅរស់ ឬក្រោយ​ពេលស្លាប់។ 
 
រីឯនៅឥណ្ឌាវិញ ច្បាប់នៃការប្តូរសរីរាង្គមនុស្ស (THOA) ត្រូវបានអនុម័តឱ្យប្រើប្រាស់ក្នុងឆ្នាំ​១៩៩៤ ដើម្បីសម្រួលដល់ការបរិច្ចាគសរីរាង្គ និងការផ្លាស់ប្តូរសរីរាង្គ។ នៅក្រោមក្របខ័ណ្ឌ​ច្បាប់របស់ឥណ្ឌា អ្នកមានសិទ្ធិផ្ដល់សរីរាង្គអាចជា សាច់ញាតិជិតស្និទ្ធ (ម្តាយ ឪពុក កូន បងប្អូន ប្តីឬប្រពន្ធ)។ អ្នកដទៃមិនមែនញាតិ ក៏អាចបរិច្ចាគបាន ក្រោមហេតុផលការស្រលាញ់​ចូលចិត្ត​ និង​ការ​មានទំនាក់ទំនងពិសេស ឬ​ដោយ​ហេតុផល​ពិសេស​ផ្សេង​ទៀត ហើយ​​ត្រូវការ​ការ​យល់​ព្រម​ពី​គណៈកម្មាធិការ​ទទួលបន្ទុកប្តូរសរីរាង្គ។
 
បន្ថែមពីនេះ បុគ្គលដែលបានស្លាប់ ជាពិសេសបន្ទាប់ពីខួរក្បាលបានស្លាប់ ក៏អាចបរិច្ចាគសរីរាង្គបានដែរ។ ជាឧទាហរណ៍ ជនរង​គ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលខួរក្បាលបានស្លាប់ និងមិនអាចដកដង្ហើម​បានដោយខ្លួនឯង ប៉ុន្តែអាចរក្សាបានតាមរយៈបំពង់ខ្យល់ អុកស៊ីសែនជាដើម ដើម្បីរក្សាចង្វាក់​បេះដូង និងសរីរាង្គផ្សេងទៀតឱ្យដំណើរការ និងបំពេញតួនាទី។ 
 
គួរបញ្ជាក់ថា ការមានច្បាប់បរិច្ចាគ និងប្តូរសរីរាង្គរាងកាយ គឺមានអត្ថប្រយោជន៍ក្នុងវិស័យ​សុខាភិបាល និងកាត់បន្ថយទង្វើជួញដូរខុសច្បាប់ពិតមែន តែមិនមែនគ្រប់ជាតិសាសន៍​ទាំងអស់​យល់ព្រមអនុម័តច្បាប់នេះឡើយ។ បញ្ហាសាសនា និងវប្បធម៍បានជះឥទ្ធិពលលើ​ច្បាប់បរិច្ចាគ និងប្តូរសរីរាង្គរាងដែលធ្វើឱ្យប្រទេសខ្លះមិនអនុញ្ញាតឱ្យមានការបរិច្ចាគសរីរាង្គ​ឡើយ។ 
 
ការបរិច្ចាគ និងប្ដូរសរីរាង្គពីមនុស្សដែលបានស្លាប់ទៅឱ្យអ្នកជំងឺ មិនត្រូវបានគាំទ្រពីសំណាក់​ជនជាតិដើមអាម៉េរិក ក្រុមជនជាតិភាគតិចរ៉ូម៉ា អ្នកកាន់លទ្ធិខុងជឺ អ្នកកាន់សាសនាដើមជប៉ុន (Shinto) និងអ្នកប្រាជ្ញ សាស្ត្រាចារ្យជនជាតិជ្វីពជាដើម។ ចំណែកអ្នកប្រាជ្ញមូស្លីមនៅអាស៊ី​ខាងត្បូងមួយចំនួន និង អ្នកច្បាប់របស់សាសនាមូស្លីមបានប្រឆាំងនឹងការបរិច្ចាគសរីរាង្គ ដោយសារ​ពួកគេជឿថា រូបកាយមនុស្ស គឺជាសេចក្តីទុកចិត្តពីព្រះ។ ដូចនេះវាមិនត្រូវរងការ​ប្រមាថដោយ​ការវះកាត់ បំបែកសរីរាង្គបន្ទាប់ពីការស្លាប់ទេ។ ផ្ទុយទៅវិញ ពួកគេលើកទឹកចិត្ត​ឱ្យមានការ​ស្រាវជ្រាវអំពីការយកសរីរាង្គពីសត្វមកប្ដូរជំនួសវិញ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com