អន្តរជាតិ
លោក បៃឌិន ប្រកាសកញ្ចប់ជំនួយយោធាទំហំ៨០០លានដុល្លារឱ្យអ៊ុយក្រែន
14, Apr 2022 , 2:39 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក​ ចូ បៃឌិន នៅថ្ងៃទី១៣ ខែមេសា បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាទំហំ៨០០លានដុល្លារបន្ថែមទៀតឱ្យអ៊ុយក្រែន ដើម្បីពង្រឹងសមត្ថភាពយោធាអ៊ុយក្រែនមុនរុស្ស៊ីធ្វើប្រតិបត្តិការនៅភាគកើត។ ក្នុងកញ្ចប់ជំនួយថ្មីនេះ អាម៉េរិកក៏សម្រេចបញ្ចូលកាំភ្លើងធំផងដែរ។

 
បូកបញ្ចូលកញ្ចប់ជំនួយ៨០០លានដុល្លារចុងក្រោយ ជំនួយដែលអាម៉េរិកផ្ដល់ឱ្យអ៊ុយក្រែនមានជាង២,៥ពាន់លានដុល្លារហើយចាប់តាំងពីរុស្ស៊ីឈ្លានពាននៅថ្ងៃទី២៤ ខែកុម្ភៈមក។ លោក ចូ បៃឌិន ប្រកាសកញ្ចប់ជំនួយយោធានេះ ក្រោយជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៣ ខែមេសា។
 
«យើងមិនអាចសម្រាកបានទេ។ ដូចដែលខ្ញុំធានាទៅកាន់លោក ហ្សេលេនស្គី ប្រជាជនអាម៉េរិកនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនដ៏ក្លាហានក្នុងការប្រយុទ្ធដើម្បីសេរីភាព។» លោក បៃឌិន បញ្ជាក់បែបនេះក្នុងសេចក្ដីប្រកាសផ្ដល់ជំនួយ។
 
ក្នុងកញ្ចប់ជំនួយនេះ អាម៉េរិក ផ្ដល់ឧទ្ធម្ភាគចក្រ Mi-17 ១១គ្រឿង ខណៈឧទ្ធម្ភាគចក្រនេះ គ្រោងផ្ទេរឱ្យរដ្ឋាភិបាលអាហ្វហ្កានីស្ថានចាស់។ ក្រុងវ៉ាស៊ីនតោន ក៏ផ្ដល់កាំភ្លើងធំ១៥៥មីលីម៉ែត្រចំនួន១៨គ្រឿងជាមួយគ្រាប់៤ម៉ឺនគ្រាប់ និងរ៉ាដាប្រឆាំងកាំភ្លើងធំ រថពាសដែកដឹកយោធា២០០គ្រឿង និងដ្រូន៣០០គ្រឿង។ នេះជាលើកដំបូងដែលអាម៉េរិកផ្ដល់កាំភ្លើងធំប្រភេទនេះឱ្យអ៊ុយក្រែន។ ក្រសួងការពារជាតិអាម៉េរិកអះអាងថា ខ្លួននឹងហ្វឹកហាត់យោធាអ៊ុយក្រែនឱ្យចេះប្រើយុទ្ធោបករណ៍អាម៉េរិកផងដែរ។
 
អាវុធសម្រាប់ប្រយុទ្ធបែបនេះ ជាអ្វីដែលលោក ហ្សេលេនស្គី អំពាវនាវចង់បានឥតឈប់ឈរដើម្បីទប់ទល់ការរុលទៅមុខរបស់កងទ័ពរុស្ស៊ី ដែលដកថយពីការឡោមព័ទ្ធរដ្ឋធានីកៀវ។ ខណៈដែលយោធារុស្ស៊ីប្ដូរគោលដៅទៅភាគខាងកើត ទីក្រុងកៀវ រឹតតែងចង់បានអាវុធធុនធ្ងន់បន្ថែមទៀត សំដៅត្រៀមខ្លួនការពារការវាយលុករបស់កងទ័ពរុស្ស៊ី៕
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com