កីឡាអន្តរជាតិ
អន្តរជាតិ
Blatter, Platini អតីតមេ FIFA និង UEFA ប្រឈមជាប់ទោសថែមទៀត ក្នុងរឿងក្តីពុករលួយបាល់ទាត់
13, Apr 2022 , 10:59 pm        
រូបភាព
អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Sepp Blatter និងលោក Michel Platini អតីតប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) នឹងឡើងសវនាការនៅខែមិថុនាខាងមុខ ជុំវិញក្តីក្តាំពុករលួយ។​ តុលាការស្វីសចោទលោក Blatter សូកប៉ាន់លោក Platini ជាទឹកប្រាក់ ២លានដុល្លារ អំឡុងអ្នកទាំងពីរនៅកាន់តំណែង។


 
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋអាជ្ញាប្រទេសស្វីសបានចោទលោក Blatter ថា បានរៀបចំការបង់ប្រាក់មិនត្រឹមត្រូវទៅឱ្យលោក Platini នៅឆ្នាំ២០១១ សម្រាប់ការងារពិគ្រោះយោបល់ ដែលលោកជាប្រធានក្រុមជម្រើសជាតិបារាំងឱ្យទទួលជ័យជម្នះជើងឯកអឺរ៉ុប Euro ឆ្នាំ ១៩៨៤។ 
 
ទាំងលោក Blatter និង Platini បានបដិសេធម្តងហើយម្តងទៀតក្នុងបទចោទរឿងអតីតកាលនេះ ដែលរដ្ឋអាជ្ញាស្វីសបានចោទពួកគេកាលពីខែវិច្ឆិកាឆ្នាំ២០២១។ អ្នកទាំងពីរអះអាងថា ការបង់ប្រាក់ខាងលើសម្រាប់ប្រាក់ខែដែលបានចុះកាលបរិច្ឆេទច្បាស់លាស់ហើយ។
 
អ្នកទាំងពីរត្រូវចូលសវនាការកាត់ក្តីនៅចំពោះមុខតុលាការឧក្រិដ្ឋកម្មសហព័ន្ធស្វីស ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៨ ខែមិថុនា និងមានរយៈពេលរហូតដល់ថ្ងៃទី២២ ខែមិថុនា។ តុលាការស្វីសបានបង្ហោះលើវេបសាយផ្លូវការររបស់ខ្លួនដូច្នេះ។
 
លោក Blatter និង Platini ត្រូវបានសង្ស័យក្លែងបន្លំ និងការចោទប្រកាន់ច្រើនករណីរួចមកហើយស្ទើរកក្រើកស្ថាប័ន FIFA និង UEFA អំពីរឿងអាស្រូវពុករលួយក្នុងបាល់ទាត់។
 
ដោយសារបញ្ហាពុករលួយ លោក Blatter បុរសសញ្ជាតិស្វីស វ័យ៨៦ឆ្នាំដែលបានដឹកនាំ FIFA រយៈពេល១៧ឆ្នាំ បានលាលែងពីតំណែងប្រធានបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៥ មុនលោក Platini វ័យ៦៦ឆ្នាំ ដែលចុះពីតំណែងប្រធាន UEFA ឆ្នាំ ២០១៦។ អ្នកទាំងពីរត្រូវហាមក្នុងសកម្មភាពបាល់ទាត់៦ឆ្នាំ ជុំវិញការបំពានក្រមសីលធម៌ក្នុងវិស័យបាល់ទាត់៕
 

Tag:
 Sepp Blatter
  Michel Platini
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com