ជាតិ
ចូលឆ្នាំ! ភ្ញៀវទេសចរសម្រុកកក់ទៅកម្សាន្តតាមកោះក្នុងខេត្តព្រះសីហនុ
13, Apr 2022 , 7:59 pm        
រូបភាព
រូបភាព​ពី​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​
រូបភាព​ពី​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​
ដោយ:
ភ្ញៀវទេសចរជាតិ-អន្តរជាតិ នាំគ្នាសម្រុកទៅលេងតាមកោះក្នុងខេត្តព្រះសីហនុ។ បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កន្លែងស្នាក់នៅតាមកោះទាំងអស់ក្នុងខេត្តព្រះសីហនុត្រូវបានទេសចរកក់ពេញ សម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ។


 
សន្ទុះភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុនឹងអាចកើនឡើងខ្លាំង ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងស្នាក់នៅក្នុងខេត្តត្រូវបានទេសចរកក់ស្ទើរពេញ មុនប្រហែល២សប្តាហ៍ឯណោះ។ ចំណែកការដើរកម្សាន្តតាមកោះ ក៏មានសន្ទុះខ្លាំងណាស់ដែរ ។
 
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ​ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទថា ទេសចរនឹងទៅកម្សាន្តនៅខេត្តព្រះសីហនុច្រើនសម្រាប់ពិធីបុណ្យចូលឆ្នាំ ដោយទេសចរមានចំនួនធំនឹងទៅកម្សាន្តតាមកោះ។ លោក ឡុង ឌីម៉ង់ បញ្ជាក់ដូច្នេះ៖ « ផ្ទះសំណាក់ សណ្ឋាគារក្នុងក្រុង ភ្ញៀវកក់ស្ទើរពេញហើយ បើនិយាយតាមកោះវិញភ្ញៀវទេសចរកក់ពេញទាំងអស់ » ។
 
ខេត្តព្រះសីហនុមាន សក្តានុពលទេសចរខ្លាំង ដូចជាឆ្នេរខ្សាច់ប្រវែងវែង ផ្កាថ្មនៅបាតសមុទ្រ ជាពិសេសសក្តានុពលកោះ។ ខេត្តនេះមានកោះរហូតដល់ ៣២ ដែលទេសចរអាចជិះទូកលេង មុជទឹកមើលផ្កាថ្ម និងស្នាក់នៅលើកោះបែបប្រណីតមួយចំនួន។
 
ដោយឡែក ក្រៅពីទៅកម្សាន្តតាមកោះ ទេសចរជាតិក៏មានការចាប់អារម្មណ៍ខ្លាំងលើរូបសំណាកព្រះថោងនាងនាគ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ ទេសចរបានចូលទស្សនានឹងថតរូបកម្សាន្តនៅរង្វង់មូលព្រះថោង នាងនាគ។ បើតាមលោក ឡុង ឌីម៉ង់ រូបសំណាកព្រះថោងនាងនាគ ត្រូវបានតំឡើងរួចរាល់ ១០០ភាគរយហើយ ដែលនឹងគ្រោងដាក់សម្ពោធនៅថ្ងៃទី១៦មេសា ត្រូវនឹងថ្ងៃចូលឆ្នាំទីបី​៕
 

Tag:
 ចូលឆ្នាំ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com